ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ព្រមាន​ពី​គ្រោះថ្នាក់​របស់​កញ្ឆា ក្រោយ​ដក​ដំណាំ​នេះ​ចេញពី​បញ្ជី​គ្រឿង​ញៀ​.​ន

1 ឆ្នាំ មុន

ថៃ ៖ ក្រសួងសុខាភិបាល​ថៃ​បាន​ព្រមាន​ថា ការ​ជក់​កញ្ឆា​អាច​បណ្តាល​ឱ្យ​អ្នក​ប្រើប្រាស់​កើត​ជំងឺហឺត

ថៃ ៖ ក្រសួងសុខាភិបាល​ថៃ​បាន​ព្រមាន​ថា ការ​ជក់​កញ្ឆា​អាច​បណ្តាល​ឱ្យ​អ្នក​ប្រើប្រាស់​កើត​ជំងឺហឺត រលាក​ទងសួត និង​ជំងឺ​ស្ទះ​សួត​ដ៏​រ៉ាំរ៉ៃ​។ ខណៈ​ដែល​ការ​ព្រមាន​នេះ កើតឡើង​នៅ​រយៈពេល​ជិត​១​ខែ បន្ទាប់​ពី​ប្រទេស​នេះ បាន​ដក​ដំណាំ​កញ្ឆា​ចេញពី​បញ្ជី​គ្រឿង​ញៀ​.​ន​ហាមឃាត់​របស់​ខ្លួន កាលពី​ខែមិថុនា​កន្លង​ទៅ​។ គួររំលឹកថា ចាប់ពី​ថ្ងៃ​ទី​៩ នេះ​ទៅ​! ដំណាំ​កញ្ឆា​លែង​ជា​របស់​ហាមឃាត់​នៅ​ថៃ​ហើយ

ប្រភព​ពី​បាងកក​ប៉ុស្តិ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា បាន​រាយការណ៍​ថា លោកស្រី Napapan Nanthapong ប្រធាន​ការិយាល័យ​សុខភាព​បរិស្ថាន បាន​លើក​ឡើង​ថា អ្នក​ជក់​កញ្ឆា​ប្រឈម​នឹង​កា​រវិ​វត្ត​ន៍​នៃ​ជម្ងឺ​ធ្ងន់ធ្ងរ​។ ខណៈ​កុមារ និង​ទារក​ដែល​ស្រូប​ផ្សែង​វា ប្រឈម​នឹង​បញ្ហា​សុខភាព និង​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ ហើយ​ការ​សិក្សា ក៏​បាន​បង្ហាញ​ថា ផ្សែង​កញ្ឆា​អាច​បញ្ចេញ​ភាគល្អិត PM2.5 ក្នុង​បរិមាណ​ខ្ពស់​ជាង​បារី​ធម្មតា​រហូត​ដល់​៣,៥​ដង​។

លោកស្រី​បន្ត​ថា ប្រជាជន​គួរតែ​យល់​ថា ការ​ជក់​កញ្ឆា​អាច​ធ្វើ​ឱ្យ​សុខភាព​ពួក​គេ​កាន់តែ​អាក្រក់ ជា​ពិសេស​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ផ្សែង​របស់​វា​។ ប្រតិបត្តិ​ករ​អាជីវកម្ម ដែល​រៀបចំ​ឱ្យ​មានការ​ជក់​កញ្ឆា ត្រូវ​បាន​ស្នើ​ឱ្យ​មានការ​គ្រប់គ្រង​ផ្សែង​ឱ្យ​បាន​ត្រឹមត្រូវ​បំផុត​។ ដូច្នេះ​វា​នឹង​មិន​ប៉ះពាល់​ដល់​មនុស្ស​រស់នៅ​ក្បែរ​តំបន់​នោះ​។ ស្រប​ពេល​មន្ត្រី​មូលដ្ឋាន ដែល​រក​ឃើញ​ថា មានការ​ជក់​នៅ​កន្លែង​ណាមួយ ពួក​គេ​អាច​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​ពាក់ព័ន្ធ​។ ហើយ​ជាមួយ​គ្នា​នោះ មន្ត្រី​សុខាភិបាល​សាធារណៈ​ទូ​ទាំង​ប្រទេស មាន​កាតព្វកិច្ច​ចុះ​អប់រំ​ប្រជាជន​ក្នុង​តំបន់​អំពី​គ្រោះថ្នាក់​នៃ​ផ្សែង​បារី ឬ​កញ្ឆា​។

ពាក់ព័ន្ធ​បញ្ហា​នេះ លោកស្រី Neeranuch Arphajarat ប្រធាន​ផ្នែក​កិច្ចការ​ច្បាប់ បាន​អះអាង​ថា ការ​ជក់បារី​នៅ​ទី​សាធារណៈ ត្រូវ​បាន​ចាត់ទុកជា​ភាព​រំខាន​មួយ​ក្រោម​ការ​ប្រកាស​ផ្នែក​សុខភាព​សាធា​រណៈ ដែល​បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា កន្លង​ទៅ​។ ហើយ​អ្នក​រំលោភ​នឹង​ត្រូវ​ទទួល​ការ​ស៊ើបអង្កេត​ពី​អាជ្ញាធរ​។ ខណៈ​ដែល​ការ​ជក់​កញ្ឆា អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ខែ ឬ​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ២៥,០០០​បាត ដែល​ស្មើនឹង​ជាង​៧០០​ដុល្លារ​។

សូម​ជម្រាប​ថា បើ​ទោះបីជា​រដ្ឋាភិបាល​ដក​ដំណាំ​កញ្ឆា​ចេញពី​បញ្ជី​គ្រឿង​ញៀ​.​ន​ហាមឃាត់​ក៏​ពិតមែន​។ ប៉ុន្តែ​ការ​ប្រើប្រាស់​ជា​ការ​កម្សាន្ត​ដោយ​ខុសច្បាប់ នៅ​តែ​ត្រូវ​បាន​ហាមឃាត់​ស្ថិត​ក្រោម​ច្បាប់​កំណត់​ដដែល ជា​ពិសេស​ក្នុង​ចំណោម​មនុស្ស​វ័យក្មេង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ