ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ចុះហត្ថលេខា​ដៃគូ​សហការរវាង Emerald HUB, ឌជី, Smart, អម្រឹត និង Sabay

7 ឆ្នាំ មុន

Emerald HUB គឺជា​ការិយាល័យ​ធ្វើការ​រួម​គ្នា​មួយ​​របស់​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី និង​ក្រុម​ហ៊ុន​​ឌី​ជី ក្រុមហ៊ុន Smart គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត និង​ក្រុមហ៊ុន Sabay បាន​ធ្វើ​ពិធី​ចុះហត្ថលេខា​ដៃគូ​​សហការ​រួម​គ្នា ដើម្បី​ជំរុញ​ក្នុង​កិច្ចការ​អភិវឌ្ឍន៍ សហ​គ្រិន​ភាព​ដល់​យុវជន ជា​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី (Startup Business) ការ​ធ្វើ​សកម្មភាព​ប្រកួតប្រជែង គំនិត​អាជីវកម្ម និង​ការ​បណ្ដុះ​

Emerald HUB គឺជា​ការិយាល័យ​ធ្វើការ​រួម​គ្នា​មួយ​​របស់​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី និង​ក្រុម​ហ៊ុន​​ឌី​ជី ក្រុមហ៊ុន Smart  គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត និង​ក្រុមហ៊ុន Sabay បាន​ធ្វើ​ពិធី​ចុះហត្ថលេខា​ដៃគូ​​សហការ​រួម​គ្នា ដើម្បី​ជំរុញ​ក្នុង​កិច្ចការ​អភិវឌ្ឍន៍ សហ​គ្រិន​ភាព​ដល់​យុវជន ជា​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី (Startup Business) ការ​ធ្វើ​សកម្មភាព​ប្រកួតប្រជែង គំនិត​អាជីវកម្ម និង​ការ​បណ្ដុះ​បណ្ដាល​ពី​របៀប​ធ្វើ​អាជីវកម្ម​ដំបូង ដល់​សមាជិក ក៏​ដូច​ជា សិស្ស​និស្សិត និង​អ្នក​អាជីព​នានា ជា​ពិសេស​ក្នុង​វិស័យ​អាជីវកម្ម​បច្ចេក​វិទ្យា​ ។

ពិធី​ចុះហត្ថលេខានេះ​​​ ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក Andrey Sheen អគ្គនាយក​ក្រុមហ៊ុន​ឌី​ជី លោក Thomas HUNDT នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart លោកឈាង សុ​ភក្តិ សហ​ស្ថាបនិក Emerald HUB Coworking Space កញ្ញា ហេង សុធា​វី ប្រធាន​ទីផ្សារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត និង​លោកជី សិលា នាយក​ក្រុមហ៊ុន Sabay ។

វត្តមាន​របស់​អគ្គនាយក​ក្រុមហ៊ុន​ឌី​ជី លោក Andrey Sheen បាន​បង្ហាញ​ចំណាប់​របស់​ខ្លួន​ផង​ដែរ ​ទាក់ទង​នឹង​ការ​បង្កើត​ឲ្យ​មាន​ការិយាល័យ​រួម​មួយ​សម្រាប់​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី ជាក់ស្ដែង​ដូច​ជា Emerald HUB នៅ​ពេល​នេះ​ ។ លោក​បាន​មាន​ប្រសា​ស​ន៍​ថា «ឌី​ជី ពិតជា​រីករាយ​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ Emerald HUB ​។ យើង​កំពុង​តែ​សំលឹង ​ឆ្ពោះទៅ​មុខជា​មួយ​អ្វី​ដែល​ថ្មី និង​ការ​ទទួល​បាន​ភាព​រីក​ចម្រើន​នៅ​ទី​នេះ​។ គឺជា​ក្រុមហ៊ុន​មួយ​ដែល​នឹង​នាំ​ប្រទេស​ឆ្ពោះទៅ​រក​អនាគត​ដ៏​ល្អ» ។​

​ចំណែក​លោក Thomas HUNDT នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart ក៏​បាន​មាន​ប្រសា​ស​ន៍​ ​ក្នុង​កម្មវិធី​ចុះហត្ថលេខា​នេះ​ដែរ​​ គឺ
«ការិយាល័យ​ធ្វើការ​រួម​គ្នា​ដើរតួ​ និង​មានមុខ​ងារ​ជា​កន្លែង​ សម្រាប់​សហគ្រិន​វ័យក្មេង ​ដើម្បី​ពិភាក្សា និង​ផ្លាស់​ប្តូរ​គំនិត​ច្នៃប្រឌិត​ធ្វើ​អាជីវកម្ម​ថ្មី​ជាមួយ​គ្នា​ ។ Smart រីករាយ​ក្នុងឱ​កាស​វិនិយោគ​នានា​ ជា​ពិសេស​ក្នុង​វិស័យ​បច្ចេកវិទ្យា ហើយ​យើង​មើល​រំពឹង​ទុក​នូវ​លទ្ធផល​ដ៏​ប្រសើរ​ពី​ការ​សហការ​ជាមួយ Emerald HUB នេះ​»​ ។

​កញ្ញា​ហេង សុធា​វី ប្រធាន​ទីផ្សារគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ក៏​បាន​មាន​ប្រសា​ស​ន៍​ថា «​ការ​គាំទ្រ​របស់​យើង​ ក្នុង​កម្មវិធី​នេះ គឺជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​យើង​ពោល​ គឺដើម្បីផ្តល់​សេវា​ហិរញ្ញវត្ថុ​ច្រើន​ប្រភេទ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ប្រាក់​ចំណូល​ទាប និង​សហគ្រិន​ខ្នាត​តូច​បំផុត តូច និង​មធ្យម ។ យើង​ជឿជាក់​ថា សហគ្រិន​វ័យក្មេង​និង​និស្សិត នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះ​ជាក់​ជា​មិន​ខាន ហើយ​យើង​ក៏​សង្ឃឹម​ដែរ​ថា នឹង​មានការ​កើនឡើង​នៃ​ភាព​ជា​សហគ្រិន​នា​ពេល​អនាគត​» ។

លោក ឈាង សុ​ភក្តិ បាន​ថ្លែង​ក្នុង​កម្មវិធី អំពី​សារសំខាន់​នៃ​ការ​បង្កើតការិយាល័យ​ធ្វើការ​រួម​គ្នា (Coworking Space) ដែល​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​នៅ ប្រទេស​កម្ពុជា ក្នុង​ការ​ជួយ​ជំរុញ សហគ្រិន​វ័យក្មេង អ្នកមាន​គំនិត​ផ្ដួច​ផ្ដើម និង​និស្សិត​ឲ្យ​បង្កើត​អាជីវកម្ម​បាន​ប្រកបដោយ​និរន្ត​ភាព​។ លោក សុភ​ក្ដិ បាន​បញ្ជាក់​ថា “Emerald HUB នឹង​ទទួល​បាន អត្ថប្រយោជន៍​ពី​កិច្ចសហការ ទាំង​បច្ចេកទេស អ៊ីនធឺណិត និង​ថវិកា សម្រាប់​ការ​ផ្សព្វផ្សាយ និង​ជំរុញ​ក្នុង​ការ​បង្កើត​អាជីវកម្ម​បច្ចេក​វិទ្យា​ថ្មី​ៗ ស្រប​នឹង​គោលបំណង​របស់ Emerald HUB ដែល​បង្កើត​ឡើង​បម្រើ​ប្រយោជន៍​ឲ្យ​ដល់​សិស្ស​និស្សិត និង​សហ​គមន៍​នៃ​អ្នក​បង្កើត​អាជីវកម្ម​ថ្មី ជា​កន្លែង​រៀន​បន្ថែម ចែករំលែក បង្កើត​ថ្មី ធ្វើការ​រួម​គ្នា ភ្ជាប់​ទំនាក់ទំនង និង រីក​ចម្រើន​ជាមួយ​គ្នា »។

ជា​ចុង​ក្រោយ លោកបេ ច​ន្ត្រា សហ​ស្ថាបនិក  Emerald HUB បាន​បន្ថែម​ថា កិច្ច​សហប្រតិបត្តិការ​នៃ​ភាគី​ទាំងអស់ នឹង​ធ្វើ​ឲ្យ Emerald HUB Co-Working Space ក្លាយជា​កន្លែង សម្រាប់​ធ្វើការ​ផ្ដួចផ្ដើម​បណ្តុះ​គំនិត​អាជីវកម្ម និង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី ឲ្យ​មាន​និរន្ត​ភាព តាម​រយៈសកម្មភាពជួបជុំ ចែករំលែក បណ្តុះបណ្ដាល សិក្ខាសាលា ទាក់ទង​នឹង​ការ​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម ការ​ធ្វើការ និង​ការ​ប្រើប្រាស់​ធនធាន​រួម​គ្នា វិនិយោគ ហិរញ្ញវត្ថុ និង​ទីផ្សារ ព្រមទាំង​ជួយ​ធ្វើ​ឲ្យ​គម្រោង​នានា​នៃ​សហគមន៍​អ្នក​បង្កើត​អាជីវកម្ម​ថ្មី អាច​ដំណើរការ​បាន និង​ផ្ដល់​ឱកាស​ក្នុង​បង្ហាញ​ឬ​ណែនាំ​នូវ គំរូ​ផលិតផល និង​សេវាកម្ម​ថ្មី ក៏​ដូច​ជា​ការ​ទំនាក់ទំនង​ទៅ​កាន់​សហគមន៍​នានា​នៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ​ ។