ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ដែល​ប្រើ​កាស​ស្ដាប់​សំឡេងអាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់

7 ឆ្នាំ មុន

ទីក្រុង New York សព្វ​ថ្ងៃនេះ ក្មេង​អាយុ​ទើបតែ​៣​ឆ្នាំ​ក៏​មាន​កាស​ត្រចៀក​ប្រើ ហើយ​នៅ​ពេល​ជិត​ដល់​រដូវ​ឈប់​សម្រាក អ្នក​លក់រាយ​បាន​ស្តុក​ទុក​ម៉ាក​កាស​ត្រចៀក​ …

ទីក្រុង New York សព្វ​ថ្ងៃនេះ ក្មេង​អាយុ​ទើបតែ​៣​ឆ្នាំ​ក៏​មាន​កាស​ត្រចៀក​ប្រើ ហើយ​នៅ​ពេល​ជិត​ដល់​រដូវ​ឈប់​សម្រាក អ្នក​លក់រាយ​បាន​ស្តុក​ទុក​ម៉ាក​កាស​ត្រចៀក​ជា​ច្រើន​ដែល​អះអាង​ថា មាន​សុវត្ថិភាព​សម្រាប់​ត្រចៀក​កូន​ក្មេង ឬ កាស​ត្រចៀក​មាន​សុវត្ថិភាព​១០០​ភាគរយ​។ ឧបករណ៍​ថ្មី​នេះ​មាន​មុខងារ​កំណត់​កម្រិត​សំឡេង ដែល​ឪពុក​ម្តាយ​ពឹងផ្អែក​លើ​ពួក​វា​ក្នុង​ការ​ការពារ​កុមារ​ពី​ការ​មាន​បញ្ហា​នៃ​ការ​ស្តាប់ ។ 

ប៉ុន្តែ​ការ​វិភាគ​ថ្មី​ដោយ Wirecutter ដែល​ជា​គេហទំព័រ​ផលិតផល​គ្រប់គ្រង​ដោយ​កាសែត New York Times បាន​រក​ឃើញ​ថា កាស​ត្រចៀក​ពាក់កណ្តាល​នៃ​កាស​ត្រចៀក​ទាំង​៣០​គ្រឿង​របស់​កុមារ​មិន​ជាប់​ក្នុង​ការ​ធ្វើតេស្ត​កំណត់​ពី​បរិមាណ​សំឡេង​ដូចដែល​បាន​សន្យា​នោះ​ទេ​។ កាស​ត្រចៀក​អាក្រក់​ទាំងនោះ​បង្កើត​សំឡេង​យ៉ាង​ឮ ហើយ​អាច​មាន​គ្រោះថ្នាក់​ដល់​ត្រចៀក​អ្នក​ស្តាប់​បាន ។

លោក​បណ្ឌិត Cory Portnuff គ្រូពេទ្យ​ផ្នែក​ការ​ស្តាប់​កុមារ​នៃ​សាកលវិទ្យាល័យ​មន្ទីរពេទ្យ Colorado ដែល​មិន​បាន​ចូលរួម​នៅ​ក្នុង​ការ​វិភាគ​នេះ​បាន​និយាយ​ថា ទាំងនេះ​គឺជា​ការ​រក​ឃើញ​ដ៏​អាក្រក់​តែ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ។ រោងចក្រ​ផលិត​ជា​ច្រើន​មិន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​នោះ​ទេ ។

ការ​វិភាគ​ថ្មី​នេះ​គួរ​ជា​ការ​ដាស់តឿន​រំលឹក​ដល់​ឪពុក​ម្តាយ​ទាំងឡាយ ដែល​គិត​ថា បច្ចេកវិទ្យា​កំណត់​សំឡេង​បាន​ផ្តល់​ជូន​នូវ​ការ​ការពារ​គ្រប់គ្រាន់ នេះ​បើ​យោង​តាម​សំដី​វេជ្ជបណ្ឌិត Blake Papsin ប្រធាន​គ្រូពេទ្យ​ផ្នែក​រោគ​ច្រមុះ ត្រចៀក និង​បំពង់ក​នៅ​មន្ទីរពេទ្យ​សម្រាប់​កុមារ​ក្នុង​រដ្ឋ​តូ​រ៉ុ​ន​តូ​បាន​និយាយ ។ លោក​បាន​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​ផលិត​កាស​ត្រចៀក​មិន​មាន​ចំណាប់អារម្មណ៍​ទៅ​លើ​សុខភាព​ត្រចៀក​របស់​កូន​អ្នក​នោះ​ទ​។ ពួក​គេ​មាន​ចំណាប់អារម្មណ៍​ចំពោះតែ​ការ​លក់​ផលិតផល​និង​ផលិតផល​មួយ​ចំនួន​មិន​មាន​ផល​ល្អ​សម្រាប់​អ្នក​នោះ​ទេ​» ។ 

ពាក់កណ្តាល​នៃ​ក្មេង​ដែល​មាន​អាយុ​ពី​៨​ទៅ​១២​ឆ្នាំ ស្តាប់​តន្ត្រី​ជា​រៀងរាល់ថ្ងៃ ហើយ​ជិត​ពីរ​ភាគ​បី​នៃ​ក្មេង​ជំទង់​ក៏​ធ្វើ​បែប​នេះ​ដូច​គ្នា នេះ​បើ​យោង​តាម​របាយការណ៍​មួយ​កាលពី​ឆ្នាំ​២០១៥ ដោយ​មាន​អ្នកចូលរួម​ជាង​២៦០០​នាក់​។ ការ​ស្តាប់​ដែល​មាន​សុវត្ថិភាព គឺ​ទាក់ទង​នឹង​កម្រិត​នៃ​សំឡេង និង​រយៈពេល​នៃ​ការ​ស្តាប់ ។ សូរ​សំឡេង​កាន់តែ​ខ្លាំង​ឡើង អ្នក​គួរតែ​ស្តាប់​វា​ក្នុង​រយៈពេល​ខ្លី​បាន​ហើយ ។

គ្រូពេទ្យ​ជំនាញការ​ស្តាប់​បាន​ផ្តល់​នូវ​គន្លឹះ​សំខាន់​មួយ​ចំនួន​សម្រាប់​ការ​ស្តាប់​ជាដំបូង ត្រូវ​រក្សា​កម្រិត​សំឡេង​នៅ​៦០​ភាគរយ ។ ទី​ពីរ លើកទឹកចិត្ត​ឱ្យ​កូន​របស់​អ្នក​សម្រាក​ជា​រៀង​រាល់​ម៉ោង ដើម្បី​អនុញ្ញាត​ឱ្យ​កោសិកា​រោម​នៅ​ក្នុង​រន្ធ​ត្រចៀក​ខាងក្នុង​បាន​សម្រាក ។ ការ​ស្តាប់​ដោយ​មិន​ឈប់​ឈរ នឹង​អាច​បំផ្លាញ​ត្រចៀក​របស់​អ្នក​បាន ៕