ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​ជំនួញ​ជោគជ័យ និង​ចំណុច​រារាំង

7 ឆ្នាំ មុន

បច្ចុប្បន្ន ការ​វិនិយោគ មិនមែន​ជា​រឿង​ដែល​នៅ​ឆ្ងាយ​ពី​ខ្លួន ឬ​សម្រាប់​តែ​អ្នកមាន​ទ្រព្យ​តទៅ​ទៀត​ទេ គឺ​គ្រប់​គ្នា​អាច​វិនិយោគ​បាន​តាម​ប្រាក់​ចំណូល​របស់​ខ្លួន ។ ចំណេះដឹង​នៃ​ការ​វិនិយោគ ក៏​អាច​ទៅ​កាន់​ដោយ​ងាយ​នៅ​តាម​តូប​

បច្ចុប្បន្ន ការ​វិនិយោគ មិនមែន​ជា​រឿង​ដែល​នៅ​ឆ្ងាយ​ពី​ខ្លួន ឬ​សម្រាប់​តែ​អ្នកមាន​ទ្រព្យ​តទៅ​ទៀត​ទេ គឺ​គ្រប់​គ្នា​អាច​វិនិយោគ​បាន​តាម​ប្រាក់​ចំណូល​របស់​ខ្លួន ។ ចំណេះដឹង​នៃ​ការ​វិនិយោគ ក៏​អាច​ទៅ​កាន់​ដោយ​ងាយ​នៅ​តាម​តូប​លក់​សៀវភៅ និង​អុ​ី​ន​ធើ​រ​ណេ​ត ។ ប៉ុន្តែ​ការ​វិនិយោគ​គ្រប់ពេល​នឹង​បាន​ទទួលផល​តបស្នង​ល្អជា​និច្ច​នោះ គឺ​អាស្រ័យ​លើ​កត្តា​ច្រើន​យ៉ាង ។

បើ​តាម​ស្ថិតិ​បង្ហាញ​ថា មនុស្ស​ភាគច្រើន​បាន​បរាជ័យ​ក្នុង​ការ​វិនិយោគ ។ យើង​អាច​មក​មើល​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​បរាជ័យ ឬ​វិនិយោគ​ហើយ​មិន​សម្រេច​តាម​គោលដៅ​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ​អ្វីខ្លះ ?

១-​មិន​ព្រម​ចាប់ផ្តើម ឬ​មិន​ស្វែងរក​ចំណេះដឹង ៖
ពួក​គេ​តែង​និយាយ​ថា ចាំ​បន្តិច​សិន នៅ​មិន​ទាន់​បាន​ត្រៀមខ្លួន ដែល​ហៅ​ថា ពន្យារពេល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃជា​រឿយ​ៗ ។ នៅ​ពេល​មិន​ព្រម​ចាប់ផ្តើម ចំណេះដឹង​ក្នុង​ការ​វិនិយោគ​របស់​យើង ក៏​មិន​រីក​លូតលាស់​ដែរ ។ ការ​គ្រាន់តែ​ស្តាប់​គេ​និយាយ ឬ​ដឹង​ត្រឹម​សើ​ៗ វា​ពិតជា​មិន​ទទួល​ជោគជ័យ​យ៉ាង​ពិតប្រាកដ ព្រោះ​ការ​វិនិយោគ ជា​វិទ្យា​មួយ​ដែល​ត្រូវ​សិក្សា ។

២-​ខ្លាច​ខាត​ទុន ខ្លាច​លំបាក ឬ​ខ្លាច​ត្រូវ​គេ​បោកប្រាស់ ៖
ការ​ខ្លាច គឺ​កើត​ពី​ការ​មិនដឹង ខណៈ​យើង​មិន​ព្រម​ចាប់ផ្តើម​សិក្សា និង​មិន​ដើរទៅ​រក​វា ហេតុនេះ ភាព​ភ័យ​ខ្លាច​នៅ​តែ​មាន ព្រោះតែ​មិន​បាន​រៀនសូត្រ ។ ពិត​ហើយ ការ​ខ្លាច​គឺជា​រឿង​ដែល​ល្អ​សម្រាប់​អ្នកជំនួញ ព្រោះ​នឹង​ធ្វើ​ឱ្យ​យើង​មិន​ប្រញាប់ប្រញាល់​ខ្លាំង​ពេក ប៉ុន្តែ​ការ​ខ្លាច​នោះ​ត្រូវ​ស្ថិត​នៅ​លើ​មូលដ្ឋាន​ហានិភ័យ​អាច​ទទួលយក​បាន ។ នៅ​ពេល​បាន​យល់​ពី​ហានិភ័យ យើង​នឹង​មិន​ខ្លាច​ខ្លាំង​ពេក​ទេ ។

ប៉ុន្តែ​ដើម្បី​កម្ចាត់​ភាព​ភ័យ​ខ្លាច​ចេញពី​យើង​នោះ ត្រូវ​ចាប់ផ្តើម​ពី​ការ​ឈាន​ជើង​ទៅ​សិក្សា​ជា​មុន កុំ​រវល់​តែ​ស្រមៃ និង​គិតដល់​ការ​វិនិយោគ​ក្នុង​ទស្សនៈ​អវិជ្ជមាន ព្រោះ​អាច​ធ្វើ​ឱ្យ​យើង​បាត់បង់​ឱកាសល្អ​ក៏​ថា​បាន ។

៣-​គ្មាន​ពេលវេលា​តាមដាន​ទិន្នន័យ ៖
នៅ​ពេល​វិនិយោគ​អ្វីមួយ​ហើយ ត្រូវ​មាន​ពេលវេលា​ក្នុង​ការ​វិភាគ ដោយ​យើង​ត្រូវ​តាមដាន​ដំណឹង​ពី​ទ្រព្យ​ដែល​វិនិយោគ​នោះ ។ ប៉ុន្តែ​បច្ចុប្បន្ន មាន​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​យើង​ប្រើ​ពេលវេលា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ សាកល្បង​យក​មក​ប្រើប្រាស់ ដើម្បី​បន្ថែម​ឱ្យ​ការ​វិនិយោគ​ទូលំទូលាយ ។

យើង​អាច​រក​ប្រភេទ​ការ​វិនិយោគ​ដែល​សម​ស្រប​នឹង​រយៈពេល​របស់​ខ្លួន​ដូច​ជា បើសិនជា​មិនសូវ​មាន​ពេលវេលា ក៏​អាច​វិនិយោគ​លើ​ទ្រព្យ​ដែល​មានការ​ប្រែប្រួល​តិច គឺ​អាច​ជួយ​បាន​មួយ​ផ្នែក​ផង​ដែរ ។

៤-​វិនិយោគ​ទៅ​លើ​អ្វី​មិន​ស្ទាត់ ឬ​គ្មាន​ចំណេះដឹង ៖
អ្នកជំនួញ​ដែល​តែង​ធ្វើ​តាម​ព័ត៌មាន វិនិយោគ​តាម​មិត្តភក្តិ តាម​ញាតិ ឬ​មាន​អ្នក​ណែនាំ គឺ​តែង​ជួប​បញ្ហា ព្រោះ​មនុស្ស​ម្នាក់​ៗ​មាន​ទម្លាប់ ដំណើរ​ជីវិត​ខុស​គ្នា ហើយ​ចំណង់​ចំណូលចិត្ត និង​ចំណេះដឹង​ផ្សេង​ៗ​ក៏​មិន​ស្មើគ្នា​ដែរ ។ អ្នក​ដែល​មក​បបួល គឺ​ពួក​គេ​ស្មានថា ប្រសិនបើ​ល្អ​សម្រាប់​គេ ក៏​ត្រូវ​តែ​ល្អ​ជាមួយ​មនុស្ស​ដែល​គេ​បបួល​ដែរ​។ អ្នក​ដែល​ត្រូវ​គេ​បបួល​គិត​ថា នៅ​គេ​ធ្វើ​បាន​ល្អ ខ្លួន​ក៏​អាច​ធ្វើ​បាន​ល្អ​ដូច​គ្នា ។ ការ​វិនិយោគ​អាច​ស័ក្តិសម​ជាមួយ​មនុស្ស​ម្នាក់ ប៉ុន្តែ​មិន​ស័ក្តិសម​ជាមួយ​អ្នក​ដទៃ គឺជា​រឿង​ធម្មតា ។

ដូច្នេះ ចូរ​វិនិយោគ​លើ​អ្វី​ដែល​ស្គាល់ ល្អ​ជាង​ការ​វិនិយោគ​តាម​មិត្តភក្តិ ញាតិ ឬ​វិនិយោគ​ព្រោះ​ក្រែង​ចិត្ត​អ្នក​បបួល ។ ប្រាក់​ជា​របស់​យើង បើសិនជា​ខាត​ទុន នឹង​គ្មាន​អ្នក​ណា​មក​ទទួលខុសត្រូវ​ជំនួស​ទេ ក្រៅពី​ខ្លួនឯង ដោយ​យើង​ប្រកាន់​ថា បើ​ខុសឆ្គង សូម​ឱ្យ​កើត​ដោយ​ផ្ទាល់​ដៃ​របស់​ខ្លួន​ល្អ​ជាង ព្រោះ​យ៉ាង​ហោច​ណាស់ យើង​នឹង​ទទួល​មេរៀន​ផង​ដែរ ។

៥-​ប្រើ​យុទ្ធសាស្ត្រ​ខុស ឬ​ដើរ​ខុសផ្លូវ ៖
វា​ជា​ការ​សម្រេចចិត្ត​ខុស ឬ​ជា​ការ​ដើរ​ខុសផ្លូវ​តាំងពី​យូរ ល្មមតែ​ដឹងខ្លួន គឺ​យឺត​ពេល​ទៅ​ហើយ ខណៈ​ដើមទុន​បាត់បង់ ទោះជា​ហៅ​មក​វិញ ក៏​ត្រូវ​ប្រើ​ពេលវេលា​យូរ​ទៀត​ទម្រាំ​យក​ប្រាក់​នោះ​មក​បាន ដែល​ធ្វើ​ឱ្យ​ផល​តបស្នង​ប្រៀប​ដូចនឹង​ការ​វង្វេងផ្លូវ និង​ខាត​ពេលវេលា ។

៦-​មិន​បន្ថែម​ប្រាក់​សន្សំ ៖
គឺ​មិន​បន្ថែម​ប្រាក់​វិនិយោគ​នៅ​ពេល​ដែល​ដើមទុន​តិច ហើយ​ផល​តបស្នង​ធៀប​នឹង​ភាគរយ ក៏​ត្រូវ​តិច​ទៅ​តាម ។ ដូច្នេះ ត្រូវ​សន្សំ​ប្រាក់ រួច​យក​ប្រាក់​ទៅ​បំពេញ​ការ​វិនិយោគ​ជា​រឿយ​ៗ ប៉ុន្តែ​មិន​មាន​ន័យ​ថា មិន​ឱ្យ​បន្ថែម​លុយ​ខណៈ​កំពុង​ខាត​ទុន​នោះ​ទេ ។

៧-​វិនិយោគ​បែប​ភ្នាល់ ៖
ការ​វិនិយោគ និង​ការ​ភ្នាល់ មាន​ផ្នែក​ស្រ​ដៀង​គ្នា​ជា​ច្រើន ជា​ពិសេស​ការ​វិនិយោគ​ក្នុង​រយៈពេល​ខ្លី​ៗ ឬ​ហៅ​ថា ការ​បង្កើត​ប្រាក់​ចំណេញ ។ ពេល​ខ្លះ អ្នកជំនួញ​នឹង​យល់​ច្រឡំ​លើ​ខ្លួនឯង ព្រោះ​ការ​បង្កើត​ប្រាក់​ចំណេញ​នោះ​មានការ​ប្រែប្រួល​ខ្លាំង ដោយ​ប៉ះពាល់​ដល់​អារម្មណ៍​ច្រើន​ផង​ដែរ រហូត​ដល់​ពេល​ខ្លះ​ភ្លេច​វិធី និង​ផ្លូវ​នៃ​ការ​វិនិយោគ​របស់​ខ្លួន ហើយ​ក្លាយជា​ការ​វិនិយោគ​បែប​ភ្នាល់ ។

ការ​វិនិយោគ​មិន​ងាយស្រួល​ដូច​ការ​គិត​ឡើយ ហើយ​ក៏​មិនមែន​ទទួល​បាន​តែ​ម្យ៉ាង​នោះ​ដែរ ។ ការ​ខុសឆ្គង ឬ​ឈាន​មិន​ដល់​ក្តី​សុបិន​ផ្នែក​វិនិយោគ គឺ​បណ្តាល​មក​ពី​មូលហេតុ​៧​យ៉ាង​ខាងលើ​នេះ ។ ចំណុច​ដំបូង​ដែល​ត្រូវធ្វើ គឺ​ក្លាហាន​សិក្សា និង​ចាប់ផ្តើម​ឱ្យ​បានជា​មុន​នោះ​ភាព​ភ័យ​ខ្លាច​អ្វី​ដែល​មិន​ស្គាល់​នឹង​បាត់​ទៅ ហើយ​យើង​នឹង​អាច​ដើរ​លើ​ផ្លូវ​វិនិយោគ​ដោយ​ជោគជ័យ ។ ចំណែក​ផល​តបស្នង​នឹង​សម​ដូច​អ្វី​ដែល​សង្ឃឹម​និង​តាំងចិត្ត​នោះ គឺ​ស្ថិត​នៅ​លើ​ថ្វីដៃ​ឱ្យ​ស៊ីជម្រៅ​ដើម្បី​រីក​ចម្រើន​ថែម​ទៀត ៕