ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១៦ ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​កម្ពុជា​ទាំងអស់​លក់​ស៊ី​មកា​តបាន​ជាង​១៩,៥​លាន ខណៈ​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន​មាន​ជាង​៥​លាន​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ អត្រា​នៃ​ការ​លក់​ស៊ី​មកា​ត​ទូរស័ព្ទ​ចល័ត​មាន​ចំនួន​ប្រមាណ​១៩​លាន​៥​សែន ស្មើនឹង​១៣០%​។ ចំណែក​អត្រា​អ្នក​ជាវ​សេវា​អ៊ី​ន​ធើ​រ​ណេ​ត​ …

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ អត្រា​នៃ​ការ​លក់​ស៊ី​មកា​ត​ទូរស័ព្ទ​ចល័ត​មាន​ចំនួន​ប្រមាណ​១៩​លាន​៥​សែន ស្មើនឹង​១៣០%​។ ចំណែក​អត្រា​អ្នក​ជាវ​សេវា​អ៊ី​ន​ធើ​រ​ណេ​ត​មាន​ប្រមាណ​៧​លាន ស្មើនឹង​ប្រមាណ​៤៥%​នៃ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​សរុប ។ នេះ​បើ​តាម​ប្រសាសន៍​លោក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ឲ្យ​ប្រើ​កម្មវិធី​ផ្ដល់​ព័ត៌មាន​សេវា​សាធារណៈ​តាម​រយៈ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន កាលពី​ថ្ងៃ​ទី​១៣ ធ្នូ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ។

លោក​រដ្ឋមន្ត្រី ត្រាំ អ៊ី​វ​តឹក លើក​ឡើង​ថា បច្ចុប្បន្ន​នេះ នៅ​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ព័ត៌មាន ។ ជាក់ស្ដែង នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក តាម​តួលេខ​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ កម្ពុជា​បាន​ពង្រីក​ខ្សែកាប​អុ​ប​ទិច​ប្រមាណ​២៦.៤១១​គីឡូម៉ែត្រ ដែល​មាន​ក្រុមហ៊ុន​ចំនួន​បី​នៅ​កម្ពុជា បាន​ទទួល​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ពង្រីក​បណ្ដាញ​ខ្សែកាប​អុ​ប​ទិច ហើយនឹង​បញ្ចប់​ការ​ស្ថាបនា​ខ្សែកាប​អុ​ប​ទិច​ឲ្យ​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ ។

លោក​បន្ថែម​ថា តាម​គម្រោង​របស់​ក្រសួង ក៏​ដូច​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ខិតខំ​ពង្រីក​បណ្ដាញ​សេវា​អ៊ីន​ធើ​រ​ណេ​ត​ឲ្យ​បាន​ដល់​តំបន់​ជនបទ​ដាច់​ស្រយាល និង​នៅ​តាម​បណ្ដា​ខេត្ត​ឆ្ងាយ​ៗ​ពី​រាជធានី​ភ្នំពេញ ។ លោក​ថា ៖ « តាម​រយៈ​ការ​ពង្រីក​វិសាលភាព​សម្រាប់​ប្រជាជន​ទូទៅ​អាច​ប្រើប្រាស់​បាន​នេះ ប្រជាជន​កម្ពុជា​ជា​ច្រើន​ទៀត​នឹង​ទទួល​បាន​សេវាកម្ម​អ៊ី​ន​ធើ​រ​ណេ​ត​ប្រើប្រាស់ ដោយ​រំពឹង​ថា អត្រា​នៃ​អ្នក​ប្រើប្រាស់​សេវា​អ៊ី​ន​ធើ​រ​ណេ​ត​កើនឡើង​ដល់​៨០%​នៃ​ចំនួន​ប្រជាជន​សរុប​នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ » ។

លោក​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ ក៏​ដូច​ជា​មន្ត្រីរាជការ​តាម​ស្ថាប័ន​នានា​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ឲ្យ​បាន​ច្រើន​និង​ទូលំទូលាយ ។ ជាក់ស្ដែង រាជរដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​ក្រសួង​ស្ថាប័នរដ្ឋ​នានា​បង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន និង​រៀបចំ​ការ​ចុះបញ្ជី​នានា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ផង​ដែរ ។

នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ផ្ដល់​ព័ត៌មាន​សេវា​សាធារណៈ​តាម​រយៈ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​មុខងារ​សាធារណៈ នៅ​ថ្ងៃ​នោះ​ដែរ លោក ពេជ្រ ប៊ុ​ន​ធិ​ន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​មាន​ប្រសាសន៍​ដែរ​ថា ការ​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ផ្ដល់​ព័ត៌មាន​សេវា​សាធារណៈ​តាម​រយៈ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​សម្រាប់​សាធារណជន​ទូទៅ​នេះ វា​ស្រប​ពេល​កំណើន​នៃ​អ្នក​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត និង​ស្មា​ត​ហ្វូ​ន​មាន​ចំនួន​ច្រើន ។ លោក​មាន​ប្រសាសន៍​ថា ៖ « បើ​តាម​ដែល​ខ្ញុំ​ដឹង​នោះ គិត​មក​ដល់​ពេល​នេះ អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទំនើប​ៗ ដែល​អាច​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត​បាន មាន​ចំនួន​៥​លាន​ឯណោះ ហើយ​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើងជា​លំដាប់ ខណៈ​ការ​នាំ​ចូល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មក​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ផង​ដែរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ » ៕