ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋដែលមានផ្ទះនៅខាងជើងផ្សារកអណ្តើក កំពុងប្រតិតកម្មយ៉ាងខ្លាំងចំពោះគំនរសំរាម ដែលត្រូវបានគេទុកចោលរាប់ខែមកហើយ មិនមានអ្នកណាអើពើកើបចោលឡើយ មានតែអ្នកយកសំរាមយកមកចោលថែម ខណៈដីដែលគេនាំគ្នាយកសំរាមទៅចោលនោះម្ចាស់នៅរាជធានីភ្នំពេញ។ពលរដ្ឋបានឱ្យដឹងថា គំនរសំរាមដែលត្រូវបានគេគរទុកចោលបំពុលបរិយាកាសនោះ គឺស្ថិតនៅក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ពលរដ្ឋបានបន្ថែមថា គំនរសំរាមទាំងនោះមិនត្រឹមតែនៅក្នុងដីដែលគេទុកចោលប៉ុណ្ណោះទេ គឺមាននៅតាមជញ្ចើមផ្លូវផងដែរ ហើយក៏កំពុងតែជះក្លិនស្អុយ មកលើពួកគាត់ ជាពិសេសពេលមេឃភ្លៀងតែម្ដង បង្កើតជាដង្កូវរវើកក៏មាន។ រីឯប្រពន្ធ័លូបង្ហូរទឹកស្អុយគឺមិនមានការរៀបចំឲ្យបានត្រឹមត្រូវនោះទេ ជាហេតុធ្វើឲ្យហូរពាសវាលពាសកាលកាត់មុខផ្ទះរបស់ពួកគាត់ទៀតផង។ បន្ថែមពីលើនេះបងស្រី ស ស្រីដា អាយុ២៥ឆ្នាំ មុខរបរកាត់ដេរ និងមានទីលំនៅជិតគំនរសំរាម បានលើកឡើងថា រាល់ថ្ងៃនេះគាត់ពិបាករស់នៅណាស់ ដោយសារតែរឿងសំរាមស្អុយរលួយនេះ ពេលហូបបាយទឹកម្តងៗមិនចង់កើតទេ ព្រោះតែធុំក្លិនស្អុយខ្លាំងពេក។
បងស្រីបានបញ្ជាក់ថា សំរាមទាំងនេះត្រូវបានអាជីវករយកមកបោះចោលនៅពេលព្រលប់ជារៀងរាល់ថ្ងៃ គឺមកចោលតាមតែគ្នា ហើយម្យ៉ាងទៀតដីនៅចំណុចនេះម្ចាស់គេគឺនៅឯភ្នំពេញយូៗទើបមកម្តង។ បើនិយាយប្រពន្ធ័លូវិញ បងស្រីបានឱ្យដឹងថា គឺមិនមានការរៀបចំនោះឡើយ ដោយនៅពេលភ្លៀងម្តងៗ ទឹកភ្លៀងបានហូរនាំកាកសំណល់ស្អុយទាំងនោះហូរចូលដីគេ និងកាត់មុខផ្ទះគាត់ផងដែរ។ ជាមួយគ្នានេះដែលអាជីវករឈ្មោះ ទិត្យ សុបាន ដែលជាមានមុខរបរជាអ្នកលក់ត្រីក្នុងផ្សារកអណ្តើកនេះបានលើកឡើងថា ក្រុមភាស៊ីនៅក្នុងផ្សារមួយនេះសំរាមមិនប្រមូលទេ តែបើលុយភាស៊ីបង់ខ្វះមួយរយមិនបានទេ គឺតាមទារទាល់តែគ្រប់ គាត់លក់ត្រី១កញ្ច្រែងបង់ភាស៊ីអស់ ១០០០រៀល ក្នុងមួយថ្ងៃ បើឲ្យតែ៥០០រៀលក៏មិនយកដែរ។
ពាក់ព័ន្ធនឹងករណីនេះដែរ លោក នួន ឡាណ មេភូមិប្រាសាទបានឲ្យដឹងថា តម្លៃភាស៊ីគឺត្រូវបង់ដូច្នេះមែន កង់១ បង់៥០០រៀល ម៉ូតូ១បង់១០០០រៀល។ ដោយឡែករឿងសំរាមនោះលោកធ្លាប់បានចុះដុតពីបីដងមកហើយ តែពេលនេះខែភ្លៀងដុតមិនកើត ហើយពលរដ្ឋជាអ្នកយកទៅចោលនៅទីនោះព្រោះអត់មានអ្នកប្រមូល។ ឆ្លើយតបនឹងករណីខាងលើ លោក តូច វ៉ារដ្ឋា ប្រធានមន្ទីរបរិស្ថានខេត្តព្រៃវែង បានឲ្យដឹងថា សំរាមទាំងនោះ គឺពលរដ្ឋបានយកទៅចោល ដោយសារមិនទាន់មានក្រុមហ៊ុនម៉ៅការប្រមូលសំរាមតាមផ្ទះ តែតូបដែលនៅក្នុងផ្សារគឺមានអ្នកម្រមូលហើយ ចំណែកកន្លែងផ្ទុកសំរាមក៏យើងមានដែរ គឺមានដីមួយហិកតាសម្រាប់ដាក់សំរាមទាំងនេះ។
លោកបញ្ជាក់ថា មូលហេតុដែលពលរដ្ឋយកសំរាមមកចោលនៅខាងជើងផ្សារនោះ មកពីមិនទាន់មានក្រុមហ៊ុនម៉ៅការប្រមូល ឬដឹកជញ្ជូន ដូចនេះសូមឲ្យបងប្អូនមេត្តាយោគយល់ និងជួយសហការផង ហើយបើមានខាងក្រុមហ៊ុនណាចង់មកដេញថ្លៃម្រមូលសំរាមនេះលោកនឹងទទួលដោយក្ដីរីករាយ៕
ចែករំលែកព័តមាននេះ