ខេត្តបាត់ដំបង ៖ ក្រុមអ្នកញៀននឹងល្បែងបញ្ជល់មាន់រាប់សិបនាក់ត្រូវគេរាយការណ៍ថា មកពីគ្រប់ទិសទី បានណាត់ជួបជុំគ្នាស្ទើររៀងរាល់ថ្ងៃអាទិត្យ ដើម្បីបញ្ជល់មាន់នៅក្នុងអាណាចក្រតំបន់ទេសចរណ៍ប្រាសាទបុរាណឯកភ្នំ ក្នុងឃុំពាមឯក ស្រុកឯកភ្នំ ។
តាមការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់នោះបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ទីតាំងសង្វៀនបញ្ជល់មាន់នោះស្ថិតនៅក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ នាភាគខាងជើងប្រាសាទឯកភ្នំ ដែលម្ចាស់សង្វៀនឈ្មោះមាស ។ អ្នកភូមិនិយាយថា ឈ្មោះមាស បានបង្កើតឱ្យមានសង្វៀនបញ្ជល់មាន់ចំនួន៣កន្លែងដើម្បីចល័តនៅពេលមានសភាពការណ៍មិនល្អ រាប់ទាំងសង្វៀននៅកណ្តាលវាលស្រែមួយកន្លែងផង ។ ប៉ុន្តែអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានហាក់ដូចជាត្រូវដង ត្រូវផ្លែគ្នាក្នុងអំពើអបាយមុខនេះ បើដូច្នេះមែន តើគោលការណ៍ភូមិ-ឃុំមានសុវត្ថិភាពពេលនេះនៅឯណា?
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៧ កុម្ភៈ គេឃើញក្រុមអ្នកញៀននឹងល្បែងនេះបានចាប់ផ្តើមជួបជុំគ្នាតាំងពីព្រឹក ដោយខ្លះមានស្ពាយមាន់ជល់មកជាមួយផង បានប្រមូលផ្តុំគ្នាជាង៥០នាក់ នៅកន្លែងសង្វៀនភូមិគោកដូង ។ ចំណែកមធ្យោបាយធ្វើដំណើរមានម៉ូតូ កង់ ផ្ញើតាមផ្ទះអ្នកស្រុក ។ បើតាមសាក្សីនៅកន្លែងបញ្ជល់មាន់និយាយថា នៅម៉ោងប្រហែល១២ថ្ងៃត្រង់ពួកគេបានភ្ញាក់ផ្អើលមួយប្រាវ ដោយសារតែមានអ្នកកាសែតចូលទៅលួចថត ។ គ្រានោះត្រូវសង្ស័យថា អាចមានអ្នកផ្តល់សញ្ញាឱ្យក្រុមអ្នកលេងផ្លាស់ទីកន្លែងភ្លាមៗទៅបញ្ជល់កណ្តាលវាលស្រែវិញ មិនមែនរឿងអ្នកកាសែតទៅថតទេ ។
លោកវិត វឿត នាយប៉ុស្តិ៍នគរបាលឃុំពាមឯក បានបដិសេធថា គ្មានកន្លែងបញ្ជល់មាន់ទេ នៅក្នុងមូលដ្ឋានរបស់លោកពេលនេះ ប៉ុន្តែពីមុនធ្លាប់មានមែន ។ ចំណែកលោកយៀម ប៊ុនលឿប អធិការស្រុកឯកភ្នំវិញ ក៏បានបដិសេធយ៉ាងដូច្នេះដែរ ។ លោកអធិការបានបញ្ជាក់ថា កន្លងមកនៅភូមិគោកដូងនេះវាគ្រាន់តែជាកន្លែងសាកល្បងមាន់លេងតែប៉ុណ្ណោះ ហើយកាលណោះលោកបានបញ្ជាឱ្យលោកមេឃុំហាមឃាត់បញ្ឈប់ហើយ ប៉ុន្តែពេលនេះបើនៅតែមានលេងទៀត ចាំលោកស្រាវជ្រាវសិន ។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិយាយថា កន្លែងបញ្ជល់មាន់នេះបានបើកលេងច្រើនខែមកហើយ និងមានទ្រង់ទ្រាយធំបំផុត ភាគច្រើនពួកគេជួបជុំគ្នាក្នុងថ្ងៃអាទិត្យ ។ អ្នកភូមិបានបញ្ជាក់ថា សង្វៀនបញ្ជល់មាន់នេះ បើគ្មានអាជ្ញាធរ ឬសមត្ថកិច្ចផ្តល់សញ្ញាភ្លើងខៀវទេ ពួកគេមិនអាចដំណើរការបានឡើយ ព្រោះសកម្មភាពល្បែងជក់ចិត្តនេះអ៊ូអរខ្លាំងណាស់ ៕
ចែករំលែកព័តមាននេះ