ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំ​យល់​ច្រឡំ ជុំវិញ​ការ​តែងតាំង​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​បកស្រាយ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​បកស្រាយ​បញ្ជាក់​ដល់​សាធារណ​មតិ ដែល​ផ្សាយ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក និង​វេ​ប​សាយ​មួយ​ចំនួន ដែល​នៅ​តែ​និយាយ​ថា ប្រធាន​ក្រុម​សំឡេង​ភាគតិច​គឺ​ទុកនៅ​លោក សម រ​ង្ស៊ី ហើយ​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ទុក​នៅ​ជូន​លោក កឹ​ម សុខា គឺ​មានការ​បកស្រាយ​យ៉ាង​ដូច្នេះ ។

ទាក់ទង​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​ហ្វេ​ស​ប៊ុ​ក និង​វេ​ប​សាយ​ខាងលើ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ នៅ​វិមាន​រដ្ឋសភា សម្តេច​តេ​ជោ​មាន​ប្រសាសន៍​បញ្ជាក់​ជូន​សាធារណ​មតិ​ថា ដើម្បី​ធានា​ថា​អ្វី​ដែល​សម្តេច​ប្រធានរដ្ឋសភា​ធ្វើការ​សម្រេច​តែងតាំង​នោះ​ត្រឹមត្រូវ ខ្ញុំ​សូម​អាន​និង​បកស្រាយ​ឱ្យ​បាន​ច្បាស់​ទៅ​លើ​មាត្រា​៤៨ ត្រង់​កថាខណ្ឌ​មួយ​និយាយ​ថា ប្រធាន​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ចាប់ពី​២៥%​ឡើង​ទៅ មានឈ្មោះ​ហៅ​ថា ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា ។

ប្រធាន​ក្រុម​មតិ​ភាគតិច ជា​គូសន្ទនា​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រទេស​ជាតិ ។ ប្រធាន​ក្រុម​មតិ​ភាគតិច​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី ។ នៅ​ទី​នេះ អត្ថបទ​នេះ​បាន​បញ្ជាក់​ច្បាស់​ថា លុះត្រាតែ​មនុស្ស​នោះ​ត្រូវ​បាន​តែងតាំង​ធ្វើ​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​សិន ទើប​មាន​សិទ្ធិ​ធ្វើ​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​។ ដូច្នេះ ឆ្លងកាត់​នូវ​ការ​តែងតាំង​នេះ​នៅ​ក្នុង​មាត្រា​៤៨​នេះ មិន​តម្រូវ​ឱ្យ​មាន​មនុស្ស​២​នាក់​កាន់​តំណែង​ប្រធាន​ក្រុម​ភាគតិច​ម្នាក់ និង​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ម្នាក់​ទៀត​ទេ ។
ដូច្នេះ​នៅ​ព្រឹក​នេះ​ខ្ញុំ​មាន​គោលដៅ​ថា ប្រសិនបើជា​មិន​អាច​ទទួល​ធ្វើការ​តែងតាំង​បាន គឺមាន​តែ​វិធីដក​ត្រឡប់​ដោយ​ធ្វើ​វិសោធនកម្ម​មាត្រា​៤៨ ដោយ​ដក​ចេញ​ទាំងអស់​នូវ​តួនាទី​តំណែង ។

ប៉ុន្តែ​ដូច​ជា​ការ​ល្អ​ដែរ ដោយ​ឥឡូវនេះ​លោកកឹ​ម សុខា ក៏​បាន​បញ្ជាក់ ឥឡូវ​លោក​នឹង​ក្លាយទៅជា​ដៃគូ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ក្នុង​ឋានៈ​ជា​ប្រធាន​នៃ​ក្រុម​តំណាងរាស្ត្រ ហើយ​ធ្វើ​ជា​ដៃគូ​របស់ខ្ញុំ ក្នុង​ឋានៈ​ពិគ្រោះ​យោបល់​លើ​បញ្ហា​ប្រទេស​ជាតិ​ដែល​ត្រូវ​ទំនាក់ទំនង​ជាមួយ​នាយក​រដ្ឋមន្ត្រី ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​បន្ត​ថា ខ្ញុំ​គិត​ថា​មិន​មាន​អ្វី​កើតឡើង​ទេ តែ​គ្រាន់តែ​បញ្ជាក់​ជូន​សាធារណ​មតិ​ឱ្យ​បាន​ច្បាស់ និង​កុំ​មានការ​បកស្រាយ​ខុស​ទៅ​លើ​អត្ថបទ​ដែល​យើង​បាន​ធ្វើ ព្រោះ​អត្ថបទ​នេះ​ខ្លួន​ខ្ញុំ​ជា​អ្នក​តាក់តែង​ជូន​ទាំងស្រុង ហើយ​តាក់តែង​ឱ្យ​លោក សម រ​ង្ស៊ី មានការ​ងារ​ធ្វើ​កាលពី​ពេល​នោះ ហើយ​គ្រប់គ្រង​បក្ស​ឱ្យ​បាន ។ ចុង​ក្រោយ រៀបចំ​នៅ​ក្នុង​បន្ទប់​ការងារ​របស់ខ្ញុំ​នៅ​ក្នុង​រដ្ឋសភា ហើយ​បញ្ជូន​ឱ្យ​គណៈកម្មការ​នីតិកម្ម ដើម្បី​បំពេញ​ចូល​ទៅ​ក្នុង​នោះ រាប់​ទាំង​មធ្យោបាយ​គិតគូរ​ទាំង​មធ្យោបាយ​ជំនួយការ​និង​តួនាទី ។

ដូច្នេះ​ចំណុច​នេះ គឺ​គិត​គឺ​សូម​សាធារណ​មតិ​កុំ​មានការ​ភ័ន្ត​ច្រឡំ​ណាមួយ​ក្នុង​ការ​បកស្រាយ​ខុស​ក្នុង​ប៉ុន្មាន​សិប​ម៉ោង​នេះ គឺ​សូម​មេត្តា​បញ្ឈប់​ការ​និយាយ​ខុស​ថា​ប្រធានរដ្ឋសភា​ធ្វើ​មិន​ត្រឹមត្រូវ ។

ព្រោះថា គេ​ស្នើ​សុំ​តែងតាំង​តែ​ប្រធាន​ក្រុម​តំណាងរាស្ត្រ ហេតុ​អ្វី​បាន​ទទួលស្គាល់​ជា​ប្រធាន​សំឡេង​ភាគតិច នេះ​ជា​ស្នាម​ទំនាស់​ក្នុង​អត្ថបទ​នេះ​តែ​ម្តង ។ ប្រ​សិន​មានការ​ចរចា​ខុស​គ្នា ខ្ញុំ​ស្នើ​សុំ​ឱ្យ​មានការ​ធ្វើ​វិសោធនកម្ម​លុប​ចោល​ទាំង​អស់ហើយ​វិល​ទៅ​រក​៤៨​វិញ គឺ​ចប់​សព្វគ្រប់​ហើយ ធ្វើការ​រហ័ស ៕