ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រង់ចាំ​ដំណក់​ប្រេង​ដំបូង​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​កម្ពុជា​រំពឹង​ទទួល​បាន​ព័ត៌មាន​ល្អ​ទាក់ទង​នឹង​ដំណក់​ប្រេង​ដំបូង​ពី​ប្រទេស​របស់​ខ្លួន​នា​ពេល​ឆាប់​ៗ​នេះ​។ ប៉ុន្តែ​ការ​ឆ្លើយ​តប​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រ៉ែ និង​ថាមពល លើក​ឡើង​ថា ដំណក់​ប្រេង​

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​កម្ពុជា​រំពឹង​ទទួល​បាន​ព័ត៌មាន​ល្អ​ទាក់ទង​នឹង​ដំណក់​ប្រេង​ដំបូង​ពី​ប្រទេស​របស់​ខ្លួន​នា​ពេល​ឆាប់​ៗ​នេះ​។ ប៉ុន្តែ​ការ​ឆ្លើយ​តប​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រ៉ែ និង​ថាមពល លើក​ឡើង​ថា ដំណក់​ប្រេង​ដំបូង​ទទួល​បាន​យឺត​ឬ​លឿន គឺ​អាស្រ័យ​លើ​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ ។

លោក ម៉េ​ង សក្តិ​ធា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៥ ធ្នូ កន្លង​មក​ថា ការ​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ​ទេ វា​អាច​រំពឹង​ទទួល​បាន​នៅ​ឆ្នាំ​២០១៨ ឬ​ឆ្នាំ​២០១៩ ឬ​យូរ​ជាង​នេះ ដែល​អាស្រ័យ​តាម​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ ។

នីតិវិធី​នៃ​ការ​ទាញ​យក​ប្រេង និង​ក្រុមហ៊ុន​ដែល​វិនិយោគ​លើ​វិស័យ​នេះ​មាន​ភាព​ស្មុគស្មាញ​ច្រើន​តាម​រយៈ​ការ​ដោះ​ដូរ ឬ​ទិញ​លក់​ភាគហ៊ុន​ជា​បន្តបន្ទាប់ ។ ជា​លទ្ធផល រហូត​មក​ទល់​ពេល​នេះ មាន​តែ​ក្រុមហ៊ុន Kris Energy ដែល​បាន​កាន់កាប់​១០០% មាន​សិទ្ធិ​ទាញ​យក​ប្រេង​ពី​សមុទ្រ​ខ្មែរ​នៅ​តំបន់​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ប្លុក​អេ ។

ការ​កាន់កាប់​ភាគហ៊ុន​រហូត​ដល់​១០០%​របស់​ក្រុមហ៊ុន Kris Energy គឺ​បន្ទាប់​ពី​ក្រុមហ៊ុន Moriko របស់​ជប៉ុន និង​ក្រុមហ៊ុន GS Caltex របស់​សាធារណរដ្ឋ​កូរ៉េ​បាន​លក់​ភាគហ៊ុន​ឲ្យ​ក្រុមហ៊ុន​នេះ ។

លោក ម៉េ​ង សក្តិ​ធា​រ៉ា ថ្លែង​បន្ត​ថា ៖ «​ក្រុមហ៊ុន Kris Engergy បាន​ទទួល​ការ​យល់ព្រម​ពី​រាជរដ្ឋាភិបាល​រួច​ហើយ ។ ដូច្នេះ យើង​រំពឹង​ថា ដំណក់​ប្រេង​ដំបូង​អាច​ទទួល​បាន​នៅ​ឆ្នាំ​២០១៨ ឬ​ឆ្នាំ​២០១៩ ខាង​មុខ » ។

តើ​តម្លៃ​ប្រេង​នៅ​កម្ពុជា​នឹង​ធ្លាក់​ចុះ​ឬទេ នៅ​ពេល​កម្ពុជា​ទទួល​បាន​ដំណក់​ប្រេង​ដោយ​ខ្លួនឯង លោក ម៉េ​ង សក្តិ​ធា​រ៉ា ថ្លែង​ថា វា​មិន​ពាក់ព័ន្ធ​គ្នា​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​នោះ​ទេ ដោយសារ​ប្រេង​យក​ចេញពី​សមុទ្រ​ជា​ប្រភេទ​រ៉ែ​ប្រេង ដែល​ត្រូវការ​កែ​ច្នៃ ទើប​អាចយ​កមក​ប្រើប្រាស់​បាន និង​ត្រូវ​លក់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។ ប៉ុន្តែ​បើ​រោងចក្រ​កែ​ច្នៃ​ប្រេង​នៅ​កម្ពុជា​អាច​ដំណើរការ​បាន វា​អាច​ជួយ​សម្រួល​ច្រើន​ដល់​ការងារ​នេះ ។

លោក​បន្ត​ថា ៖ « រាជរដ្ឋាភិបាល​បាន​អនុម័ត​យល់ព្រម​លើ​ការ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​កម្ពុជា​រួច​ហើយ ប៉ុន្តែ​ការ​សាងសង់​មិន​ទាន់​បាន​ចាប់ផ្តើម​ទេ ដោយសារ​ត្រូវ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​សង្គម​រយៈពេល​យូរ​តទៅ​ទៀត » ។

ទោះជា​យ៉ាងណា កាលពី​ឆ្នាំ​មុន លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ធ្លាប់​លើក​ឡើង​ថា កម្ពុជា​នឹង​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ ស្រប​នឹង​ទីផ្សារ​ប្រេង​អន្តរជាតិ​ផង​ដែរ ប៉ុន្តែ​បើ​ធៀប​ជាមួយ​ប្រទេស​ជិតខាង​វិញ ប្រេង​នៅ​កម្ពុជា​មាន​តម្លៃ​ថ្លៃ​ជាងគេ​នៅឡើយ ដែល​បញ្ហា​នេះ​រាជរដ្ឋាភិបាល​តែង​លើក​ឡើង​ថា ដោយសារ​កម្ពុជា​មិន​ទាន់​អាច​ចម្រាញ់​ប្រេង​ដោយ​ខ្លួនឯង​បាន ៕