ធនាគារឯក​ជន មីក្រូហិរញ្ញ​វត្ថុ គឺ​ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​របស់​ឯក​ជន​មួយ​រយ​ភាគ​រយ ហើយ​មិន​មែន​ជា​របស់រដ្ឋ​ឡើយ។

ស្រាវជ្រាវ » គួរ​យល់​ដឹង

សត្វ​«​ខ្សឹប​»​ជិត​ផុត​ពូជ​រង​ការ​គំរាមកំហែង​ពី​ការ​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី

ដោយ ៖ សហការី   

ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១០:១៨   (11-12-2016 10:18)

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) កាលពី​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ​២០១៦ ឱ្យ​ដឹង​ថា ការ​ស្នើ​សុំ​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​នៅ​ជាប់​តំបន់ការពារទេសភាព​ទំនាប​ខាងជើង​ទន្លេសាប​ដែល​ប្រហែលជា​ដំណើរការ​សាងសង់​នៅ​ដើមឆ្នាំ​២០១៧ នឹង​ក្លាយជា​ការ​គំរាមកំហែង​ថ្មី​មួយ​ចំពោះ​សត្វ​ខ្សឹប ។

សត្វ​ខ្សឹប (​ឬ​ទ្រមាក់​អណ្តើក​) ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត ខណៈ​ចំនួន​របស់​វា​នៅ​លើ​សាកលលោក​មាន​តិច​ជាង​៨០០​ក្បាល​។ កម្ពុជា​គឺជា​ប្រទេស​ដ៏​សំខាន់​បំផុត​នៅ​លើ​សាកលលោក​ដើម្បី​អភិរក្ស​សត្វ​ខ្សឹប​កុំឱ្យ​បាត់បង់ ។ នៅ​ក្នុង​ឆ្នាំ​២០១២ ក្រុម​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ East Anglin បាន​រក​ឃើញ​ថា មាន​សត្វ​ខ្សឹប​ប្រមាណ​៤៣២​ក្បាល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ។

បណ្ឌិត Paul Dolman ពី​សាកលវិទ្យាល័យ East Anglan និយាយ​ថា «​តាម​រយៈ​ការ​បំពាក់​ឧបករណ៍​តាមដាន​ជាមួយ​សត្វ​ខ្សឹប​ចំនួន​១៥​ក្បាល ពួក​យើង​រក​ឃើញ​ថា​សត្វ​ខ្សឹប​ហើរ​ឆ្លងកាត់​ទីតាំង​ដែល​បាន​ស្នើ​សុំ​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​នេះ​ចំនួន​២​ដង​រៀង​រាល់​ឆ្នាំ​ដើម្បី​ទៅ​កាន់​កន្លែង​ពង​កូន និង​ត្រឡប់​មក​កាន់​ទីជម្រក​វិញ ។

សត្វ​ខ្សឹប​មួយ​ចំនួន​ប្រហែលជា​ធ្វើ​ដំណើរ​ឆ្លងកាត់​កន្លែង​ស្នើ​សុំ​នេះ​ច្រើន​ដង​ជាង​នេះ ខណៈ​គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនី​នេះ​នឹង​ត្រូវ​គេ​សាងសង់​នៅ​ជិត​តំបន់ការពារទេសភាព​ទំនាប​ខាងជើង​ទន្លេសាប​ដែល​គាំទ្រ​លើ​ការ​រស់នៅ​របស់​សត្វ​ខ្សឹប​ច្រើន​ជាងគេ​បង្អស់​នៅ​លើ​សាកលលោក » ។

ខ្សែ​បញ្ជូន​អគ្គិសនី​រមែងតែងតែ​ជា​បញ្ហា​សម្រាប់​សត្វ​ស្លាបមាន​មាឌធំ និង​ហើរ​យឺត​ដែល​ពិបាក​ក្នុង​ការ​ឆ្លងកាត់​ដូច​ជា​ប្រភេទ​សត្វ​ត្រដក់ ក្រៀល និង​មំ​សា​បក្សី ដែល​ប្រភេទ​សត្វ​ទាំង​អស់នេះ​កំពុង​រស់នៅ និង​ពឹង​អាស្រ័យ​លើ​តំបន់ការពារទេសភាព​ទំនាប​ខាងជើង​ទន្លេសាប​។ ខ្សឹប​គឺជា​សត្វ​ស្លាប​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ចំពោះ​កា​រប​ម្លា​ស់​ទី​ដែល​មាន​ខ្សែ​បញ្ជូន​អគ្គិសនី​នៅ​កាត់មុខ ដោយសារ​តែ​ពួក​វា​មិន​អាច​មើលឃើញ​បាន​ធំ​ទូលាយ ។ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ East Anglia និង​សាកល​វិទ្យា​ល័យ Lisbon បាន​រក​ឃើញ​ផល​ប៉ះពាល់​ធ្ងន់​នៃ​ខ្សែ​បញ្ជូន​អគ្គិសនី​ចំពោះ​សត្វ​ស្លាប​មាឌធំ​រស់នៅ​តំបន់​អាស៊ី​កណ្តាល អាហ្វ្រិក​ខាងត្បូង និង​អឺរ៉ុប ហើយ​ក៏​បង្ហាញ​ផង​ដែរ​អំពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ចំពោះ​សត្វ​ខ្សឹប​នៅ​ក្នុង​កម្ពុជា​ផង​ដែរ ។

លោក​ហុង ចំណាន ប្រធាន​គម្រោង​អភិរក្ស​សត្វ​ខ្សឹប និយាយ​ថា ៖ «​ការ​ការពារ​ចំនួន​នៅ​សេសសល់​របស់​សត្វ​ខ្សឹប​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិតជា​ចាំបាច់​ខ្លាំង​ណាស់​សម្រាប់​ការ​រស់រាន​មានជីវិត​របស់​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​។ ក្រុមហ៊ុន​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី ត្រូវ​តែ​ប្រាកដ​ថា​សត្វ​ខ្សឹប​ធ្វើ​ប​ម្លា​ស់​ទី​បាន​ដូច​ធម្មតា ទោះបីជា​មានការ​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​នេះ​ក៏​ដោយ ។

តំបន់ការពារទេសភាព​ទំនាប​ខាងជើង​ទន្លេសាប (​អតីត​តំបន់​អភិរក្ស​សត្វ​ខ្សឹប​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៦ និង​គ្របដណ្តប់​លើ​ផ្ទៃដី​៣១.១៥៩​ហិ​កតា​នៅ​ក្នុង​ខេត្តកំពង់ធំ និង​សៀមរាប ។ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​អភិរក្ស​តំបន់​ការពារទេសភាព​ទំនាប​ខាងជើង​ទន្លេសាប និង​សត្វ​ស្លាប សំខាន់​ៗ​ដូច​ជា​សត្វ​ខ្សឹប​ជាដើម តាម​រយៈ​សកម្មភាព​ជា​ច្រើន​ដូច​ជា​ការ​អនុវត្ត​ច្បាប់  ការ​ការពារ​សំបុក​សត្វ​ខ្សឹប និរន្តរភាព​ស្រូវ និង​ការ​លើកកម្ពស់​ការ​យល់​ដឹង​ដល់​ប្រជា​សហគមន៍​ជាដើម ។

លោក Simon Mahood ទីប្រឹក្សា​ប្រឹក្សា​បច្ចេកទេស​ជាន់ខ្ពស់​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​និយាយ​ថា ៖«​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​ដើម្បី​ការពារ ឬ​កាត់​បន្ថយ​ឱកាស​សត្វ​ខ្សឹប​អាច​ស្លាប់​ដោយសារ​ការ​ហោះ​ទៅ​បុក​នឹង​ខ្សែ​បញ្ជូន​អគ្គិសនី គឺ​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​វាង​កន្លែង​ដែល​សត្វ​ខ្សឹប​ធ្វើ​ប​ម្លា​ស់​ទី​ដើម្បី​ពង​កូន » ។

គួរ​រៀបចំ​របាំង​ការពារ ដាក់​ឌី​ស ឬ​រុំ​ព័ទ្ធ​ខ្សែ​បញ្ជូន​អគ្គិសនី​ដែល​សត្វ​ស្លាប​អាច​ងាយ​មើលឃើញ​នៅ​ពេល​ពួក​វា​ហើរ​ឆ្លងកាត់ ដើម្បី​កាត់​បន្ថយ​ចំនួន​សត្វ​ស្លាប​ដែល​អាច​ហោះ​បុក​នឹង​ខ្សែ​បញ្ជូន​អគ្គិសនី​នោះ » ។

គម្រោង​អភិរក្ស​សត្វ​ខ្សឹប​ទទួល​បានការ​គាំទ្រ​ថវិកា​ពី John D. and Catherine T. MacArthur Foundation, Critical Ecosystem Partnership Fund, Mohammed bin Zayed Species Conservation Fund, Chester Zoo, North Srar Scienec & Technology, Ford Motor Company, National Avian Research Centre International Fund For Houbara Conservation ៕