ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ទឹក​របស់​ស្ពាន​ហាល នៃ​ប្រាសាទអង្គរវត្ត ជួល​​ជុល​សម្រេច​ប្រមាណ​៧៥​ភាគរយ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • សៀមរាប

គម្រោង​ជួសជុល​កំពង់ទឹក របស់​ស្ពាន​ហាល​នៃ​ប្រាសាទអង្គរវត្ត ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា របស់​ប្រទេស​ជប៉ុន

ខេត្តសៀមរាប ៖ គម្រោង​ជួសជុល​កំពង់ទឹក របស់​ស្ពាន​ហាល​នៃ​ប្រាសាទអង្គរវត្ត ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា របស់​ប្រទេស​ជប៉ុន បាន​ឈាន​ដល់​ដំណាក់កាល​សម្រេច​ប្រមាណ​៧៥ ភាគរយ​ហើយ រហូត​មក​ដល់​ពេល​នេះ ។

លោក អន សុភាព បុរាណ​វិទូ និង​ជា​ប្រធាន​ក្រុមការងារ​ជួសជុល​ស្ពាន​ហាល​អង្គរវត្ត ឱ្យ​ដឹង​ថា គម្រោង​ជួសជុល​កំពង់ទឹក របស់​ស្ពាន​ហាល​នៃ​ប្រាសាទអង្គរវត្ត ដែល​ចាប់ផ្តើម​រយៈពេល​ជាង​៦​ខែ​មកនេះ បាន​ធ្វើ​ការងារ​ជា​ច្រើន​ដូច​ជា រៀប​ជញ្ជាំង ចាក់​បេតុង បុក​បង្ហាប់ដី​នៅ​គ្រឹះ​របស់​កំពង់ទឹក​ឡើង​វិញ​ជាដើម​នោះ គឺ​បាន​ឈាន​ទៅ​ដល់​ជិត​រួចរាល់​។

អ្នកជំនាញ​រូប​នេះ​បន្ត​ថា ការងារ​ជួសជុល​កំពង់ទឹក​នេះ គឺ​ដំណាក់កាល​ដំបូង​ត្រូវ​សិក្សា​ស្រាវជ្រាវ វា​.​យ​តម្លៃ​លើ​ការ​ខូចខាត និង​វិធីសាស្ត្រ​ជួសជុល​តាំងពី​ឆ្នាំ​២០២១​មក ចំណែកឯ​សកម្មភាព​ជួសជុល​បាន​ចាប់ផ្តើម​កាលពីដើម​ឆ្នាំ​២០២២ ហើយ​កំពុង​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។

អ្នកជំនាញ​នៃ​ការងារ​ជួសជុល​រូប​នេះ បន្ត​ឱ្យ​ដឹង​ថា កំពង់ទឹក​របស់​ស្ពាន​ហាល​នៃ​ប្រាសាទអង្គរវត្ត មានការ​ខូចខាត​ជា​ខ្លាំង ជា​ពិសេស​រចនា​សម្ពន្ធ​របស់​កំពង់ ទឹក​ផ្នែក​ខាងជើង​។ ចំណែក​គ្រឹះ​ផ្នែក​ត្រង់​របស់​ស្ពាន​ហាល និង​កំពង់ទឹក​វិញ គឺ​ថ្មបាយក្រៀម​មាន​សភាព​ពុក​ផុយ​ខ្លាំង តាំងពី​កាំ​ថ្ម​ទី​១​ដល់​កាំ​ទី​៤​។ ជញ្ជាំង​ផ្នែក​ខាងជើង​របស់​ស្ពាន​ហាល​ទ្រុឌទ្រោម​ខ្លាំង បាន​រលុះ​ធ្លាក់​ចូល​ទៅ​ក្នុង​ក​សិន្ធុ​ស្ទើរតែ​ទាំងស្រុង​។ ជញ្ជាំង​ផ្នែក​ខាងលិច និង​ខាងកើត ក៏​មាន​សភាព​ហែក​ចេញពី​គ្នា​ដែរ​។ ហើយ​ក្នុង​ការងារ​ជួសជុល​កំពង់ទឹក​របស់​ស្ពាន​ហាល​នៃ​ប្រាសាទអង្គរវត្ត​ឡើង​វិញ​នេះ គឺ​តម្រូវ​ឱ្យ​រុះរើ​ជញ្ជាំង​ផ្នែក​ខ្លះ​ដែល​ពុក​ផុយ​ខ្លាំង ហើយ​ចាក់​បេតុង​ផ្នែក​ខាងក្នុង ដើម្បី​ពង្រឹងគុណភាព​ជញ្ជាំង​ឡើង​វិញ​។ រីឯ​ផ្នែក​ខាងត្បូង ដែល​ខិត​ជិត​មក​ផ្នែក​ត្រង់​របស់​ស្ពាន​ហាល គឺ​ជញ្ជាំង​នៅ​មាន​ស្ថាន​ភាពល្អ និង​បាន​រក្សា​ទុក​ដដែល ដោយ​គោរព​ទៅ​តាម​គោល ការណ៍ របស់​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា​អាយ​ស៊ី​ស៊ី​-​អង្គរ​។

លោក អន សុភាព ឱ្យ​ដឹង​ទៀត​ថា កំពង់ទឹក របស់​ស្ពាន​ហាល​នៃ​ប្រាសាទអង្គរវត្ត មាន​ទំហំ​១២​ម៉ែត្រ​បួន​ជ្រុង និង​មាន​សណ្ឋាន​ដូច​គ្នា​ទៅ​នឹង​កំពង់ទឹក​ផ្នែក​ខាងត្បូង​ដែរ ហើយ​ក្រុមការងារ​នឹង​ខិតខំ​ប្រឹងប្រែង​ជួសជុល ដើម្បី​ឈាន​ទៅ​បញ្ចប់​នៅ​បំណាច់​ឆ្នាំ​២០២២​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ