ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​វេជ្ជសាស្ត្រ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ មូលនិធិ​អន្តរជាតិ​នៃ​ប្រទេស​សិង្ហ​បុរី​(SIF) សេវាកម្ម​សុខាភិបាល​សិង្ហ​បុរី​(Sing Health) និង​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​

រាជធានី​ភ្នំពេញ ៖ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ មូលនិធិ​អន្តរជាតិ​នៃ​ប្រទេស​សិង្ហ​បុរី​(SIF) សេវាកម្ម​សុខាភិបាល​សិង្ហ​បុរី​(Sing Health) និង​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​លើ​វេជ្ជសាស្ត្រ​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​បាន​ដំណើរការ​អស់​រយៈពេល​មួ​យស​ប្តា​ហ៍ ដើម្បី​លើកកម្ពស់​និយាម​នៃ​ការ​ថែទាំ​វេជ្ជសាស្ត្រ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​កម្ពុជា ។

លោក​សាស្ត្រាចារ្យ គង់ សត្យា អគ្គនាយករង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​ប្រសាសន៍​ថា មូលនិធិ​អន្តរជាតិ​នៃ​ប្រទេស​សិង្ហ​បុរី​(SIF) សេវាកម្ម​សុខាភិបាល​(Sing Health) សហ​ការ​ជាមួយ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បើក​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ខាង​សង្គ្រោះ​បន្ទាន់​កម្រិត​ស្រាល មធ្យម និង​ធ្ងន់ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​រយៈពេល​មួយស​ប្តា​ហ៍ ។ ការ​បណ្តុះ​បណ្តាល​នេះ​ធ្វើ​ឡើង​ចំពោះ​វេជ្ជបណ្ឌិត គិលានុបដ្ឋាក គឺ​យើង​ធ្វើ​ព្រម​គ្នា​ទាំងអស់​ដើម្បី​ធានា​បាន​ថា ការ​ផ្តល់​សេវា​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​មាន​កម្រិត​ស៊ី​ជម្រៅ ហើយ​មានគុណ​ភាព​និង​មាន​បរិមាណ​ផង​ដែរ ។ 

មូលនិធិ​អន្តរជាតិ​នៃ​ប្រទេស​សិង្ហ​បុរី​(SIF) សេវាកម្ម​សុខាភិបាល​សិង្ហ​បុរី​(Sing Health)​បាន​ជ្រើសរើស​យក​មន្ទីរពេទ្យ​កាល់​ម៉ែត​ធ្វើ​ជា​កន្លែង​បណ្តុះបណ្តាល​យោង​តាម​កិច្ច​ព្រមព្រៀង​រវាង​មន្ទីរពេទ្យ​កាល់​ម៉ែត និង​សេវាកម្ម​សុខាភិបាល​សិង្ហ​បុរី (Sing Health) ព្រោះថា​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ជា​មន្ទីរពេទ្យ​ថ្នាក់​ជាតិ ដោយសារ​តែ​មន្ទីរពេទ្យ​នេះ​ទទួល​អ្នកជំងឺ​សង្គ្រោះ​បន្ទាន់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ។

អ្នកជំងឺ​ដែល​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​មាន​លក្ខណៈ​ធ្ងន់ធ្ងរស្មុគស្មាញ ដូច្នេះ​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​យ៉ា​ង​ខ្លាំង ដើម្បី​ធ្វើ​ម្តេច​យើង​អាច​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា ហើយ​និង​មានឱកាស​ដើម្បី​ព្យាបាល​បន្ត​ទៅ​ទៀត ។ ដូច្នេះ​ដោយហេតុ​ថា មិត្ត​ខាង​សិង្ហ​បុរី​មាន​ជំនាញ​ផ្នែក​សង្គ្រោះ​បន្ទាន់ ហើយ​បាន​ជួយ​បណ្តុះបណ្តាល​គ្រូ​យើង​ធ្វើ​ម្តេច​ឲ្យ​ឡើង​គុណភាព​ផ្នែក​សង្គ្រោះ​ប្រហាក់ប្រហែល​ជាមួយ​ប្រទេស​ជិតខាង ជា​ពិសេស​ប្រទេស​សិង្ហ​បុរី​តែ​ម្តង ។ ការ​បណ្តុះបណ្តាល​នេះ​គឺ​មាន​ឧបករណ៍​ទំនើប ដែល​អាច​ធ្វើ​ឲ្យ​សិក្ខាកាម​បាន​យល់​ច្បាស់ ដោយ​មានការ​ធ្វើ​ត្រាប់ ធ្វើការ​បង្ហាញ​ជា​ម៉ា​នី​កាំ​ង គឺថា​មាន​លក្ខណៈ​ងាយស្រួល ។

លោក​សាស្ត្រាចារ្យ គង់ សត្យា បញ្ជាក់​ថា ការ​បណ្តុះបណ្តាល​នេះ​គឺជា​លើក​ទី​៣​ហើយ​ដែល​យើង​បាន​ធ្វើ​ពីរ​លើក​រួច​មក​ហើយ ។ ក្នុង​ការ​បណ្តុះបណ្តាល​លើក​ទី​៣​នេះ គឺ​មានការ​បណ្តុះបណ្តាល​ផ្នែក​សង្គ្រោះ​បន្ទាន់​ផ្នែក​បេះដូង ផ្នែក​សង្គ្រោះ​បន្ទាន់​ទូទៅ និង​ផ្នែក​សង្គ្រោះ​បន្ទាន់​ខាង​ប្រព័ន្ធ​ប្រសាទ ។

លោកស្រី Jean Tan នាយិកា​ប្រតិបត្តិ​របស់ SIF ថ្លែង​ថា ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​រៀបចំ​រួម​គ្នា​ដោយ​ជនជាតិ​សិង្ហ​បុរី និង​ជនជាតិ​កម្ពុជា គឺ​ផ្សារ​ភ្ជាប់ និង​សហ​ប្រតិ​បត្តិការ​ដើម្បី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​មួយ ។ យើង​មាន​សកម្មភាព​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩២​មក​ម្ល៉េះ ដោយ​ធ្វើការ​រួម​គ្នា ដើម្បី​កសាង​សមត្ថភាព​ក្នុង​ការ​ថែទាំ​វេជ្ជសាស្ត្រ ការ​បណ្តុះបណ្តាល និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​សង្គម ។

នៅ​ក្នុង​ដំណើរការ​នេះ យើង​អាច​ស្គាល់​និង​យល់​គ្នា​កាន់តែ​ច្បាស់ ហើយ​ការ​ថែទាំ​វេជ្ជសាស្ត្រ​សង្គ្រោះ​បន្ទាន់ និង​គម្រោង​គ្រប់គ្រង​នេះ​គឺជា​ការ​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត ដើម្បី​សហ​ភាតរភាព​ក្នុង​ការ​ចែករំលែក​បទ​ពិសោធន៍ និង​ធនធាន​ដើម្បី​លើកកម្ពស់​គុណ​ភាណ​នៃ​ជីវិត​ក្នុង​ការ​ចែករំលែក​ទៅ​អនាគត ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​៣​ឆ្នាំ អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​សង្គ្រោះ​បន្ទាន់ ថែទាំ​សង្គ្រោះ​បន្ទាន់ និង​សម្ព័ន្ធ​សុខាភិបាល​ពី​ប្រទេស​សិង្ហ​បុរី ជួយ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ដែល​រួម​មាន​គ្រូពេទ្យ​២០​រូប គិលានុបដ្ឋាក​៤០​រូប និង​អ្នក​ព្យាបាល​ដោយ​ចលនា​១០​រូប ពី​មន្ទីរពេទ្យ​កាល់​មែ​៉​ត មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មន្ទីរពេទ្យ​ព្រះ​កុសុមៈ មជ្ឈ​មណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ។ គ្រូ​បង្គោល​ទាំង​៧០​រូប​នេះ មាន​ភារៈ​ចែករំលែក​ចំណេះដឹង​របស់​ខ្លួន​ដល់​មិត្ត​រួមការ​ងារ​ដើម្បី​បង្កើត​ជា​សហគមន៍​អ្នកជំនាញ​ផ្នែក​នេះ​ឲ្យ​កាន់តែ​ធំ​ឡើង ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ដ៏​ចាំបាច់ ៕