ប្រទេសម៉ាឡេស៊ី ៖ ការនាំចេញរបស់ម៉ាឡេស៊ីបានធ្លាក់ចុះកាន់តែខ្លាំងនៅក្នុងខែតុលា ចំនួន៦៩,២ប៊ីលានរីងហ្គីត (១៥,៦ប៊ីលានដុល្លារអាមេរិក) ស្មើនឹង៨,៦% បើធៀបនឹងឆ្នាំមុន ។ នេះបើតាមរបាយការណ៍ប្រចាំខែពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ី ។
ទោះបីជាការនាំចេញនៅខែតុលា ត្រូវបានគេកត់ត្រាថា មានបរិមាណខ្ពស់ក្នុងឆ្នាំ២០១៦ ក្តី ប៉ុន្តែវាបានធ្លាក់ចុះជាលើកទី២ បន្ទាប់ពីធ្លាក់ចុះ៣% នៅខែកញ្ញា ។ ក្រសួងនេះនិយាយថា វាកើតឡើងដោយសារតែមានអតិផរណាខ្ពស់កាលពីខែតុលា ឆ្នាំ២០១៥ ។
ការធ្លាក់ចុះនៃការនាំចេញនេះ ត្រូវបានជំរុញដោយការធ្លាក់ចុះ៣៤,៨%នៃការនាំចេញរ៉ែ ដែលភាគច្រើនជាឧស្ម័នធម្មជាតិ និងប្រេង។ ចំណែកការនាំចេញទំនិញផលិតពីរោងចក្រ ដូចជា គ្រឿងម៉ាស៊ីន ឧបករណ៍ គ្រឿងបន្លាស់ និងផលិតផលកៅស៊ូ បានធ្លាក់ចុះ៦,៧% ។
ការនាំចេញទៅកាន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានធ្លាក់ចុះ២,៦%ពីមួយឆ្នាំមុន រីឯការនាំចេញទៅសហរដ្ឋអាមេរិកធ្លាក់ចុះ៣,៥% ខណៈការនាំចេញទៅសហភាពអឺរ៉ុបធ្លាក់ចុះ១២% ។
ទោះជាយ៉ាងណា របាយការណ៍នេះឲ្យដឹងថា ការនាំចេញរបស់ម៉ាឡេស៊ីទៅកាន់ប្រទេសចិនបានកើនឡើង៣,៤% ដោយសារមានកំណើនខ្ពស់នៃផលិតផលអគ្គិសនី និងគ្រឿងអេឡិចត្រូនិក ។
ក្នុងអំឡុងខែនេះ ការនាំចូលរបស់ប្រទេសម៉ាឡេស៊ីក៏បានថយចុះ៦,៦%ផងដែរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពាណិជ្ជកម្មសរុបធ្លាក់ចុះ៧,៧% ៕
ចែករំលែកព័តមាននេះ