ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្ការ​ស្បៃរឿង​ទាក់ទាញ​មនុស្ស​ជា​ច្រើន​ទៅ​ទស្សនា​កម្សាន្ត

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ មនុស្ស​ក្មេង​ចាស់ ប្រុស​ស្រី​ជា​ច្រើន​នាក់​នាំ​គ្នា​ចូល​ទស្សនា​ចម្ការ​ស្បៃរឿង ដែល​ជនជាតិ​ថៃ​ដាំ​នៅ​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​៥ ខែធ្នូ

ខេត្ត​ប៉ៃលិន ៖ មនុស្ស​ក្មេង​ចាស់ ប្រុស​ស្រី​ជា​ច្រើន​នាក់​នាំ​គ្នា​ចូល​ទស្សនា​ចម្ការ​ស្បៃរឿង ដែល​ជនជាតិ​ថៃ​ដាំ​នៅ​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​៥ ខែធ្នូ ២០១៦ អ្នកខ្លះ​ជិះ​ម៉ូតូ និង​ខ្លះ​ទៀត​បើករថយន្ត​ដឹក​ក្រុម​គ្រួសារ​ទៅ​លេង​ក្នុង​ចម្ការ​យ៉ាង​សប្បាយ​រីករាយ​។ ពិសេស​អ្នក​ទើប​រៀប​អាពាហ៍ពិពាហ៍​បាន​ចូល​ទៅ​ថតរូប​ក្នុង​ចម្ការ​នោះ​ផង​ដែរ ។

ប្រភព​ព័ត៌មាន​នៅ​ទីនោះ​ឱ្យ​ដឹង​ថា ចម្ការ​ផ្កាស្បៃរឿង​ដាំ​ដោយ​ជនជាតិ​ថៃ​ប្រមាណ​ជាង​២​ហិ​កតា នោះ​ដើម្បី​លក់​នៅ​ប្រទេស​របស់​គេ សម្រាប់​យក​ទៅ​ធ្វើ​ជា​កម្រងផ្កា ក្នុង​ពិធី​កាន់ទុក្ខ​ព្រះមហាក្សត្រ ដែល​សុគត​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ។ មិនតែប៉ុណ្ណោះ​ក្លាយ​ជាទី​កម្សាន្ត​មួយ​ដោយ​មនុស្ស​ម្នា​មិន​ថា​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ ឬ​ថ្ងៃ​ធម្មតា​ទេ​នាំ​គ្នា​ចូល​ទៅ​ថត​លេង​កម្សាន្ត​ស្ទើរ​រាល់ថ្ងៃ ជា​ពិសេស​ពេល​ល្ងាច​មេឃ​ត្រជាក់ ។ សម្រាប់​ថ្ងៃ​ឈប់​សម្រាក មនុស្ស​ម្នា​ចូល​ទៅ​លេង​ចម្ការ​ស្បៃរឿង​ស្ទើរតែ​រក​ផ្លូវ​ចៀស​គ្នា​មិន​រួច ដោយ​អ្នកខ្លះ​បាន​បង្ហាញ​សេចក្តី​សប្បាយ​រីករាយ ខ្លះ​ទៀត​ថតរូប​ជា​លក្ខណៈ​គ្រួសារ ខ្លះ​លក្ខណៈ​គូស្នេហ៍ សរុប​ទៅ​មនុស្ស​ចូល​ទៅ​លេង​រាប់រយ​នាក់​ឯណោះ ។

នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​៥ ធ្នូ អ្នកទេសចរ​ពី​ក្រុងប៉ៃលិន ខេត្តបាត់ដំបង និង​ខេត្ត ផ្សេង​ៗ​ទៀត​ជា​ច្រើន បាន​ចូល​ទៅ​កម្សាន្ត​នៅ​ក្នុង​ចម្ការ​ស្បៃរឿង ដោយ​អ្នកខ្លះ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទិញ​កម្រងផ្កា​ម្នាក់​មួយ​ដាក់​ពាក់​ពីលើ​ក្បាល ហើយ​ម្ចាស់​ចម្ការ​ឈរ​ចាំ​យាម និង​សរសេរ​ស្លាក​សញ្ញា​ហាម​មិន​ឱ្យ​បេះ​ផ្កា​របស់​ខ្លួន​លេង​ទេ ។

អ្នកទេសចរ​ដែល​ចូល​ទៅ​កម្សាន្ត​នៅ​ក្នុង​ចម្ការ​ស្បៃរឿង​បង្ហាញ​អារម្មណ៍​ចូល​ចិត្ត​ផ្កា បើ​ទោះបីជា​ផ្កាស្បៃរឿង​មិន​មាន​ក្លិនក្រអូប​ក៏​ដោយ តែ​ពណ៌​របស់​វា​ទាក់ទាញ​ដួងចិត្ត​របស់​គេ​ឱ្យ​ចង់​គយគន់ ដើម្បី​បំបាត់​ភាព​ហត់នឿយ និង​ទុក្ខ​កង្វល់​នៅ​ក្នុង​អារម្មណ៍ ។ ម្យ៉ាងវិញទៀត​ការ​ដាំ​ផ្កា​នៅ​លើ​ដី​ទីទួល​ស្រឡះ​ល្អ​បែប​នេះ ពិតជា​ធ្វើ​ឱ្យ​ពួក​គេ​ចង់​ចូល​ទៅ​លេង​កម្សាន្ត​ម្តង​ហើយ​ម្តងទៀត ដោយ​គយគន់​មិន​ឆ្អែត​នេត្រា​ទេ ។

អ្នក​ភូមិ​លើក​ឡើង​ថា បើសិនជា​មាន​ភ្ញៀវ​ទេសចរ​នៅ​តែ​បន្ត​ចេញចូល​ច្រើន​បែប​នេះ នៅ​ថ្ងៃ​ខាង​មុខ​ម្ចាស់​ចម្ការ​អាច​នឹង​រៀបចំ​កន្លែង​មួយ​នោះ​ឱ្យ​ក្លាយទៅជា​ឧទ្យាន ឬ​រមណីយ​ដ្ឋាន​ដោយ​លក់​សំបុត្រ​ជូន​អ្នកទេសចរ​ទៅ​ទស្សនា ទទួល​បាន​ប្រាក់​ច្រើន​មិន​ខាន ។ ម្យ៉ាងវិញទៀត នៅ​អំឡុង​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ រដូវ​ភ្ជុំបិណ្ឌ នឹង​មាន​ភ្ញៀវ​ជាតិ​-​អន្តរ​ជាតិ​ច្រើន​ចូល​ទៅ​លេង​កម្សាន្ត​មិន​ខាន ហើយ​ការ​លក់ដូរ​របស់​ពួក​គាត់​នៅ​ក្បែរ​ចម្ការ​នោះ​នឹង​កាក់កប ។

នៅ​ក្នុង​ខេត្ត​ប៉ៃលិន ទើបតែ​មាន​ចម្ការ​ផ្កាស្បៃរឿង​មួយ​ប៉ុណ្ណោះ ដោយ​ក្រៅពី​នោះ​មាន​តែ​ចម្ការ​ដំណាំ​ដាំ​ដុះ ដូច​ជា​ពោត សណ្តែក ដំឡូង​មី តា​ង៉ែ​ន និង​ដំណាំ​ហូប​ផ្លែ ផ្សេង​ៗ
ទៀត ៕