ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​៥​ចុះ​ហត្ថ​-​លេខា​រួម​គ្នា​លើក​ស្ទួយ​សហគ្រិនភាព​ផ្នែក​បច្ចេកវិទ្យា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ភាព​លំបាក​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​ដំបូង ជា​ពិសេស​ទៅ​លើ​អាជីវកម្ម​បច្ចេកវិទ្យា ក្រុមហ៊ុន Emerald HUB ជា​ការិយាល័យ​ធ្វើការ​រួម​គ្នា​ …

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ភាព​លំបាក​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​ដំបូង ជា​ពិសេស​ទៅ​លើ​អាជីវកម្ម​បច្ចេកវិទ្យា ក្រុមហ៊ុន Emerald HUB ជា​ការិយាល័យ​ធ្វើការ​រួម​គ្នា​សម្រាប់​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​, Smart Axiata, DTV STAR, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត និង Sabay Digital Corporation បាន​ចុះហត្ថលេខា​រួម​គ្នា ដើម្បី​ជំរុញ​កិច្ចការ​អភិវឌ្ឍន៍​សហគ្រិនភាព​ដល់​យុវវ័យ​កម្ពុជា ។

លោក ឈាង សុ​ភក្តិ សហ​ស្ថាបនិក Emerald HUB Co-working Space បានឱ្យ​ដឹង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ភាព​ជា​ដៃគូ​សហការ ដើម្បី​លើក​ស្ទួយ​សហគ្រិនភាព​ផ្នែក​បច្ចេកវិទ្យា​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ធ្នូ ថា ៖ «​ការ​បង្កើត​ការិយាល័យ​ធ្វើការ​រួម​គ្នា ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អេកូ​ឡេ​ស៊ី​នៃ​ការ​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​នៅ​ប្រទេស​កម្ពុជា ក្នុង​ការ​ជួយ​ជំរុញ​សហគ្រិន​វ័យក្មេង​ដែល​មានគំនិត​ផ្តួចផ្តើម និង​និស្សិត​អាច​បង្កើត​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព » ។

លោក​បន្ត​ថា ៖ « កិច្ចសហការ​នេះ Emerald HUB នឹង​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​បច្ចេកទេស​អ៊ី​ន​ធើ​រ​ណេ​ត និង​ថវិកា​សម្រាប់​ការ​ផ្សព្វផ្សាយ ព្រមទាំង​ជំរុញ​ការ​បង្កើត​អាជីវកម្ម​បច្ចេកវិទ្យា​ថ្មី ស្រប​នឹង​គោលបំណង​របស់ Emerald HUB ដែល​បង្កើត​ឡើង​បម្រើ​ប្រយោជន៍​ដល់​សិស្ស​-​និស្សិត និង​សហគមន៍​នៃ​អ្នក​បង្កើត​អាជីវកម្ម​ថ្មី ។ ជាក់ស្តែង គឺ​រៀន​បន្ថែម ចែករំលែក​បង្កើត​ថ្មី ធ្វើការ​រួម​គ្នា ភ្ជាប់​ទំនាក់ទំនង និង​រីក​ចម្រើន​ជាមួយ​គ្នា » ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart លោក Thomas Hundt បានឱ្យ​ដឹង​ថា ការិយាល័យ​ធ្វើការ​រួម​គ្នា​បាន​ដើរតួ និង​មានមុខ​ងារ​ជា​កន្លែង​សម្រាប់​សហគ្រិន​វ័យក្មេង​ពិភាក្សា និង​ផ្លាស់​ប្តូរ​គំនិត​ច្នៃប្រឌិត​ធ្វើ​អាជីវកម្ម​ថ្មី​ជាមួយ​គ្នា ។ ភាព​ជា​ដៃគូ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​រួមចំណែក​បន្ថែម​ទៀត​របស់ Smart ក្នុង​ការ​ជំរុញ​សហគ្រិនភាព​ផ្នែក​បច្ចេកវិទ្យា និង​ឌី​ជី​ថ​ល ដើម្បី​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូ​ឌី​ជី​ថ​ល​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បន្ត​ថា ៖ « តាម​រយៈ​កិច្ចសហការ​រួម​គ្នា​ពេល​នេះ យើង​សង្ឃឹមថា ការ​ប្រើប្រាស់​ការិយាល័យ​ធ្វើការ​រួម​គ្នា នឹង​លើកទឹកចិត្ត​សហគ្រិន​វ័យក្មេង​ដើម្បី​សម្រេច​ក្តី​សុបិន​របស់​ពួក​គេ » ។

ចំណែក​លោក Andrey Sheen នាយក​ប្រតិបត្តិការ​ក្រុមហ៊ុន​ឌី​ជី លើក​ឡើង​ថា ឌី​ជី​រីករាយ​ក្នុង​ការ​លើកកម្ពស់ និង​គាំទ្រ​ដល់ Emerald HUB ដើម្បី​ចែករំលែក​គំនិត​ច្នៃប្រឌិត និង​កិច្ច​ពិភាក្សា​ផ្សេង​ៗ ។ លោក​បន្ត​ថា ៖ «​យើង​ចង់ឱ្យ​អ្នក​រាល់គ្នា​អង្គុយ​នៅ​កន្លែង​មួយ​មាន​បរិស្ថាន​ល្អ ក្នុង​ការ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី ក្រោម​ទម្រង់​មួយ​ដែល​ផ្តល់​នូវ​ការ​រៀនសូត្រ ចែករំលែក បង្កើត ការ​ធ្វើ​ការងារ​ទំនាក់ទំនង និង​ការ​រីក​លូតលាស់​រួម​គ្នា » ។

អ្នកស្រី លឹ​ម សុ​ផា នាយិកា​អង្គភាព​ធនធានមនុស្ស​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត មាន​ប្រសាសន៍​ថា ៖ « នេះ​ជា​ការ​ជួយ​ដល់​សង្គម​មួយ​ធ្វើ​ឱ្យ​យុវវ័យ​កម្ពុជា​មានឱកាស ទីកន្លែង និង​ព័ត៌មាន​សម្រាប់​បង្កើត​អាជីវកម្ម ។ ពេល​អាជីវកម្ម​ពួក​គាត់​មានការ​រីក​ចម្រើន ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​ទាំងមូល​រីក​ចម្រើន ហើយ​វា​ស្រប​នឹង​ទស្សនវិស័យ​របស់​អម្រឹត ដែល​យើង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ទៅ​ដល់​អ្នក​បង្កើត​អាជីវកម្ម » ៕