ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សេដ្ឋកិច្ច​បើក​កិច្ចប្រជុំ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ដៃគូ​អភិវឌ្ឍន៍​នានា​បាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​សម្រាប់​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ …

រាជធានី​ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ដៃគូ​អភិវឌ្ឍន៍​នានា​បាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​សម្រាប់​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ប្រធានបទ​សំខាន់​ចំនួន​ពីរ​គឺ ១-​របាយការណ៍​ត្រួតពិនិត្យ​តាមដាន​សមិទ្ធកម្ម​ប្រចាំត្រីមាស​ទី​៣​ឆ្នាំ​២០១៦ និង​២-​វឌ្ឍនភាព​ការ​កែសម្រួល​ផែនការ​សកម្មភាព​រួម​ដំណាក់កាល​ទី​៣ (CAP3) ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ម្សិលមិញ ។

សេចក្ដី​ប្រកាស​ដដែល​បាន​បន្ដ​ថា ក្នុង​ប្រធានបទ​ទី​១ លទ្ធផល​សម្រេច​បាន​ច្រើន​តាម​ផ្នែក​សំខាន់​ៗ​នៃ​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ តួយ៉ាង​មាន ៖

ក​-​បន្ត​ពង្រឹង​ភាព​ជឿ​ទុកចិត្ត​នៃ​ថវិកា លំហូរ​ចំណូល​និង​ចំណាយ​ថវិកា​កាន់តែ​រលូន ការ​ទូទាត់​សាច់ប្រាក់​កាន់តែ​មាន​ភាពល្អ​ប្រសើរ ព្រមទាំង​កាត់​បន្ថយ​បាន​ទាំងស្រុង​នូវ​បញ្ហា​បំណុល​កកស្ទះ ។

ខ​-​បន្ត​ពង្រឹង​គណនេយ្យ​ភាព​ហិរញ្ញវត្ថុ កិច្ចការ​សំខាន់​ៗ និង​ចាំបាច់​មួយ​ចំនួន​ត្រូវ​បាន​បន្ត​ពង្រឹង​និង​បញ្ចប់ ជា​ពិសេស ការ​រៀបចំ និង​ដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឱ្យ​សម្រេច​តាម​គោលដៅ ។ ទន្ទឹម​នឹង​នេះ ត្រូវ​រៀបចំ​បញ្ចប់​ការងារ​ជា​មូលដ្ឋាន​ដែល​នៅ​សេសសល់​នៅ​ក្នុង​ដំណាក់កាល​ទី​១ ដើម្បី​ឈាន​ឆ្ពោះទៅ​អនុវត្ត​ដំណាក់កាល​ទី​២ នៅ​ឆ្នាំ​២០១៧ ។

គ​-​ការ​ផ្សារ​ភ្ជាប់​ថវិកា​ទៅ​នឹង​គោលនយោបាយ គឺជា​គោលដៅ​ស្នូល​នៃ​ដំណាក់កាល​ទី​៣ ក្នុង​នោះ​ការងារ​អាទិភាព​មួយ​ចំនួន​ត្រូវ​បាន​ពង្រឹង​ដូច​ជា ការ​អនុវត្ត​ថវិកា​កម្មវិធី និង​អង្គភាព​ថវិកា​នៅ​តាម​ក្រសួង ស្ថាប័ន ការ​ពិនិត្យ​កែសម្រួល និង​រៀបចំ​យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៧-២០២៥ និង​គោលនយោបាយ​វិមជ្ឈការ​ហិរញ្ញវត្ថុ​នៅ​ថ្នាក់​ក្រោម​ជាតិ ។

ឃ​-​ការ​ត្រៀមលក្ខណៈ​សម្រាប់​ជំហាន​បន្ទាប់  ធ្វើការ​ពិនិត្យ និង​រៀបចំ​ក្របខ័ណ្ឌ​ថវិកា​ក្របខ័ណ្ឌ​គណនេយ្យ​ភាព និង​ក្របខ័ណ្ឌ​សវន​កម្ម​ផ្អែក​លើ​សមិទ្ធកម្ម​ដែល​ផ្សារ​ភ្ជាប់​ការ​ចំណាយ សម្រាប់​កម្មវិធី​នីមួយ​ៗ ។

ង​-​ការ​គាំទ្រ​ដល់​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ប្រកបដោយ​ជោគជ័យ​និង​ចីរភាព ពង្រឹង​និង​ពង្រីក​ភាព​ជា​អ្នកដឹកនាំ សមត្ថភាព​គ្រប់គ្រង សមត្ថភាព​បច្ចេកទេស ភាព​ជា​ម្ចាស់​ការ​ទទួលខុសត្រូវ និង​មាន​សមានគតិ​ភាព​ជាមួយ​ការ​គាំទ្រ ការ​អនុវត្ត​កម្មវិធី កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី​៣ និង​ដំណាក់កាល​បន្ទាប់ ។

ចំណែក​ប្រធានបទ​ទី​២ គឺជា​ផែនការ​សកម្មភាព​រួម​ដំណាក់កាល​ទី​៣ នៃ​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ត្រូវ​បាន​កែសម្រួល និង​ដាក់​ចេញ​ជា​៥​ផ្នែក ២១​គោលបំណង និង​៦៨​ចង្កោម​សកម្មភាព ដែល​តម្រូវ​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន និង​អង្គភាព​ក្រោម​ឱវាទ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំ​ផែនការ​សកម្មភាព​លម្អិត​ទៅ​តាម​គោលបំណង​និង​ចង្កោម​សកម្មភាព​នៅ​ក្នុង​ផែនការ​សកម្មភាព​ដំណាក់កាល​ទី​៣ ដែល​ពាក់ព័ន្ធ​នឹង​មុខងារ និង​ភារកិច្ច​របស់​សាមី​អង្គភាព ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ដំណាក់កាល​ទី​៣ ការ​ផ្សារ​ភ្ជាប់​ថវិកា​ទៅ​នឹង​គោលនយោបាយ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​បណ្ឌិត អូន ព័ន្ធ​មុនី​រ័​ត្ន ទេស​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ផ្តល់​អនុសាសន៍ និង​ណែនាំ​ជា​វិធានការ​សម្រាប់​អនុវត្ត​បន្ត ដោយ​សំណូមពរ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស តំណាង​ដៃគូ​អភិវឌ្ឍ​ទាំងអស់​បន្ត​ជួយ​គាំទ្រ​រាជរដ្ឋាភិបាល លើ​ការងារ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក៏​ដូច​ជា​កម្មវិធី​កែទម្រង់​ធំ​ៗ​ដទៃ​ទៀត ដែល​មាន​ភាព​ប្រទាក់ក្រឡា​គ្នា និង​កំពុង​បំពេញ​ឱ្យ​គ្នា ។

លើស​ពី​នេះ លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ចូលរួម​អនុវត្ត​កម្មវិធី​កែទម្រង់​នេះ ជា​ពិសេស ការ​ពិនិត្យ​និង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​សកម្មភាព​រួម​ដំណាក់កាល​ទី​៣ ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ដំណាក់កាល​ទី​៣ ការ​ផ្សារ​ភ្ជាប់​ថវិកា​ទៅ​នឹង​គោលនយោបាយ ដែល​ជា​កម្មវិធី​អាទិភាព​មួយ​ក្នុង​ចំណោម​កម្មវិធី​កែទម្រង់​ចម្បង​ទាំង​បី​របស់​រាជរដ្ឋាភិបាល ៕