ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​កីឡាករ​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​2​ត្រូវ​បាន​បង្ហាញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៨ ធ្នូ ម្សិលមិញ ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ប្រកាស​បង្ហាញ​ពី​សមាសភាព​កីឡាករ​កម្ពុជា​ចំនួន​៤​រូប ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​វគ្គ​២​របស់​​ខា​រ៉ា​បាវ ។ សមាសភាព​កីឡាករ​ទាំងនោះ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៨ ធ្នូ ម្សិលមិញ ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ប្រកាស​បង្ហាញ​ពី​សមាសភាព​កីឡាករ​កម្ពុជា​ចំនួន​៤​រូប ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​វគ្គ​២​របស់​​ខា​រ៉ា​បាវ ។ សមាសភាព​កីឡាករ​ទាំងនោះ​មិន​មាន​អ្នក​ណា​ម្នាក់​ដែល​មិន​ល្បីឈ្មោះ និង​មិន​មាន​ប្រវត្តិ​ប្រកួត​ច្រើន​នោះ​ទេ ខណៈ​ដែល​កីឡាករ​បរទេស​ទាំង​៤​រូប​ឯណោះ​វិញ ក៏​សុទ្ធតែ​ជា​សមាសភាព​អ្នក​ល្បី​និង​មាន​ស្នាដៃ​មិន​អន់​ផង​ដែរ​សម្រាប់​រដូវ​កាល​ទី​២​នេះ ។

លោក ញាណ សុធី អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រដាល់​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា ដោយសារ​តែ​ការ​ប្រកួត​រដូវ​កាល​ទី​១ ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​១​ទទួល​បាន​ជោគជ័យ ទើប​លោក​សម្រេច​រៀបចំ​រដូវ​កាល​ទី​២ ដោយ​ដាក់​សមាសភាព​កីឡាករ​ល្បី​ៗ និង​ខ្លាំង​ៗ​តែ​ម្ដង​នៅ​ក្នុង​រដូវ​កាល​ទី​២ ។ ទោះបី​យ៉ាងណា​លោក​ថា ការ​ប្រកួត​នៅ​មិន​ទាន់​ចាប់ផ្ដើម​នៅ​ថ្ងៃ​សៅរ៍​ ស​ប្ដា​ហ៍​នេះ​នៅឡើយ​ទេ ដោយសារ​តែ​កីឡាករ​មួយ​ចំនួន​នៅ​ជាប់​កុងត្រា​ជាមួយនឹង​ប៉ុស្ដិ៍​ផ្សេង ដែល​មិន​អាច​ឡើង​ប្រកួត​ដណ្ដើម​​ពិន្ទុ​នៅ​ថ្ងៃ​សៅរ៍​ទី​១០ ធ្នូ​ នេះ​បាន ។

លោក​ថា ការ​ប្រកួត​នឹង​លើក​ទៅ​ធ្វើ​នៅ​ស​ប្ដា​ហ៍​ក្រោយ​ថ្ងៃ​ទី​១៧ ធ្នូ ដើម្បី​ឱ្យ​កីឡាករ​កម្ពុជា និង​បរទេស​ឡើង​ប្រកួត​ប៉ះ​គ្នា​តែ​ម្ដង​នៅ​ក្នុង​ថ្ងៃ​នោះ ។ លោក​ថា សមាសភាព​កីឡា​ករ​កម្ពុជា​លោក​សម្រេច​ដាក់​សុទ្ធតែ​កីឡាករ​ល្អ​ៗ និង​ល្បី​ៗ​តែ​ម្ដង ដូច​ជា​កីឡាករ​ឡុ​ង សុវណ្ណ​ឌឿ​ន ដែល​ឆ្លងកាត់​ការ​ប្រកួត​៩៥​លើក ឈ្នះ​៨១​លើក ចាញ់់​៩​លើក ស្មើ​៥​លើក និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​រហូត​ដល់​២៥​លើក ។ កីឡាករ​រឿង សោ​ភ័​ណ្ឌ ដែល​ឆ្លងកាត់​ការ​ប្រកួត​១៤១​លើក ឈ្នះ​១២៥​លើក ចាញ់​១៤​លើក និង​ស្មើ​២​លើក ។ កីឡាករ​ពុទ្ធ ឆាយ​រិ​ទ្ធី ឆ្លងកាត់​ការ​ប្រកួត​៨២​លើក ឈ្នះ​៦៦​លើក ចាញ់​១៥​លើក និង​ស្មើ​១​លើក និង​កីឡាករ​អ៊ុំ ចំរើន ដែល​ទើបតែ​ចូល​រោងការ និង​ឆ្លងកាត់​ការ​ប្រកួត​១០០​លើក ឈ្នះ​៧០​លើក ចាញ់​៣០​លើក និង​មិន​ដែល​ស្មើ​។ លោក​ថា កីឡាករ​ជើង​ខ្លាំង​កម្ពុជា​សុទ្ធតែ​បង្ហាញខ្លួន​នៅ​ថ្ងៃ​សន្និសីទកាសែត​ដោយ​ពួក​គេ​ម្នាក់​ៗ​សុទ្ធតែ​ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​៦៨​គីឡូក្រាម និង​សុទ្ធតែ​បាន​តាំងចិត្ត​ថា​នឹង​ធ្វើ​ឱ្យ​បាន​លទ្ធផល​វិជ្ជមាន​ដោយ​មិន​ឱ្យ​ជាប់​ឈ្មោះ​ថា​ប្រកួត​មិន​អស់ដៃ ឬ​លក់ខ្លួន ។

លោក​ថា សមាសភាព​កីឡាករ​កម្ពុជា​សុទ្ធតែ​ល្អ និង​មានកេរ្តិ៍ឈ្មោះ​តែ​លោក​មិន​ទាន់​ប្រាកដ​ថា ​នឹង​ឈ្នះ​កីឡាករ​បរទេស​នៅឡើយ​ទេ ដោយសារ​តែ​ភាគី​ខាង​បរទេស​គឺ​មាន​២​រូប​ជា​កីឡាករ​ឡាវ និង​២​រូប​ទៀត​ជា​កីឡាករ​ថៃ​ដែល​ម្នាក់​ៗ​សុទ្ធតែ​មាន​ក្រេ​ឌី​ត និង​មាន​អ្នក​ទស្សនា​កម្ពុជា​ភាគច្រើន​ទទួលស្គាល់​ថ្វីដៃ ។ លោក​ថា ការ​ប្រកួត​មួយ​នេះ​នឹង​កក្រើក​​ខ្លាំង​ជាង​រដូវ​កាល​ទី​១​របស់​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ ដោយ​ផ្អែក​ថា​កីឡាករ​ទាំង​២​ភាគី​សុទ្ធតែ​ល្បី និង​ខ្លាំង ។

លោក ញាណ សុធី បន្ត​ថា ក្នុង​វេទិកា​សន្និសីទកាសែត​នោះ កីឡាករ​បរទេសមិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​បង្ហាញខ្លួន​នោះ​ទេ ដោយសារ​តែ​ថ្លៃ​សំបុត្រ​យន្តហោះ ឬ​ថ្លៃ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ក៏​ត្រូវ​ចំណាយ​ខ្ពស់​សម្រាប់​ពួក​គេ ។ ទោះបី​យ៉ាងណា លោក​បាន​បង្ហាញ​ឱ្យ​ស្គាល់​ពី​សមាសភាព​កីឡាករ​បរទេស​ទាំង​៤ ដោយ​ថា​កីឡាករ​ថៃ​រួម​មាន កីឡាករ Keng Kat ដែល​ឆ្លងកាត់​ការ​ប្រកួត​បាន​៩០​លើក ឈ្នះ​៧៩​លើក ចាញ់​៧៩​លើក និង​ស្មើ​១​លើក និង​កីឡាករ Sang Yout ដែល​ឆ្លងកាត់​ការ​ប្រកួត​៧២​លើក ឈ្នះ​៥៩​លើក ចាញ់​១២​លើក និង​ស្មើ​១​លើក ដូច​គ្នា ។ ដោយឡែក​សម្រាប់​សមាសភាព​កីឡាករ​ឡាវ​រួម​មាន កីឡាករ Thav Phuo Lavong  ដែល​ឆ្លងកាត់​ការ​ប្រកួត​បាន​១០១​លើក ឈ្នះ​៨១​លើក ចាញ់​១៨​លើក និង​ស្មើ​២​លើក និង​កីឡាករ Thav  Uolan ដែល​ឆ្លងកាត់​ការ​ប្រកួត​បាន​៦៣​លើក ឈ្នះ​៥៣​លើក ចាញ់​១០​លើក និង​មិន​ធ្លាប់​ស្មើ ។

លោក​ថា កីឡាករ​ទាំង​៨​រូប​ត្រូវ​បាន​បែងចែក​ជា​ក្រុម​ខ្មែរ និង​បរទេស​ដោយឡែក​ពី​គ្នា​ដូច​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ​វគ្គ​១​ដែរ ដោយ​រូបមន្ត​គឺ​កីឡាករ​ខ្មែរ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​រហូត​ទាល់តែ​អស់ ហើយ​យក​អ្នកមាន​ពិន្ទុ​ខ្ពស់​ជាងគេ​តំណាង​ឱ្យ​ក្រុម​កម្ពុជា​ម្នាក់ និង​ម្នាក់​ទៀត​តំណាង​ឱ្យ​ក្រុម​កីឡាករ​បរទេស​ឡើង​ប្រកួត​គ្នា​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​អះអាង​ថា សមាសភាព​ទាំង​កីឡាករ​ខ្មែរ និង​បរទេស​សម្រាប់​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​២ សុទ្ធតែ​ជា​ជើង​ខ្លាំង និង​មាន​ប្រវត្តិ​ប្រកួត​ខ្លាំង​ដូច​គ្នា ។ លោក​រំពឹង​យ៉ាង​ខ្លាំង​ថា កីឡាករ​ទាំង​៨​រូប នឹង​ប្រកួត​គ្នា​បាន​ល្អ ហើយ​មិន​លួច​ទៅ​ទទួល​ប្រកួត​ឱ្យ​មាន​គ្រោះថ្នាក់ ឬ​ដើរហើរ​មិន​គិត​ពី​សុវត្ថិភាព បណ្ដាល​ឱ្យ​ប៉ះពាល់​ការ​ប្រកួត​ក្នុង​ពេល​ដណ្ដើម​ពិន្ទុ​គ្នា​នោះ​ទេ ។ លោក​ថា កីឡាករ​ម្នាក់​ៗត្រូវ​មាន​មនសិការ និង​មាន​ឆន្ទៈ ទើប​អាច​ជំរុញ​ឱ្យ​វិស័យ​ប្រដាល់​​រីក​ចម្រើន ជា​ពិសេស​គឺ​ឱ្យ​ម្ចាស់​កម្មវិធី គឺ​ក្រុមហ៊ុន​ខា​រ៉ា​បាវ ដែល​បាន​បោះទុន​មាន​កម្លាំងចិត្ត​បន្ត​ការ​ឧបត្ថម្ភ​ដល់​វិស័យ​ប្រដាល់​នៅ​កម្ពុជា ៕