ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ខ្មែរ និង​ថៃ​បោះទុន​2​លាន​ដុល្លារ​វិនិយោគ​ក្រុមហ៊ុន​ផលិត​បេតុង​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​សាងសង់​ជា​បន្តបន្ទាប់​នៅ​តាម​បណ្ដា​ខេត្ត ជា​ពិសេស រាជធានី​ភ្នំពេញ អ្នក​វិនិយោគ​ខ្មែរ និង​ថៃ​បាន​ចាប់ដៃ​គ្នា​បង្កើត​រោងចក្រ​ផលិត​បេតុង​សម្រាប់​

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​សាងសង់​ជា​បន្តបន្ទាប់​នៅ​តាម​បណ្ដា​ខេត្ត ជា​ពិសេស រាជធានី​ភ្នំពេញ អ្នក​វិនិយោគ​ខ្មែរ និង​ថៃ​បាន​ចាប់ដៃ​គ្នា​បង្កើត​រោងចក្រ​ផលិត​បេតុង​សម្រាប់​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​សំណង់ និង​ជួយ​ជំរុញ​ល្បឿន​នៃ​ការ​សាងសង់​ឲ្យ​កាន់តែ​ឆាប់រហ័ស ។

លោក ហែម សុ​ជាតិ អ្នកគ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុន​បេតុង Phnom Penh Precast Construction បាន​និយាយ​ក្នុង​ថ្ងៃ​ដាក់​ដំណើរការ​ក្រុមហ៊ុន​ផលិត​បេតុង​នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ថា កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ថៃ ក្នុង​ការ​ផលិត​បេតុង​សម្រាប់​ផ្គត់ផ្គង់​ដៃគូ​អ្នក​សាងសង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ជាដំបូង​បាន​ដាក់​ទុន​ប្រមាណ​២​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​កម្ពុជា​មាន​ភាគហ៊ុន​៥១% និង​៤៩%​ទៀត​ជា​ភាគហ៊ុន​ភាគី​ថៃ ។ លោក​និយាយ​ថា ៖ «​ការ​បើក​ដំណើរការ​ក្រុមហ៊ុន​ផលិត​បេតុង​របស់​យើង​នៅ​ពេល​នេះ វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​ជំរុញ​វិស័យ​សំណង់​ឲ្យ​មានការ​សាងសង់​កាន់តែ​លឿន និង​មានគុណ​ភាព ។ ក្រុមហ៊ុន​បាន​នាំ​យក​អ្នកជំនាញ​ខាង​បេតុង​មក​ធ្វើការ​ជាក់ស្ដែង ដើម្បី​បង្ហាញ​ដល់​កម្មករ​របស់​យើង » ។

លោក​បន្ត​ថា ក្រៅពី​ការ​ផលិត​បេតុង​ជូន​ដល់​ក្រុមហ៊ុន​ដៃគូ​ហើយ ក្រុមហ៊ុន​នេះ​ក៏​បាន​ផ្ដល់​ឱកាស​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ក្នុង​នោះ​មានកម្ម​ករ​ដែល​បំពេញការងារ​នៅ​ក្នុង​ក្រុមហ៊ុន និង​រោងចក្រ​ផលិត​បេតុង​ជា​ជនជាតិ​ខ្មែរ​៩៩%​ទៅ​ហើយ ។ ម្យ៉ាងទៀត ដើម្បី​ជំរុញ​ការ​សាងសង់​ឲ្យ​លឿន ក្រុមហ៊ុន​នឹង​ប្រើ​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ផលិត​បេតុង និង​ចាក់​បេតុង​ជូន​ក្រុមហ៊ុន​ដៃគូ ។ ជាក់ស្ដែង បើ​តាម​បច្ចេកទេស​បុរាណ ចាក់​ប្លង់​សេ ឬ​ចាក់​បេតុង​មួយ គឺ​ត្រូវការ​មនុស្ស​២០​ទៅ​៣០​នាក់​ដើម្បី​ធ្វើការ​នោះ ប៉ុន្តែ​ក្រុមហ៊ុន Phnom Penh Precast Construction នឹង​កាត់​បន្ថយ​ការ​ប្រើប្រាស់​មនុស្ស ដោយ​ងាក​មក​ប្រើប្រាស់​បច្ចេកទេស​ទំនើប និង​មានគុណ​ភាព​ជាង ។

លោក​បន្ថែម​ថា បច្ចុប្បន្ន ក្រុមហ៊ុន​មាន​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​ហើយ​ដូច​ជា ក្រុមហ៊ុន​ទទួល​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ក្រុមហ៊ុន​សាងសង់​សណ្ឋាគារ និង​ខុន​ដូ​ជាដើម ។ ដូចនេះ នៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន Phnom Penh Precast Construction នឹង​ពង្រីក​វិសាលភាព​ផលិត​របស់​ខ្លួន​ឲ្យ​កាន់តែ​ធំ​ឡើង​ទៀត ។ លោក​និយាយ​ថា ៖ « ពេល​នេះ ក្រុមហ៊ុន​យើង​មាន​សមត្ថភាព​ផលិត​បេតុង​បាន​ប្រមាណ​៦០០​ទៅ​៧០០​ម៉ែត្រការ៉េ​ក្នុង​១​ថ្ងៃ ទាំង​ប្លង់​សេ និង​ជញ្ជាំង ហើយ​នៅ​ថ្ងៃក្រោយ​យើង​អាច​ផលិត​បាន​ដល់​១.០០០​ម៉ែត្រការ៉េ​ក្នុង​១​ថ្ងៃ​។ ប៉ុន្តែ​បើសិនជា​ទីផ្សារ​នៅ​តែ​ដើរ​ល្អ​នោះ យើង​គ្រោង​នឹង​បើក​រោងចក្រ​ផលិត​បេតុង​ផ្គត់ផ្គង់​ក្នុង​វិស័យ​សំណង់​បន្ថែម​ទៀត » ។

តាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៦ វិស័យ​សំណង់​បាន​ស្ទុះ​ងើបឡើង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ទុន​នៅ​ក្នុង​វិស័យ​នេះ​កើន​រហូត​ដល់​ជាង​៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​កើន​២​ដង​បើ​ធៀប​នឹង​ឆ្នាំ​២០១៥ កន្លង​ទៅ ៕