ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្តសញ្ញាណហើយ ​ម្ចាស់​ឡិច​ស៊ី​ស570 ​ចិត្តធម៌ ស្លាក​លេខ 2I-7376

7 ឆ្នាំ មុន

ប៉ុន្មាន​ថ្ងៃនេះ​មានការ​ចែករំលែក​បន្ត​គ្នា និង​កោតសរសើរមិនដាច់ពីមាត់នូវទង្វើ​សប្បុរសរបស់ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស (Lexus Sport) 570 ពណ៌​ស ស្លាក​លេខ 2I-7376

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃនេះ​មានការ​ចែករំលែក​បន្ត​គ្នា និង​កោតសរសើរមិនដាច់ពីមាត់នូវទង្វើ​សប្បុរសរបស់ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស (Lexus Sport) 570 ពណ៌​ស ស្លាក​លេខ 2I-7376 ម្នាក់​ដែល​បានឃើញ​លោកតា​ធាក់​ស៊ី​ក្លូ​ម្នាក់​ក្រឡាប់​ស៊ី​ក្លូ មិន​ត្រឹមតែ​ចុះ​ជួយ​លើក​គាត់​ទេ ថែម​ទាំង​ឧបត្ថម្ភ​ប្រាក់​មួយ​ចំនួន​ជូន​ដល់​លោកតា​ថែម​ទៀត ។ តើ​សម័យនេះ មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​មានចិត្ត​បុណ្យ​ដូច​ជា​ម្ចាស់​រថយន្ត​នេះ​ទៅ​ណ៎? តើ​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​នោះ គឺជា​នរណា? កោះសន្តិភាពនឹងស្រាយចម្ងល់នេះ។

ជា​អាទិ៍​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Pao Sophal លោក​បាន​ផុស​រូបភាព​២​សន្លឹក​ហើយ​សរសេរ​ថា «​គួរ​ឲ្យ​សោកស្តាយ ដែល​ខ្ញុំ​មិន​អាច​ថត​ទាន់​ពី​សកម្មភាព​មនុស្សធម៌​របស់​លោក ចំពោះ​លោកតា​ធាក់​ស៊ី​ក្លូ​ដែល​ក្រឡាប់ ប៉ុន្តែ​ខ្ញុំ​សុំ​ថត លេខ​រថយន្ត​របស់​លោក ដើម្បី​ថ្លែងអំណរគុណ និង​អរគុណ ជំនួស​លោកតា​ធាក់​ស៊ី​ក្លូ ដែល​លោក​បាន​ជួយ​លើក​ស៊ី​ក្លូ និង​ឧបត្ថម្ភ​ប្រាក់​ដល់​គាត់​!!!» ។

ជាមួយ​គ្នា​នេះ​ដែរ​តាម​រយៈ​ការ​អង្កេត​លើ​ការ Share ចែករំលែក​បន្ត ក័​ដូច​ជា​ការ Comment ពាក់ព័ន្ធ​នឹង​រឿង​ខាងលើ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករួច​មក កោះសន្តិភាព​អាច​កំណត់​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​ខាងលើ​បានទើប​ដឹង​ថា ម្នាស់​រថយន្ត​នោះ ក៏​ជា​ម្ចាស់​ហាង​ដែល​មាន​យីហោ​ថា «​ដុក​ទ័​រ​ហ្វូ​ន​» ដែលជាម​ជ្ឍ​មណ្ឌល​ជួសជុល​ទូរស័ព្ទ​ទំនើប ផង​ដែរ ។

ប្រភព​ពី​ម្ចាស់​រថយន្ត​ខាងលើ​ដែល​កោះសន្តិភាព​បាន​ទំនាក់ទំនង​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​ទៅ​សុំ​ការ​បំភ្លឺ នៅ​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ ធ្នូ នេះ​បានអោយ​ដឹង​ថា លោក​មានឈ្មោះ​ឡាយ ឆាយ ហើយ​ការ​ជួយ​លើក​ស៊ី​ក្លូ និង​ឧបត្ថម្ភ​ប្រាក់​មួយ​ចំនួន​ជូន​លោកតា​ស៊ី​ក្លូ គឺ​រូប​លោក​ពិតប្រាកដ​មែន ។ លោក​បន្ត​ថា ប៉ុន្តែលោក​ធ្វើ​នេះ ​មិនដឹង​ថា មាន​គេ​ថត​រថយន្ត​របស់​លោក​ឡើយ ហើយ​ការ​ដែល​លោក​ជួយ​នេះ​ក៏​មិនមែន​ជា​លើក​ទី​មួយ​ដែរ ។

បើ​តាម​អ្នកស្រី គឹ​ម ម៉ា​ល័យ ភរិយា​របស់​លោក ឡាយ ឆាយ បាន​បញ្ជាក់​អោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​១០ ធ្នូ ២០១៦ កន្លង​ទៅ អ្នកស្រី​និង​ស្វាមី​បាន​ត្រឡប់​មក​ពី​ចូលរួម​មង្គលការ​មិត្តភក្តិ នៅ​ក្រុង​តា​ខ្មៅ ពេល​ធ្វើ​ដំណើរ​តាម​មហាវិថី​ព្រះ​នរោត្តម មក​ដល់​ចំណុច​ហួស​ភ្លើងស្តុប​ចំការមនបន្តិច ​ក៏​ប្រទះ​ឃើញ​ស៊ី​ក្លូ​របស់​លោកតា​ម្នាក់​បាន​ក្រឡាប់ (​ទំនងជា​គាត់​អស់កម្លាំង​) ឃើញ​ដូច្នោះ​ប្តី​របស់​គាត់ ក៏​បាន​ចុះ​ពីលើ​រថយន្ត​ទៅ​ជួយ​លើ​លោកតា ​ដែល​មាន​វ័យ​ជរា ហើយ​ក៏​បាន​ជូន​ប្រាប់​ដល់​លោកតា ប្រហែល​២០​ដុ​លា្ល​រ រួច​ហើយ​ក៏​បាន​ឡើង​បើករថយន្ត​ឆ្ពោះទៅ​ផ្ទះ​វិញ ។

អ្នកស្រី​បន្ត​ថា «​ខំ​តែ​ភ័យ ស្មាន​តែ​មានរឿង​អ្វី?​» ពេល​ដែល​ឃើញ​រូប​រថយន្ត​ច្បាស់​ទាំង​ស្លាក​លេខ​របស់​គ្រួសារ​អ្នកស្រី​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ហើយ​ក៏​មិនដឹង​ថា មាន​គេ​តាម​ថត​គាត់​ទៀត ។ ចំពោះ​រថយន្ត​ខាងលើ គឺ​គ្រួសារ​របស់​អ្នកស្រី​ទើបតែ​ទិញ ហើយ​បាន​កាត់ឈ្មោះ​រួចរាល់​ហើយ​ដែរ ២​ខែ​មុន កន្លង​ទៅ​នេះ ។

ចុង​បញ្ចប់អ្នកស្រី​បាន​បញ្ជាក់​អោយ​កោះសន្តិភាព​ដឹង​ថា គ្រួសារ​របស់​អ្នកស្រី​អត់​ចង់​ល្បី​តាម​ហ្វេ​ស​ប៊ុ​ក​ទេ ហើយ​ការ​ជួយ​គេ​ទៀត​សោត ក៏​មិន​ចង់បាន​អំណរ​គុណ ឫសារ​គុណ​អ្វីមួយ តប​វិញ​ដែរ ៕