ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជាតិ​ជិះ​យន្តហោះ​ក្នុងស្រុក​នៅ​មាន​កម្រិត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សព្វថ្ងៃ ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បើក​ថ្មី​ៗ និង​បើក​យូរ​មក​ហើយ​នៅ​កម្ពុជា ភាគច្រើន​គឺ​សំដៅលើ​ភ្ញៀវ​អន្តរជាតិ​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ …

រាជធានី​ភ្នំពេញ ៖ សព្វថ្ងៃ ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បើក​ថ្មី​ៗ និង​បើក​យូរ​មក​ហើយ​នៅ​កម្ពុជា ភាគច្រើន​គឺ​សំដៅលើ​ភ្ញៀវ​អន្តរជាតិ​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ ដូច​ជា ធ្វើ​ដំណើរ​ពី​ភ្នំពេញ​-​សៀមរាប ឬ​ក្រុងព្រះសីហនុ​ជាដើម ចំណែក​ភ្ញៀវ​ខ្មែរ​ជិះ​យន្តហោះ គឺ​តិចតួច​នៅឡើយ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​កម្ពុជា អង្គរ​អ៊ែ​រ បាន​លើក​ឡើង​កន្លង​មក ។

លោក តឹក រ៉េ​ត​សំរេច បាន​មាន​ប្រសាសន៍​ថា ៖ « ជើងហោះហើរ​ភ្នំពេញ​-​សៀមរាប មិន​ទាន់​មាន​ភ្ញៀវ​ខ្មែរ​ជិះ​យន្តហោះ​ច្រើន​នោះ​ទេ ហើយ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​អាច​វាយតម្លៃ​បាន​ថា ក្នុង​មួយ​ជើង​អាច​មាន​ជនជាតិ​ខ្មែរ​ជិះ​យន្ដហោះ​ត្រឹម​ជុំវិញ​១០០​នាក់ ។ ដូចនេះ បើ​យន្តហោះ​ណា​ធំ​បន្តិច​ដែល​អាច​មាន​កៅអី​១៨០ អីចឹង​ធ្វើ​ដំណើរ​តែ​មួយ​ជើង​មិន​ទាំង​ពេញ​ផង ។ ម្យ៉ាងទៀត នៅ​កម្ពុជា​ទាំងមូល​មាន​ក្រុមហ៊ុន​ក្នុងស្រុក​៣​ឯណោះ ដែល​បើក​ការ​ហោះហើរ​រាល់ថ្ងៃ ក្នុង​នោះ​មាន ក្រុមហ៊ុន​កម្ពុជា អង្គរ​អ៊ែ​រ ក្រុមហ៊ុន​ស្កា​យ​អង្គរ និង​ក្រុមហ៊ុន​បា​សា​កា​។ ហេតុនេះ បើសិនជា​ពឹង​ទៅ​លើ​ភ្ញៀវ​ខ្មែរ​នោះ យើង​មិន​អាច​ឈរជើង​បាន​ទេ ។ ដូចនេះ យើង​ធ្វើ​ម៉េច​ត្រូវ​រក​ភ្ញៀវ​ពី​ក្រៅ ជនបរទេស និង​ភ្ញៀវ​ទេសចរ​បរទេស ដើម្បី​គាំទ្រ​ជើងហោះហើរ​របស់​យើង​ឲ្យ​មាន​ស្ថិរភាព​អាច​ទប់ទល់​ជាមួយនឹង​ការ​ប្រកួតប្រជែង​ពី​ខាងក្រៅ » ។

ជា​និច្ចកាល ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​មួយ​ចំនួន​តែង​រៀបចំ​កម្មវិធី​បញ្ចុះតម្លៃ​សំបុត្រ​ពី​ភ្នំពេញ​-​សៀមរាប ឬ​ក្រុងព្រះសីហនុ​ជាដើម ដោយ​លក់​ក្នុង​តម្លៃ​ទាប​ដើម្បី​សម្រួល​ឲ្យ​ភ្ញៀវ​ខ្មែរ​មាន​លទ្ធភាព​អាច​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​បាន ។ ទាក់ទិន​នឹង​បញ្ហា​នេះ លោក តឹក រ៉េ​ត​សំរេច បន្ថែម​ថា វា​មិនមែន​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​ស្វែងរក​អតិថិជន​នោះ​ទេ ។ ការ​ធ្វើ​បែប​នេះ គឺ​គ្រាន់តែ​ជួយ​បំពេញ​កៅអី​ដែល​នៅ​សេសសល់​ឲ្យ​ភ្ញៀវ​ខ្មែរ​បាន​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ដែរ​តែ​ប៉ុណ្ណោះ ។ លោក​ថា ៖ « នោះ​ជា​ប្រូ​ម៉ូ​សិន​ដែល​យើង​រៀបចំ ហើយ​វា​មិនមែន​ជាទី​ផ្សារ​ដែល​យើង​គិត​ថា ហោះ​ទៅ​ដើម្បី​យក​លុយ​ពី​ក្នុងស្រុក​ទេ ។ ទីផ្សារ​របស់​យើង​មិន​អាច​ផ្អែក​លើ​ទីផ្សារ​ក្នុងស្រុក​ទេ គឺ​គ្រាន់តែ​បំពេញ​កៅអី​នៅ​សល់​តិចតួច​ប៉ុណ្ណោះ តែ​ទីផ្សារ​ដែល​យើង​ប្រឹងប្រែង​លក់​នោះ គឺ​ទីផ្សារ​ក្រៅ​ស្រុក និង​ភ្ញៀវ​បរទេស » ។

លោក​បញ្ជាក់​ដែរ​ថា ទោះបីជា​ប្រឹងប្រែង​លក់​នៅ​ខាងក្រៅ​ក៏​ដោយ ក៏​ប៉ុន្តែ​ការ​គាំទ្រ​នៅ​ខាងក្នុង​ស្រុក​មាន​សារសំខាន់​ណាស់​សម្រាប់​វិស័យ​អាកាសចរណ៍​ទាំងមូល ព្រោះថា​វិស័យ​នេះ​ក៏​ជា​ចំណែក​មួយ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ។

បើ​តាម​ទិ​ន្និ​ន័យ​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា​( Cambodia Airport ) បាន​បង្ហាញ​ថា នៅ​រយៈពេល​១១​ខែ​ឆ្នាំ​២០១៦​នេះ ចំនួន​ភ្ញៀវ​ចាកចេញ​ក្នុងស្រុក​( Domestic Departure )​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​១៥៥.៦៩៧​នាក់ អាកាសយានដ្ឋាន​សៀមរាប មាន​១៨០.៧៩៨​នាក់​, អាកាសយានដ្ឋាន​ព្រះ​សី​ហនុមាន​ចំនួន​៣២.០៣៣​នាក់ ។ ចំណែក​ចំនួន​ភ្ញៀវ​ក្នុងស្រុក​មក​ដល់​( Domestic Arrival ) អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​១៣៧.៧៨៨​នាក់​, អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប មាន​១៨៩.៨០២​នាក់ អាកាសយានដ្ឋាន​អន្ដរជាតិ ខេត្ត​ព្រះ​សី​ហនុមាន​ចំនួន​៤០.៦៣៤​នាក់ ៕