ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តី​សុបិន​របស់​ក្មេង​ប្រុស​ពាក់​ថង់​តំណាង​អាវ Messi ទីបំផុត​! ក្លាយជាការ​ពិត

7 ឆ្នាំ មុន

ប្រទេស​កា​តា (Qatar) ៖ មុតា​ហ្សា អា​ម៉ា​ឌី Murtaza Ahmadi ជា​ក្មេង​ប្រុស​ ​អាយុ០​៦​ឆ្នាំ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល

ប្រទេស​កា​តា (Qatar) ៖ មុតា​ហ្សា អា​ម៉ា​ឌី Murtaza Ahmadi ជា​ក្មេង​ប្រុស​ ​អាយុ០​៦​ឆ្នាំ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល បន្ទាប់​ពី​រូបថត​របស់គេ ​ពាក់អាវ​របស់​កីឡាករ Lionel Messi ធ្វើ​អំពី​ថង់​ប្លា​ស្ទិ​ច​មួយ ធ្វើ​អោយ​ល្បី​ល្បាញយ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញសារព័ត៌មាន​សង្គម ទីបំផុត​បាន​ជួបនឹង​វីរបុរសពិត​របស់​គេផ្ទាល់​ហើយ​! កាលពី​ថ្ងៃ​អង្គារ ទី​១៣ ធ្នូ ២០១៦ នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កា​តា ដែល​ជា​កន្លែង​ដែល​ក្រុម Barcelona ត្រូវ​ប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម Al Ahli ។

ក្តី​សុបិន​ដ៏​ធំ​បំផុត​របស់​ក្មេង​ប្រុស​អា​ហ្វ​ហ្គា​នី​ស្ថាន​ គឺ​រូបគេ​ចង់​ជួប​មុខ​វីរបុរស​ផ្ទាល់ គឺ​កីឡាករ Lionel Messi ។ ម្សិលមិញ​នេះ​ហើយ ក្តី​សុបិន​របស់​គេ ក៏​បាន​ក្លាយទៅជា​ការ​ពិត នៅ​ពេល​ដែល​ពួក​គេ​ទាំង​ពីរបាន​ជួប​មុខ​គ្នា​ផ្ទាល់នៅ​មុន​ពេល​ប្រកួត ។ ក្នុង​ពេល​នោះ​កីឡាករ Messi ញញឹម ហើយ​ចាប់​បី​ក្មេង​ប្រុស Murtaza ដែល​ពាក់អាវ​របស់​ក្រុម Barcelona និង​កាន់​ដៃ នាំ​ដើរ​ចូល​ក្នុង​ទីលាន​ប្រកួត​លក្ខណៈ​មិត្តភាព​ជាមួយ​ក្រុម Al Ahli ប្រទេស​កា​តា ។

កាលពី​ខែមករា កន្លង​ទៅ ដោយសារ​តែ​រូបភាព​យក​ថង់​ប្លា​ស្ទិ​ក​ដាក់​អីវ៉ាន់ មក​ធ្វើ​ជា​អាវ​ឆ្នូត​ខៀវ និង​ស ជា​ពណ៌​តំណាង​របស់​ប្រទេស​អា​ហ្ស​ង់​ទី​ន រួម​ជាមួយ​ឈ្មោះ​របស់​កីឡាករ Messi មាន​លេខ«​១០» សរសេរ​នៅ​លើ​នោះ​ថែម​ទៀត បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ស្គាល់​រូបគេ ហើយ​នៅ​ទីបំផុត Murtaza ក៏​ទទួល​បាន​អាវ​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន របស់​កីឡាករ Messi រួម​ទាំង​ហត្ថលេខា​ផ្ទាល់ នៅ​លើ​អាវ​នោះ​ថែម​ទៀត​ផង ។

សូម​បញ្ជាក់​ថា ក្មេង​ប្រុស មុតា​ហ្សា អា​ម៉ា​ឌី កើត​ក្នុង​គ្រួសារ​ដ៏​ក្រីក្រ​មួយ រស់នៅ​ក្នុង​ខេត្ត Ghazni ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​រូបថត​របស់​គេ ដែល​កំពុង​លេង​បាល់ គឺ​ត្រូវ​បាន​ថត​នៅ​ជិត​ផ្ទះ ក្នុងស្រុក Joghori ជា​ស្រុក​នៅ​ដាច់​ស្រ​យ៉ា​ល​មួយ​ក្នុង ខេត្ត Ghazni ។

ឪពុក​ក្មេង​តូច​បាន​និយាយ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ ថា នៅ​ពេល​ដែល​រូបថត​នោះ គឺ​ដោយសារ​កូនប្រុស​របស់​គាត់ បានឃើញ Messi នៅ​ក្នុង​ទូរទស្សន៍ ក្នុងផ្ទះ​របស់​ពួក​គេ​ប្រើ​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ ពេល​នោះ​ហើយ កូនប្រុស​គាត់​បាន​សុំ​ឲ្យ​ឪពុក​ទិញ​អាវ Messi ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​លោក​មិនដឹង​ធ្វើ​ម៉េច​ទើប​អាច​ទិញ​ឲ្យ​បាន​នោះ​ទេ ព្រោះ​ជីវភាព​របស់​លោក​ក្រីក្រ​ណាស់​ ។

ក្រោយមក​បងប្រុស​របស់ មុតា​ហ្សា អា​ម៉ា​ឌី ក៏​បាន​យក​ថង់​ប្លា​ស្ទិ​កមួយ មក​ធ្វើ​ជា​អាវ​ឲ្យ​ប្អូន ហើយ​ថតរូប​បង្ហោះ​ចូល​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពេល​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​មាន​ក្តី​អាណិត និង​កោតសរសើរ​ចំពោះ​ក្តី​ស្រលាញ់​របស់​ក្មេង​តូច​អា​ហ្វ​ហ្គា​នី​ស្ថាន​រូប​នោះ ៕