ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១១ខែ​ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​បាន​ជាង​១៤០៨​លាន​ដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ក្នុង​រយៈពេល​ខែ​១១ ឆ្នាំ​២០១៦​នេះ សរុប​មាន​ចំនួន​៥.៦៣៤.៣៥៥,១៤​លាន​រៀល …

រាជធានី​ភ្នំពេញ ៖ ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ក្នុង​រយៈពេល​ខែ​១១ ឆ្នាំ​២០១៦​នេះ សរុប​មាន​ចំនួន​៥.៦៣៤.៣៥៥,១៤​លាន​រៀល (​ប្រមាណ​១.៤០៨,៥៩​លាន​ដុល្លារ​) ស្មើនឹង​៩៩,០៩% នៃ​ផែនការ​ច្បាប់ ។ ដោយឡែក ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​អាករ​គ្រប់​ប្រភេទ (​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​) បាន​ចំនួន​៥៤០.០៤១,៤៦​លាន​រៀល (​ប្រមាណ​ជា​១៣៥​លាន​ដុល្លារ​) ។ ប៉ុន្តែ​បាន​ធ្វើ​បែបបទ​សលាក​ប​ត្រ​បង់​ចូល​ថវិកាជាតិ ត្រឹម​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ បាន​ចំនួន​៤៧៧.២១៣,៨១​លាន​រៀល (​ប្រមាណ​១១៩,៣០​លាន​ដុល្លារ​) ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​គ្រប់គ្រង​ប្រមូល​ចំណូល​ប្រចាំខែ​វិច្ឆិកា ឆ្នាំ​២០១៦ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា រយៈពេល​១១​ខែ​ឆ្នាំ​២០១៦ ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​សរុប​មាន​ចំនួន​៥.៦៣៤.៣៥៥,១៤ លាន​រៀល (​ប្រមាណ​១.៤០៨,៥៩​លាន​ដុល្លារ​) ស្មើនឹង​៩៩,០៩% នៃ​ផែនការ​ច្បាប់​។ ប្រសិនបើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៥​ឃើញ​ថា ការ​ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​សម្រាប់​រយៈពេល​១១​ខែ​ឆ្នាំ​២០១៦ កើនឡើង​ចំនួន​៩០០.៨១៥,៣៧ លាន​រៀល (​ប្រមាណ​២២៥,២០​លាន​ដុល្លារ​) ឬ​ស្មើនឹង​អត្រាកំណើន​១៩,០៣% ។

ក្នុង​រយៈពេល​ដូច​គ្នា​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេត​ឃើញ​ថា មានការ​កើនឡើង​ផង​ដែរ​នូវ​ចំណូល​ពន្ធ​អាករ​តាម​ប្រភេទ​ពន្ធ និង​សកម្មភាព​អាជីវកម្ម​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ៖ ពន្ធលើប្រាក់ចំណេញ​កើនឡើង​២០,៤%, ពន្ធលើប្រាក់បៀវត្ស​កើនឡើង​២២,៣%, អាករ​លើ​តម្លៃបន្ថែម​កើនឡើង​២២,៨% និង​អាករ​ពិសេស​កើនឡើង​២៤,៤% ។ ចំណែកឯ​ចំណូល​ពន្ធ​អាករ​តាម​សកម្មភាព​អាជីវកម្ម ក៏​មានការ​កើនឡើង​ស្ទើរ​គ្រប់​ប្រភេទ​អាជីវកម្ម​ផង​ដែរ ។

ឆ្លៀតឱកាស​នេះ​ដែរ ប្រតិភូ​រាជរដ្ឋាភិបាល​ប្រធាន​អង្គប្រជុំ​បាន​ផ្តល់​នូវ​អនុសាសន៍​ណែនាំ​ដល់​អង្គភាព​ពន្ធដារ​ក្រោម​ឱវាទ​ទាំងអស់​ឲ្យ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ ជា​ពិសេស ផ្តោត​សំខាន់​លើ​កិច្ចការ ៖

-​បន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម របស់​រាជរដ្ឋាភិបាល និង​កម្មវិធី​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ។

-​បន្ត​ចុះ​អង្កេត​ស្រាវជ្រាវ​សហគ្រាស (Street Survey) នៅ​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​សហគ្រាស​ដែល​មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ ឬ​មិន​ព្រម​មក​ចុះបញ្ជី​ពន្ធដារ ឲ្យ​មក​ចុះបញ្ជី​ពន្ធដារ​បាន​គ្រប់​គ្នា ។

-​ពង្រឹង​ការ​ដាក់​លិខិត​ប្រកាស​នៅ​នាយកដ្ឋាន​ថ្នាក់​កណ្តាល ក៏​ដូច​ជា​តាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​នីមួយ​ៗ ។

-​បន្ត​ពង្រឹង​ការ​ធ្វើ​សវន​កម្ម​លើ​សហគ្រាស ជា​ពិសេស សហគ្រាស​ដែល​ប្រកាស​ពន្ធ​ទាប មិន​សម​ស្រប​នឹង​ស្ថានភាព​ជាក់ស្តែង​នៃ​អាជីវកម្ម​របស់​ខ្លួន ។

-​រៀបចំ​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​ការ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៦ ដោយ​សហការ​ជាមួយ​កងរាជអាវុធហត្ថ និង​នគរបាល​ចរាចរ​ក្នុង​ការ​អនុវត្ត​ការងារ​នេះ ៕