ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​អាច​មក​វិនិយោគ​លើ​វិស័យ​សំខាន់​ៗ​ជា​ច្រើន​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​ជាមួយ​ប្រតិភូ​អ្នក​សារព័ត៌មាន​ឥណ្ឌា ដឹកនាំ​ដោយ​លោក អ៊ិ​ន ស៊ី​ត​ធូ (N. Sitlhou) លេខា​ទូត​ទី​១​នៃ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា …

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​ជាមួយ​ប្រតិភូ​អ្នក​សារព័ត៌មាន​ឥណ្ឌា ដឹកនាំ​ដោយ​លោក អ៊ិ​ន ស៊ី​ត​ធូ (N. Sitlhou) លេខា​ទូត​ទី​១​នៃ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១២ ធ្នូ កន្លង​ទៅ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​គូសបញ្ជាក់​ថា វិនិយោគិន​ឥណ្ឌា​អាច​វិនិយោគ​លើ​វិស័យ​សំខាន់​ៗ​ជា​ច្រើន​នៅ​កម្ពុជា​ដូច​ជា ការ​អប់រំ​, បច្ចេកវិទ្យា​, ទេសចរណ៍​, ភាពយន្ត​, និង​សហគ្រាស​ធុន​តូច និង​មធ្យម ដោយសារ​បច្ចុប្បន្ន កម្ពុជា​កំពុង​តែ​ធ្វើ​ទំនើប​កម្ម​ទៅ​លើ​វិស័យ​ឧស្សាហកម្ម ចេញពី​ការ​ប្រើប្រាស់​កម្លាំង​អតិបរមា ទៅ​ជា​ការ​ប្រើប្រាស់​ជំនាញ​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ​២០២៥ ។

ថ្លែងប្រាប់​ប្រតិភូ​អ្នក​សារព័ត៌មាន​ឥណ្ឌា​នា​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​គូសបញ្ជាក់​ថា ៖ « កម្ពុជា​មាន​គោលនយោបាយ​លើកទឹកចិត្ត​សម្រាប់​វិនិយោគិន​ល្អ​ជាងគេ​ក្នុង​តំបន់ ដោយសារ​អ្នក​វិនិយោគ​មិន​ត្រឹមតែ​អាច​គ្រប់គ្រង​ជំនួញ និង​ប្រមូលប្រាក់​ចំណេញ​បាន​១០០%​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ថែម​ទាំង​អាច​រីករាយ​ជាមួយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្សេង​ៗ​ផ្តល់​ដោយ​សហគមន៍​អឺរ៉ុប​, សហរដ្ឋអាមេរិក​, ប្រទេស​ចិន និង​ប្រទេស​ផ្សេង​ៗ​ទៀត » ។

លោក ប៉ាន សូរ​ស័ក្តិ មាន​ប្រសាសន៍​បន្ថែម​ថា ៖ « នៅ​ក្រោម​ក្របខ័ណ្ឌ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលាយ​កម្រិត​តំបន់ (RCEP) រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​បើកចំហ​ជើងមេឃ ដើម្បី​ស្វាគមន៍​រាល់​ការ​ហោះហើរ​ដោយ​ត្រង់​ពី​ប្រទេស​ឥណ្ឌា សំដៅ​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវ​ទេសចរ ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន » ។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ពី​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ដែល​សម្រេច​បាន​ក្នុង​រង្វង់​៧%​រៀង​រាល់​ឆ្នាំ ក្នុង​រយៈពេល​១​ទសវត្សរ៍​ចុង​ក្រោយ និង​លក្ខណៈ​ពិសេស​នៃ​ទីតាំង​ភូមិសាស្ត្រ​សម្រាប់​គម្រោង​វិនិយោគ​តូច​ធំ ព្រមទាំង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម (IDP) របស់​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ថែម​ទៀត ។

ដោយឡែក ប្រតិភូ​សារព័ត៌មាន​ឥណ្ឌា ក៏​បាន​សន្យា​ថា នឹង​នាំ​យក​ព័ត៌មាន​ទាំងនេះ​ដើម្បី​ចែករំលែក​ជូន​ដល់​វិនិយោគិន​ឥណ្ឌា និង​ប្រជាជន​ឥណ្ឌា​ទាំងអស់​បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​របស់​ខ្លួន​នៅ​កម្ពុជា​ផង​ដែរ ។

យោង​តាម​របាយការណ៍​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌា បាន​បន្ដ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ពី​១០៧,០៧​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១១-២០១២ ដល់​១៦៨,៣៨​លាន​ដុល្លារ​ពី​ខែមករា​ដល់​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ។

ចំណែក​ប្រជាជន​ឥណ្ឌា​ដែល​កំពុង​បម្រើ​ការ​នៅ​វិស័យ​ផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រមាណ​១.៥០០​នាក់ ដែល​ភាគច្រើន​ពួក​គេ​ធ្វើការ​ជា​បុគ្គលិក​អង្គការ​អន្តរជាតិ និង​បណ្ដា​ទីភ្នាក់ងារ​នៅ​ទីក្រុង​ភ្នំពេញ ។

បន្ថែម​លើស​ពី​នេះ ក៏​មាន​សភាពាណិជ្ជកម្ម​ឥណ្ឌា​នៅ​កម្ពុជា​ផង​ដែរ ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១២ និង​មាន​ភារកិច្ច​រៀបចំ​កម្មវិធី​មួយ​ចំនួន​ដូច​ជា សិក្ខាសាលា​ឬ​ព្រឹត្តិការណ៍ ពាណិជ្ជកម្ម​ជាដើម​។ ទន្ទឹម​នឹង​នេះ អង្គភាព មួយ​នេះ​ក៏​បាន​ធ្វើការ​ជាមួយ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វិនិយោគិន​ឥណ្ឌា​ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា​ផង​ដែរ ៕