ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធបរិស័ទ​លើក​បដា​បិទទ្វារ​របង​វត្ត​បដិសេធ​ចៅអធិការ

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ អ្នក​ភូមិ​ចំណុះ​ជើងវត្ត ប្រមាណ​ជាង​៣០​នាក់​បាន​តវ៉ា​យ៉ាង​ដាច់អហង្ការ ដោយ​ការ​លើក​បដា​ប្រឆាំង​ដាច់ខាត​និង​ហាម​មិន​ឲ្យ​ព្រះ​តេជគុណ

ខេត្តកំពង់ធំ ៖ អ្នក​ភូមិ​ចំណុះ​ជើងវត្ត ប្រមាណ​ជាង​៣០​នាក់​បាន​តវ៉ា​យ៉ាង​ដាច់អហង្ការ ដោយ​ការ​លើក​បដា​ប្រឆាំង​ដាច់ខាត​និង​ហាម​មិន​ឲ្យ​ព្រះ​តេជគុណ អ៊ា​ង ញ៉ិ​ក អតីត​ព្រះ​ចៅអធិការ​ឈាន​ជើង​ចូល​វត្ត​អរ​ញ្ញះ​ស​ត្ថា​រាម ហៅ​វត្ត​អូរ​សា​រ៉ា​យ មក​គង់​ជា​ព្រះ​ចៅអធិការម្តងទៀត​បាន​ឡើយ ក្រោយ​ពី​បាន​បង្ករឿង​អាស្រូវ​ជាមួយ​ស្រី​ញី ចំនួន​៣​លើក​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​ទ្រា ឃុំ​ប្រឡាយស្រុក​ស្ទោង ខេត្តកំពង់ធំ ឆ្អែតចិត្ត​និង​អស់ជំនឿ មិន​ឱ្យ​វិល​មក​គង់​ក្នុង​វត្ត​វិញ​ទេ បន្ទាប់​ពី​គណៈកម្មការ និង​ធម្មការ​និមន្ត​ឲ្យ​ចាក​ចេញពី​វត្ត​ផុត​ទៅ​ហើយ​នោះ ។

ប្រជាពលរដ្ឋ​ដែល​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​បាន​នាំ​គ្នា​លើក​បដា​តវ៉ា​មុខ​វត្ត​អរ​ញ្ញះ​ស​ត្ថា​រាម​ហៅ​វត្ត​អូរ​សា​រ៉ា​យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ ទាំង​ព្រលឹម​ព្រមទាំង​បាន​បិទ​របង​វត្ត​ហាម​មិន​ឲ្យ​គណៈសង្ឃ​ស្រុក និង​ព្រះ​អនុគណ​ស្រុក ដង្ហែ​ព្រះ​តេជគុណ​អ៊ា​ង ញ៉ិ​ក ចូល​វត្ត​ដើម្បី​តែងតាំង​ជា​ព្រះ​ចៅអធិការ​វត្ត​អូរ​សា​រ៉ា​យ​ជា​ថ្មី ជា​ដាច់ខាត ។

ពួក​គាត់​បាន​ចោទប្រកាន់​ថា កាលពី​ព្រះ​តេជគុណ​គង់​ជា​អធិការ​វត្ត​បាន​បង្ករឿង​អាស្រូវ​ចំនួន​៣​លើក​ដែល​មានការ​ពាក់​ព័​ន្ឋ​នឹង​ស្រី​ញី ក្នុង​នោះ​ករណី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឆ្អែតចិត្ត​គឺ​បាន​ចាប់​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​រំលោភ​ក្នុង​វត្ត ទើប​មានការ​ប្តឹងប្តល់​ទៅ​តុលាការ​ពី​សំណាក់​អ្នក​អាណាព្យាបាល​របស់​ក្មេង​ស្រី ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការសិទ្ធិមនុស្ស​អា​ដ​ហុ​កទៅ​ដល់​សាលាឧទ្ធរណ៍ ក្រោយ​ពី​ព្រះសង្ឃ​នេះ​បាន​នាំ​បក្សពួក​មក​ជីក​រុករក​កំណប់មាស​ក្នុង​វត្ត ។ ក្រោយ​ពី​មានរឿង​អាស្រូវ​ជាប់​ៗ​គ្នា គណៈកម្មការ​វត្ត និង​មន្ត្រី​សង្ឃ ព្រមទាំង​មន្ត្រី​ធម្មការ​ស្រុក​បាន​និមន្ត​ចៅអធិការ​នេះ ឱ្យ​ចាក​ចេញពី​វត្ត​ទៅ​គង់នៅ​វត្ត​ផ្សេង​ៗ ដើម្បី​ឱ្យ​វត្ត​នេះ​មាន​ភាព​ស្ងប់​និង​សុខសាន្ត ។

ពុទ្ធបរិស័ទ​បាន​អះអាង​ថា លុះដល់​ថ្ងៃ​ទី​៧ ធ្នូ មន្ត្រី​ធម្មការ​ស្រុក និង​ព្រះ​អនុគណ​ស្រុក​ស្ទោង​បាន​មក​ប្រជុំ​បោះ​ឆ្នោត​ស្ទង់​មតិ​ពី​ប្រជាពលរដ្ឋ​បាន​សម្រេច​ថា និង​ទទួល​ព្រះ​តេជគុណ អ៊ា​ង ញ៉ិ​ក មក​ធ្វើ​ជា​ព្រះ​ចៅអធិការ​វត្ត​វិញ ឬ​ក៏​មិន​ទទួល ការ​បោះ​ឆ្នោត​គឺ​ពុំ​បាន​រាប់​សន្លឹក​ឆ្នោត​មុខ​ប្រជាពលរដ្ឋ​នោះ​ទេ ដោយ​បាន​ខ្ចប់​យក​ទៅ​រាប់​នៅ​កំពង់ធំ ស្រាប់តែ​គណៈសង្ឃ​បាន​ចេញ​លិខិត​សម្រេច​ឱ្យ​ពុទ្ធបរិស័ទ​ទទួលយក​ព្រះ​តេជគុណ អ៊ា​ង ញ៉ិ​ក ជា​ព្រះ​ចៅអធិការ​វិញ ។

អ្វី​ដែល​បាន​ធ្វើ​ឱ្យ​ពុទ្ធបរិស័ទ​ខកចិត្ត​ទៀត​នោះ​បាន​បញ្ជាក់​ថា ការ​ប្រជុំ​សម្រេច​នៅ​ថ្ងៃ​ទី​៧ ធ្នូ បែរជា​សេចក្តីសម្រេច​ចេញ​ថ្ងៃ​ទី​៦ ធ្នូ ទៅ​វិញ​និង​ចុះហត្ថលេខា​ដោយ​ព្រះ​តេជគុណ ហ៊ុ​ល ឡុ​ង ព្រះ​អនុគណ​ស្រុក​ស្ទោង ។ តាម​រយៈ​នៃ​ការ​ធ្វើ​សេចក្តីសម្រេច​ខុសឆ្គង ត្រូវ​បាន​ចោទ​ថា​នេះ​គឺជា​ការ​ឃុបឃិត​គ្នា​ដោយ​មិន​ប្រក្រតី​ទើប​ប្រជាពលរដ្ឋ​ច្រានចោល​មិន​ទទួលយក ។

ព្រះ​តេជគុណ ហ៊ុ​ល ឡុ​ង ព្រះ​អនុគណ​ស្រុក​ស្ទោង បាន​មាន​ថេរ​ដីកា​ថា​ការ​រៀបចំ​ដង្ហែ​ព្រះ​តេ ជ​គុណ​អតីត​ព្រះ​ចៅអធិការ​មក​វត្ត​វិញ​ដោយ​យោង​តាម​ច្បាប់​របស់​ព្រះ​ស​ត្ថា​បារមី សៀង សុខ ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​មេគណ​ខេត្ត​បាន​សម្រេច​ឲ្យ​ព្រះ​តេជគុណ​មក​ធ្វើ​ជា​ព្រះ​ចៅអធិការ​វត្ត​នេះ​ដូច​ដើម ។

ក្រោយ​ពី​មានការ​ប្រទូស្ត​រ៉ា​យ​គ្នា​មួយសន្ទុះ​ធំ​នៅ​មុខ​វត្ត មន្ត្រី​សង្ឃ​បាន​សម្របសម្រួល​សុំ​ឲ្យ​ព្រះសង្ឃ​ចូល​ទៅ​ក្នុង​វត្ត ដើម្បី​ចរចា​ជាមួយ​និង​ប្រជាពលរដ្ឋ ដែល​មាន​លោក​អភិបាលរង​ស្រុក​ស្ទោង​ចូលរួម​រក​ដំណោះស្រាយ ។ លោក​សាយ គឹ​ម​ឡ​ម អភិបាលរង​ស្រុក​ស្ទោង បាន​ប្រាប់​ថា ករណី​នេះ​លោក​គិត​ថា បើសិនជា​ឱ្យ​ព្រះ​តេជគុណ អ៊ា​ង ញ៉ិ​ក មក​ធ្វើ​ជា​ព្រះ​ចៅអធិការ​វត្ត​វិញ​ក៏​មិន​បាន​សុខ​ដែរ ដោយសារ​ប្រជាពលរដ្ឋ​ទូ​ទាំង​ឃុំ​មិន​ពេញចិត្ត​នាំ​តែ​កើត​បញ្ហា​តាម​ក្រោយ យក​ល្អ​គួរតែ​និមន្ត​ឱ្យទៅ​ធ្វើ​ចៅអធិការ​វត្ត​ណា​ផ្សេង​ៗ ដែល​ពុំ​មាន​ចៅអធិការ​ទើបបាន​សុខ​ទាំងអស់​គ្នា ។ ចំណែក​វត្ត​អូរ​សា​រ៉ា​យ​នេះ​និមន្ត​ព្រះសង្ឃ​អង្គ​ផ្សេង​ៗ​មក​ធ្វើ​ជា​ចៅអធិការ​ក៏​បាន​ចៀសវាង​មានការ​ថ្នាំងថ្នាក់​ក្នុង​វត្ត ។

ដោយសារ​តែ​ការ​ប្រឆាំង​នេះ អាជ្ញាធរ និង​មន្ត្រី​សង្ឃ​សម្រេច​ឲ្យ​ព្រះសង្ឃ អ៊ា​ង ញ៉ិ​ក និមន្ត​ទៅ​គង់នៅ​វត្ត​មុនី​រង្សី ហៅ​វត្ត​ឈើទាល​មួយ​រយៈ​សិន រង់ចាំ​ដំណោះស្រាយ ធ្វើការ​បោះ​ឆ្នោត​សា​ជា​ថ្មី​ទៀត ។

ជុំវិញ​អធិករណ៍​នេះ​ព្រះ​ស​ត្ថា​បារមី សៀង សុខ ព្រះ​មេគណ​ខេត្ត​បាន​មាន​ថេរ​ដីកា នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ធ្នូ ថា​ចំពោះ​បញ្ហា​ខាងលើ​នេះ​បាន​កើត​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ចោទប្រកាន់​ព្រះសង្ឃ អ៊ា​ង ញ៉ិ​ក ចំនួន​២​ទៅ​៣​ករណី​ថា​មាន​ស្រី​ញី រំលោភ​ក្មេង​មានការ​ប្តឹងប្តល់​ដល់​តុលាការ ។

ព្រះ​មេគណ​មាន​ថេរ​ដីកា​ពេល​នេះ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា ព្រះ​អង្គ​បាន​សម្រេច​ឱ្យទៅ​គង់នៅ​វត្ត​ផ្សេង​មួយ​រយៈ​អស់​៣-៤​ឆ្នាំ​មក​ហើយ ពុំ​មាន​អ្នក​ណា​តវ៉ា​ទៀត​នោះ​ទេ ហើយ​ខាង​តុលាការ​ក៏​រក​មិនឃើញ​កំហុស​នេះ​ដែរ ទើប​បានជា​ការិយាល័យ​ធម្មការ​ស្រុក​ស្ទោង និង​ព្រះ​អនុគណ​ស្រុក​ក៏​បាន​ស្នើ​សុំ​មក​ព្រះ​អង្គ សុំ​ឲ្យ​មានការ​ដង្ហែ​ព្រះ​អង្គ​អ៊ា​ង ញ៉ិ​ក ចូល​ទៅ​គង់នៅ​ក្នុង​វត្ត​វិញ​មិនមែន​ឱ្យទៅ​ធ្វើ​ជា​ចៅអធិការ​វិញ​នោះ​ទេ គ្រាន់តែ​ឲ្យ​ទៅ​គង់នៅ​ក្នុង​វត្ត​ដែល​លោក​ធ្លាប់​គង់នៅ​តែ​ប៉ុណ្ណោះ ក៏​កើត​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​តវ៉ា និង​បិទទ្វារ​របង​វត្ត​មិន​ឱ្យ​ចូល​ទៅ​វិញ ហើយ​ពេល​និយាយ​ចរចា​គ្នា​ពួក​គាត់​បែរជា​ថា​វត្ត​នេះ​ជាវ​ត្តរបស់​ពួក​គាត់​ទៅ​វិញ ។

ព្រះ​អង្គ​មាន​សង្ឃដីកា​ទៀត​ថា​ការ​ពិត​វត្ត​គឺជា​សម្បត្តិ​របស់​ព្រះសង្ឃ​សម្រាប់​ឲ្យ​ពុទ្ធបរិស័ទ​មក​គោរព​ប្រតិបត្តិ បែរជា​មាន​មនុស្ស​ប្រហែលជា​៣០​នាក់​មក​ប្រឆាំង​នៅ​ខាងក្រៅ​វត្ត ។ ក្នុង​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​គាំទ្រ​លោក​ដែរ តែ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​មាន​តែ​កុំ​អាល​ឱ្យ​លោក​ចូល និង​រង់ចាំ​រក​ដំណោះស្រាយ​ជា​បន្ត​ទៀត​សិន​ចុះ ៕