ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​​​រួច​រាល់សម្រាប់​​កិច្ចប្រជុំ​​គណៈ​កម្មាធិការ​​​ព្រំដែន​​នៅ​ឥណ្ឌូនេស៊ី​​…​ភាគីថៃ​មិន​ទាន់​ឆ្លើយ​តប

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ទីភ្នាក់ងា​​​រ​ព័ត៌មាន​ផ្លូវ​​ការ​​​ចិនស៊ីនហួ ថ្ងៃទី​​៨ មីនា ២០១១ ​​​ម្សិលមិញ​​ បានដក​ស្រង់​សម្តី​លោក​​កុយ គួង ​អ្នកនាំពាក្យ​​ក្រសួង​​ការ​បរទេស និង​សហប្រតិបត្តិការ​​អន្តរ​ជាតិ​​​នៃព្រះ​រាជាណាចក្រកម្ពុជា ​​ថ្លែង​​​​​ថា ប្រទេស​ឥណ្ឌូណេស៊ីដែល​​ជា​ប្រធានអាស៊ាន​​​ផ្លាស់​ប្តូរ​​​វេន​​​បានស្នើ​​ឱ្យ​មានកិច្ចប្រជុំ​​​រដ្ឋ​មន្ត្រី​​​ការពារ​ប្រទេស​កម្ពុជា​-ថៃ ​និង​កិច្ចប្រជុំ​​គណៈ​កម្មាធិការ​​​ព្រំដែន​​ពី​​ថ្ងៃទី​​​២៤ ដល់ថ្ងៃទី​​​២៥ មីនា ខាង​មុខ​នេះ ​នៅក្នុង​ទីក្រុង​​​បូហ្គ័រ ​ប្រទេស​ឥណ្ឌូណេ​ស៊ី ​។ លោកកុយ គួង ​ថ្លែង​​ឱ្យ​​​ដឹង​ទៀត​ថា ​រដ្ឋ​មន្ត្រី​​ការ​បរទេស​​​ឥណ្ឌូណេ​ស៊ី​​​លោក​ម៉ាធី ​ណា​តា ​ឡេ​ហ្គា​វ៉ា ​កាលពី​ថ្ងៃ​ទី​​៧ មីនា កន្លងមក ​​បាន​ផ្ញើ​លិខិត​​​មួ​យ​ច្បាប់​​មក​​កម្ពុជា​​ស្នើរៀបចំ​​កិច្ចប្រជុំគណៈ​កម្មាធិ​ការ​ព្រំដែន​​​ទូទៅ (GBC) និង​កិច្ចប្រជុំ​​គណៈ​កម្មា​ធិការ​​ព្រំដែន​​​​ចម្រុះ (JBC) ទទួលបន្ទុក​​កំណត់​ព្រំ​ដែន​​គោក​​រវាង​​ប្រទេស​កម្ពុជា ​និង​​ប្រទេសថៃ ​នៅ​ក្នុងទីក្រុង​បូហ្គ័រ ។​

ទីភ្នាក់ងារ​​ព័ត៌​មាន​​​​ស៊ីនហួ ​បានដកស្រង់​​សម្តី​លោកកុយ គួង ​ថ្លែង​ទៀត​​ថា កាលពីព្រឹក​​​ថ្ងៃ​​​ទី​៨ មីនា ២០១១ ​ម្សិលមិញ​នេះ ​​លោក​ឧប​នាយក​​​រដ្ឋ​មន្ត្រី​​ហោ ណាំហុង ​រដ្ឋ​មន្ត្រី​​​​ក្រសួង​ការ​បរទេស ​និង​សហ​ប្រតិបត្តិការ​​អន្តរជាតិ​កម្ពុជា បាន​​​ឆ្លើយ​តប​​រួចហើយ​​​​ចំពោះ​សំណើ​​នេះគឺកម្ពុជា​​​ឯក​ភាព​ចំពោះកាល​បរិច្ឆេទ​​​នៃកិច្ច​​ប្រជុំ​នោះ ។ ​លោក​​កុយ គួង ​ថ្លែង​បន្តទៀត​ថា ​«នៅ​ក្នុង​​លិខិត​​មួយ​​ច្បាប់​​ផ្ញើ​ជូន​​​​លោក​​ណាតា ​ឡេ​ហ្គា​វ៉ា ​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​បាន​សរសេរ​​​ថា ​កិច្ចប្រជុំនោះត្រូវ​តែ​រៀបចំ​ឡើង​​ដោយ​​មានការ​​ចូលរួមពីប្រធាន​អាស៊ាន ឬ​តំណាង​​អាស៊ាន ​យ៉ាងហោចណាស់​​ក៏​បានចូល​រួម​​ក្នុង​​ពិធីបើក​កិច្ចប្រជុំ​​ដែរ ។ ​នៅ​ពេលកិច្ច​ប្រជុំ​​ចប់ កម្ពុជា​ និងថៃ ត្រូវ​​តែ​រាយការណ៍​ពី​លទ្ធ​ផល​​នៃការ​ប្រជុំ​​ជូនទៅ​ប្រធានអាស៊ាន»។​ កម្ពុជា​សង្ឃឹមទៀត​ថា ​ថៃ​នឹង​​ឯកភាពចំពោះ​​សំណើ​​បើក​កិច្ចប្រជុំនោះដែរ ។ ​ទោះបី​ជា​បែបណា ​ខាង​​ភាគី​​ថៃ​មិន​​ទាន់ឆ្លើយ​​តប​​យ៉ាង​ណា​​ចំពោះ​សំណើ​​របស់ប្រធាន​​អាស៊ាន​នោះ​នៅឡើយ​ទេ៕