ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឃុំ​ជើង​គ្រាវមាន​របរ​បន្ទាប់បន្សំ​ផលិត​វត្ថុ​ប្រើប្រាស់​ពី​ឫស្សី

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ដែល​ប្រកប​របរ​បន្ទាប់បន្សំ ក្រៅពី​ការងារ​ស្រែ​ចម្ការ គឺ​ធ្វើ​តម្បាញ​ឫស្សី មាន​កញ្ច្រែង ចង្អេរ កញ្ជើ និង​ល្អី​ជាដើម បាន​ត្អូញ​ត្អែរ​ថា​ឈ្មួញ​ដែល​ទិញ​យក​ទៅ​លក់​បន្ត​នៅ​ប៉ោយ​ប៉ែ​ត

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ  ដែល​ប្រកប​របរ​បន្ទាប់បន្សំ ក្រៅពី​ការងារ​ស្រែ​ចម្ការ គឺ​ធ្វើ​តម្បាញ​ឫស្សី មាន​កញ្ច្រែង ចង្អេរ កញ្ជើ និង​ល្អី​ជាដើម បាន​ត្អូញ​ត្អែរ​ថា​ឈ្មួញ​ដែល​ទិញ​យក​ទៅ​លក់​បន្ត​នៅ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​បញ្ចុះតម្លៃ​តាម​ចិត្ត ។ ដោយសារ​បែប​នោះ​ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ព្រោះតែ​ផលិតផល​របស់​ពួក​គាត់​លក់​បាន​ថោក ។

ក្នុង​ស្ថានភាព​បែប​នេះ​សិប្បករ​ទាំងនោះ​បាន​សំណូមពរ​អាជ្ញាធរ​ខេត្ត ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ជួយ​រក​ទីផ្សារ​ឱ្យ​ពួក​គាត់​លក់​បាន​ថ្លៃ​ជាង​នេះ​ផង។ អ្នក​ត្បាញ​ឫស្សី​ភូមិ​តាំង​បំពង់ ភូមិ​ទឹក​ចេញ​ភូមិ​ជើង​គ្រាវ ក្នុង​ឃុំ​ជើង​គ្រាវ​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា កាល​ឆ្នាំ មុន​ៗ មិន​ធ្លាក់​ថ្លៃ​ដូច​សព្វ​ថ្ងៃនេះ​ទេ តែ​ឆ្នាំ​នេះ​ឈ្មួញ​ទម្លាក់​ថ្លៃ​តាមតែ​ចិត្ត ។  បើ​មិន​លក់​ពួក​គាត់​ខ្វះខាត​ប្រាក់​ផ្គត់ផ្គង់​ជីវភាព ហើយ​បើ​ទុក​យូរ​ក៏​ត្រូវ​ខ្នូ​ត​ស៊ី​ដែរ ព្រោះ​ធ្វើ​ពី​ឫស្សី ម្ល៉ោះហើយ​គឺ​មាន​តែ​បង្ខំចិត្ត​លក់ ។ ចង្អេរ​១​ថ្លៃ​៣៥០០​រៀល​តែ​ប៉ុណ្ណោះ ពេល​ខ្លះ​ថោក​ជាង​នេះ​គឺ​១០​លក់​បាន​តែ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ចំណែក​កញ្ច្រែង​ទំហំ​៦​តឹក លក់​១០​បាន​ថ្លៃ​តែ​២​ម៉ឺន​ទៅ​២៥០០០​រៀល​ប៉ុណ្ណោះ ។

បុរស​ម្នាក់​ជា​សិប្បករ​ធ្វើ​ចង្អេរ​និយាយ​ថា «​រាល់ថ្ងៃ​ស្រេច​តែ​ឈ្មួញ​ថា បើ​គេ​ថា​ធ្លាក់ទឹក​ហើយ​ចុះថោក គឺ​ថោក​តាម​គេ​ទៅ បើ​គេ​ថា​ឡើងថ្លៃ​បន្តិច ក៏​ឡើង​តាម​គេ​ទៅ តែ​រឿង​ឡើងថ្លៃ​ដូច​មិនសូវ​មាន បើ​មាន​តែ​អា​រឿង​ធ្លាក់​ថ្លៃ ។ រឿង​នេះ​មក​តែ​ពី​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​គ្នា​មិនសូវ​បាន​ចេញ​ទៅ​ក្រៅ ហេតុនេះ​មិនដឹង​តម្លៃ​ទីផ្សារ​យ៉ាងណា​នោះ​ទេ គឺ​សព្វថ្ងៃ​ស្រេច​តែ​លើ​មាត់​ឈ្មួញ​ប៉ុណ្ណោះ​» ។

ករណី​ឈ្មួញ​បញ្ចុះតម្លៃ​វត្ថុ​សិប្បកម្ម​ធ្វើ​ពី​ឫស្សី​នេះ សិប្បករ​ទូទៅ​លើក​ឡើង​ថា កន្លង​ទៅ​មិន​ដែល​មាន​ខាង​អាជ្ញាធរ ឬ​អង្គការ​ណា​ជួយ​ជ្រោមជ្រែង​រក​ទីផ្សារ​ឱ្យ​ពួក​គាត់​ទេ ។ ដោយឡែក​តែ​សិប្បកម្ម​ពី​ពី​ដីឥដ្ឋ មាន​អង្គការ ជួយ​ឱ្យ​សិប្បករ​កែប្រែ​ទម្លាប់​ធ្វើ​ផលិតផល​ពី​ដីឥដ្ឋ ធំ​ៗ មាន​ក្អម ឆ្នាំង​ជាដើម សម្រាប់​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍ តូច​ៗ​វិញ​អស់​ដី​តិច តែ​លក់​បាន​ថ្លៃ​។ ចំណែក​សិប្បកម្ម​តម្បាញ​ឫស្សី​វិញ នៅ​មិន​ទាន់​មាន​ខាង​ណា​ជួយ​ជ្រោមជ្រែង​ទេ ៕