ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆៃ សា​រ៉ា និង វេ​ង សុ​ភ័ក្ដ្រ ជួប​ថៃ​នៅ​លើ​សង្វៀន Black Cat

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ទី​១១ ធ្នូ ខានស្អែក​នេះ ប្រដាល់​«​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា ។

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ទី​១១ ធ្នូ ខានស្អែក​នេះ ប្រដាល់​«​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា ។ ការ​ប្រកួត​នៅ​ចុង​ស​ប្ដា​ហ៍​នេះ កីឡាករ ឆៃ សា​រ៉ា ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​រូប​ដែរ និង​កីឡាករ​វ័យក្មេង វេ​ង សុ​ភ័ក្ត្រ ដែល​សុទ្ធតែ​ជើង​ខ្លាំង​ត្រូវ​បាន​សង្វៀន​មួយ​នេះ​បើកផ្លូវ​ឱ្យ​ស្វាគមន៍​កីឡាករ​ថៃ​មក​ពី​បាងកក ដោយ​រំពឹង​ថា ការ​ប្រកួត​នៅ​យប់​ថ្ងៃអាទិត្យ​នេះ​នឹង​កក្រើក​ខ្លាំង​មិន​ខាន ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង៨​យប់​ក្រោម​ការ​រៀបចំ​របស់​ស្រា​បៀរ Black Cat និង​ស្ថិត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​នេះ​ដំណើរការ​ចំ​ពេល​រាត្រី​ថ្ងៃអាទិត្យ ដែល​មាន​អ្នក​ទស្សនា​យ៉ាង​កកកុញ​ស្រាប់ បើ​ទោះ​ជា​​ការ​ប្រកួត​ស្ថិត​ជា​លក្ខណៈ​ជាតិ និង​ជាតិ​ក្ដី ។ កីឡាករ​កម្ពុជា​២​រូប គឺ ឆៃ សា​រ៉ា និង វេ​ង សុ​ភ័ក្ត្រ ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​យប់​ថ្ងៃអាទិត្យ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃខានស្អែក ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប​មាន​បំណង​ប៉ះ​គ្នា​យូរហើយ​មុន​ពេល​មានការ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​របស់​ស្រា​បៀរ​ប្លេ​ក​ខេត ឲ្យ​ពួក​គេ​ប្រកួត​គ្នា​នេះ ។ ក្នុង​នោះ ភាគី​ខាង​កីឡាករ​កម្ពុជា​បាន​ទាំង​សុំ​ខ្លួនឯង​សាក​កណ្ដាប់ដៃ​គ្នា​តាំងពី​ឮ​មានការ​ផ្គូផ្គង​នោះ​ផង ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់​ឆៃ សា​រ៉ា មក​ពី​ក្លិប​ក្រសួងការពារជាតិ ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាក​ថៃ​ឈ្មោះ​ផា យ៉ាក់​ឡេ​ក ក្នុង​នាម​ជា​គូ​ឯក​អន្តរជាតិ​សម្រាប់​ប្រដាល់​អន្តរជាតិ​នៅ​យប់​ថ្ងៃអាទិត្យ​នោះ ។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​ភាគី​ទាំង​ពីរ​សុទ្ធតែ​បានដឹង​ពី​គ្នា និង​ទទួលយក​ការ​ផ្គូផ្គង​សម្រាប់​ការ​ជួប​គ្នា ។ កីឡាករ​ឆៃ សា​រ៉ា លោក​ចាត់​ទុក​ថា ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ ទើប​សម្រេច​ឱ្យ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន Black Cat  ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​ដោយ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។

លោក​ជឿជាក់​ថា សមត្ថភាព​កីឡាករ​រូប​នេះ​វាយ​សន្ធាប់​បាន​ល្អ បើ​ទោះជា​មុន​នេះ​បន្តិច​គេ​ត្រូវ​បរាជ័យ​ក្រោម​ដៃ​កីឡាករ​ថៃ​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ក្ដី ។ លោក​ថា ការ​ចាញ់​នោះ​ជា​រឿង​ភ្លាត់ស្នៀត​ប៉ុណ្ណោះ ប៉ុន្តែ​ធាតុ​ពិត​គឺ​លោក​ទុកចិត្ត​កីឡាករ​កម្ពុជា​រូប​នេះ ទើប​លោក​សម្រេចចិត្ត​ឱ្យ​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ខាងលើ ។ លោក​ថា គូ​នេះ​ជា​ជំនួប​អ្នក​ខ្លាំង​ប៉ះ​អ្នក​ខ្លាំង ទើប​លោក​រំពឹង​យ៉ាងច្រើន​ថា ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ពិតជា​ល្អ​ត្រូវចិត្ត ។ ក្នុង​ជំនួប​គូ​នេះ កីឡាករ​ថៃ​ផា យ៉ាក់​ឡេ​ក ធ្លាប់​ប្រកួត​៧២​លើក ឈ្នះ​៥៩​លើក និង​ចាញ់​១៣​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​៦៣​លើក ឈ្នះ​៥១​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ។

សម្រាប់​កីឡាក​រវេ​ង សុ​ភ័ក្ត្រ លោក​ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​ឈ្មោះ​យ៉​ត សេន​ឆាយ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​​ស្រា​បៀរ​Black Cat នៅ​យប់​ថ្ងៃអាទិត្យ​នោះ​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល វេ​ង សុ​ភ័ក្ត្រ ទើប​តែ​ឡើង​កូដ​តែ​ពេល​ខ្លះ​ម្ដង​ល្អ​ម្ដង​ធ្លាក់ដៃ​ពិបាក​ប៉ាន់ស្មាន​ពី​កម្រិត​ប្រកួត​១០០​ភាគរយ ហើយ​កីឡាករ​ថៃ​ក៏​មិន​ណ​យ ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៧៣​លើក ឈ្នះ​៦៨​លើក និង​ចាញ់​៥​លើក រីឯ​កីឡាករ​កម្ពុជា​ដ្បិតថា​ក្មេង​មែន តែ​ក៏​ធ្លាប់​ប្រកួត​៦១​លើក ឈ្នះ​៥១​លើក ចាញ់​៩​លើក និង​ស្មើ​១​លើក ។ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​ផង​ដែរ ៕