ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២៤​ឆ្នាំ ជប៉ុន​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ជាង​៣​ពាន់​លាន​ដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​២០១៦​នេះ ប្រទេស​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​ទាំង​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ …

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​២០១៦​នេះ ប្រទេស​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​ទាំង​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នានា​ដល់​កម្ពុជា សរុប​មាន​ចំនួន​៣.៤៨៣​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​នោះ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ប្រមាណ​២.៤៦៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​ខ្លឹមសារ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក​ឯកអគ្គរាជទូត​ថ្មី​របស់​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច ។

ក្នុង​ជំនួប​នេះ​ដែរ លោក​ទេស​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា ស្រប​តាម​សេចក្ដីថ្លែងការណ៍​រួម​របស់​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ជប៉ុន​មិន​ត្រឹមតែ​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ល្អ​ក្នុង​រយៈពេល​វែង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ប្រទេស​ទាំង​ពីរ​គឺជា​ដៃគូ​យុទ្ធសាស្ត្រ​ផង​ដែរ ។

លោក​ទេស​រដ្ឋមន្ត្រី​ថ្លែង​ថា ៖ « គោលនយោបាយ​សហប្រតិបត្តិការ​របស់​ប្រទេស​ជប៉ុន​សម្រាប់​កម្ពុជា គឺជា​ការ​ចូលរួម​អនុវត្ត​ឲ្យ​បាន​សម្រេច​នូវ​គោលនយោបាយ​អភិវឌ្ឍន៍ ពិសេស​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ ដូច​មាន​ចែង​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-២០១៨ » ។

លោក​បន្ដ​ថា បើ​ទោះបី​កម្ពុជា​ទទួល​រង​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា គ្រោះ​ធម្មជាតិ និង​ឥទ្ធិពល​អាក្រក់​ពី​វិបត្តិ​កលិយុគ​ហិរញ្ញវត្ថុ​អន្តរជាតិ ព្រមទាំង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​សកលលោក​ក្ដី កម្ពុជា​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជា​ពិសេស​កំណើនសេដ្ឋកិច្ច​ខ្ពស់​ល្អជា​លំដាប់​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្នជា​មធ្យម​ជាង​៨%​ក្នុង​១​ឆ្នាំ ក្នុង​រយៈពេល​១៥​ឆ្នាំ​កន្លង​មក​។ ជាក់ស្ដែង នៅ​ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​៧% និង​អត្រា​នៃ​ភាព​ក្រីក្រ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង ស្រប​តាម​គោលដៅ​ដែល​បាន​កំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ។

ក្នុង​ឱកាស​នោះ លោក Hidehisa HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​គូសបញ្ជាក់​ថា ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន និង​ផ្លាស់​ប្ដូរ​គួរ​ឲ្យ​កត់សម្គាល់ ។ លោក​ថ្លែង​ថា ៖ « ប្រទេស​ជប៉ុន​នឹង​ខិតខំ​បន្ដ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ឲ្យ​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា ជា​ពិសេស​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម សំដៅ​លើកកម្ពស់ ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា » ។

ជាមួយ​គ្នា​នេះ លោក​ឯកអគ្គរាជទូត​ក៏​បាន​សម្ដែង​នូវ​ការ​អបអរ​ដែល​កម្ពុជា​ឆ្លង​ផុត​ពី​ចំណាត់ថ្នាក់​ប្រទេស​មាន​ចំណូល​ទាប​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ។ ទន្ទឹម​នឹង​នេះ លោក​ក៏​សម្ដែង​នូវ​ការ​អបអរសាទរ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ដោយ​សម្រេច​បាន​នូវ​ការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ ដែល​នោះ​ជា​សមិទ្ធផល​ដ៏​ធំធេង​មួយ​អាច​ធានា​បាន​នូវ​គុណប្រយោជន៍​យ៉ាងច្រើន​រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។

ភាគី​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន ក៏​បាន​ពិភាក្សា​អំពី​ការ​យកចិត្តទុកដាក់​បន្ថែម​ទៅ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​លើកកម្ពស់​ការ​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា ដែល​អាច​ធានា​បាន​នូវ​គុណប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រទេស​និង​ប្រជាជន​ទាំង​ពីរ ហើយ​កម្ពុជា​ក៏​ស្នើ​ឲ្យ​ភាគី​មិត្ត​ជំរុញ​វិនិយោគិន​ជប៉ុន​ឲ្យ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​បន្ថែម​ទៀត ខណៈ​កម្ពុជា​នឹង​បន្ដ​ជួយ​សម្រួល​ដល់​បរិយាកាស​វិនិយោគ​របស់​វិនិយោគិន​ទាំងអស់​ដែល​គ្រោង​នឹង​មក​បណ្ដាក់ទុន​នៅ​កម្ពុជា នា​ពេល​អនាគត ។

គួរ​រំឭក​ថា ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​ប្រមាណ​តែ​ជាង​១​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ បើ​ធៀប​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ គឺ​នៅ​មាន​កម្រិត​តិចតួច​នៅឡើយ ៕