ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុកឱសានវាទ ១ខែដល់ម្ចាស់ឡធ្យូងខ្នាតយក្ស រុះរើ ខណៈម្ចាស់ឡធ្យូង​ ចាយលុយ ២លាន លើអ្នកកាសែត និង ៥លាន លើមន្ត្រី​យោធា

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ ទុកឱសាន​វាទរយៈពេលមួយខែ ដល់ម្ចាស់ឡធ្យូង ខ្នាតយក្ស ចំនួន ៣​។ បើមិនព្រមរុះរើ អាជ្ញាធរ នឹងចុះវាយកម្ទេចចោល។…

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ ទុកឱសាន​វាទរយៈពេលមួយខែ ដល់ម្ចាស់ឡធ្យូង ខ្នាតយក្ស ចំនួន ៣​។ បើមិនព្រមរុះរើ អាជ្ញាធរ នឹងចុះវាយកម្ទេចចោល។ នេះបើតាមអភិបាលស្រុកបុរីអូរស្វាយសែនជ័យ ប្រាប់ដល់អ្នកសារព័ត៌មាន នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នេះ​។

បន្ទាប់ការសាងសង់ និងផលិតបានជាលទ្ធផលធ្យូងសម្រេច អាជីវកម្ម ដែលបង្កើតជាឡ​ខ្នាតយក្ស គ្មានច្បាប់នេះ ស្ថិតនៅភូមិណាអ៊ូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ក៏ត្រូវអាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ បញ្ជាឲ្យរុះរើឲ្យអស់នូវឡធ្យូងខ្នាតយក្ស ចំនួន៣ ត្រឹមរយៈពេល ១ខែ។ បើពុំនោះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់។

អភិបាលស្រុកបុរីអូរស្វាយសែនជ័យ លោក លី មីណា បានប្រាប់អ្នកសារព័ត៌មានថា ឡធ្យូងខ្នាតយក្សចំនួន៣ បានសាងសង់ជាប់ៗគ្នា ក្នុងទីតាំងតែមួយ ដោយប្រក់ស្បូវ ស្ថិតក្នុងភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ក្នុងដែនសមត្ថកិច្ចរបស់លោក។

លោកថា បន្ទាប់ពីបានទទួលព័ត៌មាន កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ លោកក៏បានបញ្ជាឲ្យមន្ត្រីរបស់លោក ចុះ​ទៅពិនិត្យ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ហើយបាន​ដាក់ឱសានវាទដល់ម្ចាស់ឡដុតធ្យូង ត្រូវតែរុះរើឱ្យអស់ ក្នុងរយ:ពេល ១ខែ គិតចាប់ពីថ្ងៃទី៤កក្កដា រហូតដល់ថ្ងៃទី៤ ខែសីហា។ បើដល់ថ្ងៃកំណត់ហើយ មិនព្រមរុះរើ សុខចិត្តឱ្យធ្វើតាមផ្លូវច្បាប់។

អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់ថា ក្រោយពី​ទទួលបានព័ត៌មានពីមន្ត្រីជំនាញ ម្ចាស់ឡដុតធ្យូងទាំង ៣នាក់ខាងលើ ដែលមានឈ្មោះ វ៉ន វ៉ា, វ៉ន ផាន និង ទូច វិត ​ដែលអ្នកទាំង ៣ រស់នៅខេត្តក្រចេះ បានព្រមចុះហត្ថលេខា និងផ្តិតមេដៃ យល់ព្រម ធ្វើតាមកិច្ចសន្យារបស់មន្ត្រីជំនាញផងដែរ។

យោងតាម​ម្ចាស់ឡដុតធ្យូង លោក វ៉ាន វ៉ា ឡដុតធ្យូងខាងលើនេះ សាងសង់រយៈពេលជាង ៤ខែ ទើបរួចរាល់ ដោយអស់ថវិកាជាង ១ម៉ឺនដុល្លារ។

លោកថា នៅពេលសង់រួច លោកទើបតែដុត​ធ្យូង និងលក់ចេញបានតែម្តងគត់ និងរៀបចំឈើបញ្ចូលឡ ដុតជាលើកទី២។

លោក វ៉ន វ៉ា ​ប្រាប់សារព័ត៌មានថា បន្ទាប់សាងសង់ឡនេះ និងបានដំណើរការផលិតធ្យូង គឺមានអ្នកសារព័ត៌មាន មកយកលុយពីគាត់ចំនួន ២លានរៀល។ បន្ទាប់មកប៉ុន្មានថ្ងៃ អ្នក​សារព័ត៌មាននោះ បាននាំបុរសម្នាក់ មកយកលុយ ៥លានរៀនបន្ថែមទៀត ដោយ​ប្រាប់ថា ជួយរត់ការច្បាប់ឱ្យ។ តែក្រោយ​ពីយកលុយរួច រហូតដល់ពេលនេះ បុរសម្នាក់នោះ មិនទាន់មានឯកសារអ្វីជាសំអាង ដើម្បីឱ្យគាត់ធ្វើអាជីវកម្មនោះបានសោះ។

លោកបន្តថា បុរសម្នាក់នោះ មកជួបគាត់ គឺស្លៀកពាក់ស៊ីវិល ហើយគាត់ព្យាយាមសួរថា នៅខាងណា? តែគាត់មិនប្រាប់ គ្រាន់តែឱ្យលេខទូរស័ព្ទ ០៩៧ ៩៨១ ៤៤៤៤ ហើយប្រាប់ថា បើមានអ្នកណា ចូលមកដល់ ប្រាប់អោយទាក់ទងទៅគាត់ គាត់នឹងទទួលសម្រប​សម្រួលដោះស្រាយឱ្យ​។

ចំណែក​លោក ម៉ាត់ ណូវ៉ាន់ មន្ត្រីយោធាពាក់ស័ក្កិ២ ដែលជាអ្នកទទួលលុយ ៥លានរៀលពីម្ចាស់ឡធ្យូងម្នាក់ខាងលើ ដោយប្រាប់​ថា យកទៅរត់ច្បាប់ជូនម្ចាស់ឡធ្យូងនោះ លោ​កបាននិយាយផ្ទាល់មាត់ថា លុយ៥លានរៀលនោះ លោកបានចែកចាយ ទៅសមត្ថកិច្ច និង​អាជ្ញាធរអស់ហើយ។ លុយប៉ុណ្ណឹង មិនអាចទៅរត់ច្បាប់​បានទេ។

ពាក់ព័ន្ធករណីនេះ មន្ត្រីស្រុកម្នាក់ ប្រាប់ថា នឹងមានវិធានការទៅលើបុគ្គល ជាមន្ត្រីយោធានោះ ក្រោយការស៊ើប និងជូនដំណឹងដល់ប្រធានអង្គភាព៕ ​រ៉ូ​ សាលី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ