ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះ​ហៃ​ណា​ន​ជា​គោលដៅ​ថ្មី​សម្រាប់​ភ្ញៀវ​ទេសចរ​កម្ពុជា

7 ឆ្នាំ មុន

កោះ​ហៃ​ណា​ន ៖ ស្រប​ពេល​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន ពលរដ្ឋ​ខ្មែរ​ដែល​មាន​កម្រិតជីវភាព​សមរម្យ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្រៅប្រទេស​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ កំណើន​នៃ​ដំណើរ​កម្សាន្ត​នេះ ធ្វើ​ឱ្យ​

កោះ​ហៃ​ណា​ន ៖ ស្រប​ពេល​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន ពលរដ្ឋ​ខ្មែរ​ដែល​មាន​កម្រិតជីវភាព​សមរម្យ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្រៅប្រទេស​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ កំណើន​នៃ​ដំណើរ​កម្សាន្ត​នេះ ធ្វើ​ឱ្យ​ក្រុមហ៊ុន ikhmertrip ជ្រើសរើស​យក​កោះ​ហៃ​ណា​ន​ធ្វើ​ជា​គោលដៅ​ទេសចរណ៍​ថ្មី​មួយទៀត​សម្រាប់​ភ្ញៀវ​ទេសចរ​កម្ពុជា ដោយ ikhmertrip បាន​នាំ​តំណាង​ក្រុមហ៊ុន​ទេសចរណ៍ និង​អ្នក​សារព័ត៌មាន​ប្រមាណ​២០​នាក់​មក​ពី​ស្ថាប័ន​ផ្សេង​គ្នា​ទៅ​សិក្សា​ឈ្វេងយល់​រយៈពេល​៦​ថ្ងៃ កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ដើម្បី​បង្ហាញ​ពី​តំបន់​សក្តានុពល​នៃ​កោះ​នេះ ។

បើ​តាម​អ្នកសម្របសម្រួល​ដំណើរ​កម្សាន្ត​របស់​ក្រុមហ៊ុន ikhmertrip  លោក Chhin Huy ឱ្យ​ដឹង​ថា កោះ​ហៃ​ណា​ន ជា​កន្លែង​កម្សាន្ត​ថ្មី​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​កម្ពុជា​មក​កម្សាន្ត ព្រោះ​នៅ​ទី​នេះ​មាន​តំបន់​ទេសចរណ៍​ច្រើន​ដូច​ជា ឆ្នេរ​ខ្សាច់​ស្អាត ទេសភាព​ល្អ អាកាសធាតុ​បរិសុទ្ធ និង​សំណង់​អគារ​ខ្ពស់​ៗ​ច្រើន​គួរ​ឱ្យ​ទាក់ទាញ ។ ម្យ៉ាងទៀត នៅ​ភ្នំពេញ និង​សៀមរាប ក៏​មាន​ជើងហោះហើរ​ត្រង់​មក​កោះ​ហៃ​ណា​ន​ផង​ដែរ ។ លើស​ពី​នេះ ikhmertrip ចង់​បង្ហាញ​ទៅ​តំណាង​ក្រុម​ភ្នាក់ងារទេសចរណ៍​ក្នុងស្រុក​បាន​យល់​កាន់តែ​ច្បាស់​លើ​ការ​គ្រប់គ្រង និង​គុណភាព​នៃ​ការ​ត្រួតពិនិត្យ​សេវា​ទេសចរណ៍​ដែល​ផ្តល់​ជូន​អតិថិជន ។

ទោះជា​តំបន់​ទេសចរណ៍​កោះ​ហៃ​ណា​ន មិន​ទាន់​ទទួល​បាន​ភ្ញៀវ​ទេសចរ​កម្ពុជា​ចូល​មក​កម្សាន្ត​ក្តី ប៉ុន្តែ​ដែនដី​កោះ​ដែល​មាន​ទំហំ​ជាង​៣​ម៉ឺន​គីឡូម៉ែត្រ និង​មាន​ពលរដ្ឋ​រស់នៅ​ប្រហែល​៩​លាន​នាក់​នេះ​បាន​ស្រូប​យក​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ ។

លោក Chhin Huy បញ្ជាក់​ថា ៖ « យើង​រំពឹង​ថា ភ្ញៀវ​ទេសចរ​កម្ពុជា​នឹង​មក​កម្សាន្ត​នៅ​កោះ​ហៃ​ណា​ន​នេះ បន្ទាប់​ពី​តំណាង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទេសចរណ៍​ក្នុងស្រុក​បាន​មក​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍ សេវាកម្ម​នៅ​ហៃ​ណា​ន​រួច នឹង​ផ្តល់​ព័ត៌មាន​ទាំងនេះ​ជូន​ពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ផ្សេង​ទៀត » ។

អ្នកស្រី សែ​ម សុ​មាល័យ អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ផា​រ៉ា​ម៉ោ​ន​អង្គរ​ទេសចរណ៍ ឱ្យ​ដឹង​ថា ៖ « កោះ​ហៃ​ណា​ន​មាន​កន្លែង​ចាប់អារម្មណ៍​ច្រើន​សម្រាប់​ភ្ញៀវ​ទេសចរ​មក​លំហែកាយ ដោយសារ​នៅ​ទី​នេះ​ជា​តំបន់​កោះ អីចឹង​ហើយ​សម្រាប់​អ្នក​ដែល​មាន​គូ និង​ទើប​រៀប​ការ​ហើយ​ថ្មី​ៗ​អាច​មក​កម្សាន្ត​នៅ​ទី​នេះ ពិតជា​ត្រូវចិត្ត ។ ចំណែក​មុខម្ហូប​មិន​ចោទ​ជា​បញ្ហា​ទេ​សម្រាប់​ភ្ញៀវ​ទេសចរ​នៅ​អាស៊ី គឺ​អាច​ញុំ​ា​បាន​ទាំងអស់ » ។

អ្នកស្រី​បន្ត​ថា ៖ « អាកាសធាតុ​នៅ​ទី​នេះ គឺ​ខ្ញុំ​ស្រឡាញ់​ចូល​ចិត្ត វា​ត្រជាក់​ស្រួល មិន​រងា មិន​ក្តៅ អាច​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ចង់​មក​កម្សាន្ត ព្រោះ​នៅ​កោះ​ហៃ​ណា​ន​មាន​ទាំង​តំបន់​ទេសចរណ៍​បែប​ទំនើប និង​វប្បធម៌ ។ ខ្ញុំ​ជឿ​ថា ភ្ញៀវ​ទេសចរ​ខ្មែរ​យើង​នឹង​មាន​អ្នក​ចង់​មក​កម្សាន្ត​នៅ​ទី​នេះ ដោយសារ​ពលរដ្ឋ​កម្ពុជា​សព្វថ្ងៃ​មាន​លទ្ធភាព​អាច​ដើរ​កម្សាន្ត​នៅ​ក្រៅ​ស្រុក » ។

លោក Chhin Huy លើក​ឡើង​ទៀត​ថា ៖ « ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មក អ្វី​ដែល​យើង​ទទួល​បាន គឺ​ភ្នាក់ងារទេសចរណ៍​កើនឡើង​។ ជាក់ស្តែង គិត​មក​ដល់​សព្វថ្ងៃ យើង​មាន​ទីភ្នាក់ងារ​ទេសចរណ៍​នៅ​ក្រុងភ្នំពេញ​ជាង​១០០​កន្លែង និង​ខេត្តសៀមរាប​ប្រមាណ​៥០​កន្លែង​បាន​និង​កំពុង​លក់​ផលិតផល​របស់ ikhmertrip » ។

លោក​គូសបញ្ជាក់​ថា ៖ « ការ​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នេះ យើង​មិន​ចង់​ប្រកួតប្រជែង​អ្វី​ទេ សំខាន់​គឺ​ព្យាយាម​ធ្វើ​យ៉ាងណា​ផ្តល់​សេវាកម្ម និង​តម្លៃ​ដ៏​ល្អ​មួយ​ជូន​អតិថិជន ព្រោះ​កន្លង​មក យើង​ធ្លាប់​ឮ​ថា ការ​យក​តម្លៃ​ថោក គឺ​ការ​រៀបចំ​ដំណើរ​កម្សាន្ត​នោះ​អត់​ល្អ ខ្វះ​មុខម្ហូប សេវា​ដឹក​ភ្ញៀវ​មិនសូវ​រាក់ទាក់ និង​សណ្ឋាគារ​មិនសូវ​ល្អជា​ដើម ។ ប៉ុន្តែ​សម្រាប់​អ្វី​ដែល ikhmertrip ផ្តល់​ជូន​ភ្ញៀវ​ទេសចរ គឺ​ធានា​ទាំង​គុណភាព សេវាកម្ម និង​តម្លៃ​អាច​ឱ្យ​ភ្ញៀវ​ទាំងអស់​ទទួលយក​បាន » ។

គួរ​រំឭក​ថា ក្នុង​ដំណើរ​កម្សាន្ត​រយៈពេល​៦​ថ្ងៃ​ទៅ​កាន់​កោះ​ហៃ​ណា​ន គឺ​បាន​ទៅ​ទស្សនា​អគារ​ប៉​អាវ​, ឆ្នេរ​អុ​ី​តា​យ​, ភូមិ​បុរាណ​ប៉​អាវ​, សួន​ថ្នាំ​រុក្ខជាតិ​ត្រ​ពិ​ច​ស៊ី​ង​ឡុ​ង​, ភូមិ​វប្បធម៌​ត្រកូល​លី ជនជាតិ​ដើម​ភាគតិច​, ផលិតផល​ធ្វើ​ពី​ឫស្សី​, រូបសំណាក​ព្រះ​ម៉ែ គង់​ស៊ី​អី​ម និង​ដង​វិ​ថី​ថត​ខ្សែភាពយន្ត​បុរាណ​នៅ​ឆ្នាំ​១៩៤២ ជាដើម ៕