រាជធានីភ្នំពេញ ៖ លោកជំទាវស៊ីវណ្ណា បទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានថ្លែងថា បច្ចុប្បន្នស្ត្រីកម្ពុជាកំពុងប្រឈមមុខនឹងភាពក្រីក្រ ហើយខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកែប្រែជីវភាពរស់នៅរបស់គ្រួសារ ។ អត្រាមរណភាពមាតា និងទារកនៅមានកំរិតខ្ពស់ បញ្ហាជម្ងឺអេដស៍ អំពើហិង្សា ក៏ជាបញ្ហាសង្គមដ៏ធ្ងន់ធ្ងរដែលស្ត្រីកំពុងជួបប្រទះ រួមទាំងការជួញដូរស្ត្រី និងកុមារផងដែរ។
លោកជំទាវថ្លែងថា ភាពក្រីក្របានតំរូវឱ្យបុរស និងស្ត្រីមួយចំនួនចាកចោលផ្ទះសម្បែងដើម្បីស្វែងរកការងារធ្វើនៅតាមទីប្រជុំជន ទីក្រុង និងក្រៅប្រទេស ដោយបានទម្លាក់ចោលបន្ទុកគ្រួសារធ្វើឱ្យកូនចៅរស់នៅខ្វះភាពកក់ក្តៅបោះបង់ចោលការសិក្សា និងរងជម្ងឺឆ្លងផ្សេងៗ ដែលទាំងអស់នេះ គឺជាកង្វល់ដ៏ធំធេង របស់ក្រសួងកិច្ចការនារី និងរាជរដ្ឋាភិបាលកម្ពុជា។ ហេតុដូច្នេះហើយទើបឆ្នាំនេះក្រសួងកិច្ចការនារីបានសំរេចជ្រើសរើសយកប្រធានបទ
«យុវវ័យជួយស្ត្រី គឺជួយខ្លួនឯង និងសង្គមជាតិ» សំរាប់អបអរសាទរទិវាអន្តរជាតិនារី៨ មីនា ខួបលើកទី១០០។
លោកជំទាវស៊ីវណ្ណ បទុម ថ្លែងបែបនេះកាលពីថ្ងៃទី២ មីនា នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ខណៈពេលលោកជំទាវអញ្ជើញទៅចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី៨ មីនា ខួបលើកទី១០០។ លោកជំទាវស៊ីវណ្ណា បទុម ថ្លែងថា ក្នុងឱកាសប្រារព្ធពិធីជាប្រវត្តិសាស្ត្រដើម្បីអបអរសាទរទិវាអន្តរជាតិនារី៨ មីនា ខួបលើកទី១០០នៅឆ្នាំ២០១១ ក្រសួងកិច្ចការនារីបានឯកភាពជ្រើសរើសយកប្រធានបទ «យុវវ័យជួយស្ត្រី គឺជួយខ្លួនឯង និងសង្គមជាតិ» នេះ ក្នុងបំណងបំផុសការលើកទឹកចិត្តដល់យុវវ័យឱ្យយល់ដឹងកាន់តែច្បាស់ពីតម្លៃរបស់ស្ត្រីខ្មែរ និងជួយលើកស្ទួយស្ត្រីដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ សង្គមជាតិ ក៏ដូចជាការចូលរួមកសាងសង្គមជាតិនៅលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រៀងរាល់ឆ្នាំនៅលើពិភពលោកតែងតែប្រារព្ធពិធីជាប្រវត្តិសាស្ត្រដើម្បីអបអរសាទរទិវាអន្តរជាតិនារី៨ មីនា។ ទិវានេះប្រារព្ធដើម្បីរំលឹកដល់ការតស៊ូរបស់នារី ពលករទូទាំងសាកលលោក ទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងនារី ៕
ចែករំលែកព័តមាននេះ