ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​ផលិតផល​នាំ​ចេញ​-​នាំ​ចូល និង​ខេត្ត​១​ផលិតផល​១ ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិព័រណ៍​ផលិតផល​នាំ​ចេញ​-​នាំ​ចូល និង​ខេត្ត​មួយ ផលិតផល​មួយ​កម្ពុជា ជា​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​កម្រិត​អន្តរជាតិ​ដ៏​សំខាន់​របស់​កម្ពុជា បង្កើត​ឡើង …

រាជធានី​ភ្នំពេញ ៖ ពិព័រណ៍​ផលិតផល​នាំ​ចេញ​-​នាំ​ចូល និង​ខេត្ត​មួយ ផលិតផល​មួយ​កម្ពុជា ជា​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​កម្រិត​អន្តរជាតិ​ដ៏​សំខាន់​របស់​កម្ពុជា បង្កើត​ឡើង​ក្នុង​គោលបំណង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម បង្កើត​ឱកាស​ទីផ្សារ បង្ហាញ​ពី​បរិយាកាស​ធុរកិច្ច​និង​សក្ដានុពល​វិនិយោគ​ល្អ​ប្រសើរ ព្រមទាំង​បង្ហាញ​ពី​គោលនយោបាយ​គាំពារ​វិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ពិព័រណ៍​ផលិតផល​នាំ​ចេញ​-​នាំ​ចូល ខេត្ត​មួយ ផលិតផល​មួយ​កម្ពុជា លើក​ទី​១១ កាលពី​ថ្ងៃ​ទី​១៥ ធ្នូ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ពេល​នេះ អ្នក​ប្រើប្រាស់​នឹង​បាន​ស្គាល់ និង​គាំទ្រ​ទំនិញ​ក្នុងស្រុក ក៏​ដូច​ជា​ទំនិញ​នាំ​ចូល​ដែល​មានគុណ​ភាព ។ ការ​ដាក់​តាំង​បង្ហាញ​ទំនិញ​នាំ​ចេញ​-​នាំ​ចូល និង​ទំនិញ​សក្ដានុពល​ដ៏​សម្បូរ​បែប​ដែល​យក​មក​ពី​បណ្ដា​ខេត្ត​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ដ៏​សំខាន់​នេះ បាន​រៀបចំ​នូវ​ជំនួប​ពាណិជ្ជកម្ម​, វេទិកា​វិនិយោគ​, សិក្ខាសាលា​, ពិធី​ចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ​នានា ដែល​ជា​ឱកាស​មាស​សម្រាប់​ពាណិជ្ជករ និង​វិនិយោគិន​អាច​ស្វែងរក​ដៃគូ​សម​ស្រប​ដើម្បី​ដាក់​ទុន​វិនិយោគ​រួម​គ្នា ។

លោក​លើក​ឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ជា​មធ្យម​៧%​ក្នុង​១​ឆ្នាំ ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​ទៅ ។ ធនាគារពិភពលោក​បាន​ហៅ​កម្ពុជា​ថា ជា​អត្ត​ព​លិ​ក​អូ​ឡាំ​ពិ​ក​នៃ​កំណើន ដែល​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​លឿន​បំផុត​ទី​៦​លើ​ពិភពលោក ជាមួយ​គោលនយោបាយ​វិនិយោគ​បើកចំហ​បំផុត​នៅ​ក្នុង​តំបន់​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥ ក្នុង​គោលដៅ​ជួយ​ប្រែក្លាយ​កម្ពុជា ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​នៅ​ឆ្នាំ​២០៣០ និង​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។ គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម តម្រូវ​ឲ្យ​មានការ​វិនិយោគ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​១២​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​១០​ឆ្នាំ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កា​រត​ភ្ជាប់ និង​ការ​កាត់​បន្ថយ​ចំណាយ​ដឹក​ជញ្ជូន និង​ថាមពល​អគ្គិសនី ។

លោក​បន្ត​ថា ៖ « វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ។ ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​កើន​ទ្បើ​ង​ជា​លំដាប់ គិត​ជា​ទឹកប្រាក់​មាន​ចំនួន​៦,៩​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣, ៧​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤ និង​៨,៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥​។ ដោយឡែក ៦​ខែ​ដើមឆ្នាំ​២០១៦​កន្លង​ទៅ ការ​នាំ​ចេញ​របស់​កម្ពុជា​សម្រេច​បានជា​ទឹកប្រាក់​ចំនួន​៤,៦​ពាន់​លាន​ដុល្លារ កើន​ទ្បើ​ង​០,៣៨​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នា​ឆ្នាំ​២០១៥ » ។

ស្រប​ពេល​កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​លោក​បន្ថែម​ថា ៖ « ខ្ញុំ​សូម​ផ្តល់​យោបល់ និង​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ សហគ្រិន និង​វិនិយោគិន​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស ពិចារណា​វិនិយោគ​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​រួម​មាន វិស័យ​ក​សិ​-​ឧស្សាហកម្ម​, វិស័យ​ឧស្សាហកម្ម​កែ​ច្នៃ​, វិស័យ​ទូរគមនាគមន៍ និង​ដឹក​ជញ្ជូន​, វិស័យ​ឧស្សាហកម្ម និង​ថាមពល​, វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត និង​វិស័យ​ទេសចរណ៍​។ ការ​វិនិយោគ​លើ​វិស័យ​អាទិភាព​ទាំងនេះ នឹង​ទទួល​បានការ​អនុគ្រោះ​ពន្ធ​រយៈពេល​វែង និង​ការ​លើកទឹកចិត្ត​វិនិយោគ​ដទៃ​ទៀត » ៕