ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ព្រ​លែង​កូន​ត្រី ក្នុង​ទិវា​មច្ឆជាតិ​ ១​កក្កដា នៅ​អាង​ត្រពាំង​ថ្ម ខេត្តបន្ទាយមានជ័យ

1 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​ ៖ នៅ​ព្រឹក ថ្ងៃ​សុក្រ ​ទី​១ ខែកក្កដា ឆ្នាំ​២០២២នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

ខេត្តបន្ទាយមានជ័យ​ ៖ នៅ​ព្រឹក ថ្ងៃ​សុក្រ ​ទី​១ ខែកក្កដា ឆ្នាំ​២០២២នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​អបអរសាទរ​ទិវា​មច្ឆជាតិ ១​កក្កដា ឆ្នាំ​២០២២ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទីតាំង​អាង​ទឹក ត្រពាំង​ថ្ម ភូមិ​ត្រពាំង​ថ្ម ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ ។

តាម​របាយការណ៍​របស់​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ថា កូន​ត្រី និង​ត្រី​មេ​ពូជ​ប្រមាណ ១​លាន​ក្បាល ​ដែល​ត្រូវ​លែង​នា​ថ្ងៃនេះ​ រួម​មាន ​៖ ប្រភេទ​ត្រី​ឆ្ពិន ត្រី​ព្រលូង ត្រី​កាហែ ត្រី​ប្រា និង​ត្រី​កន្ធរ រួម​ទាំង​ប្រភេទ​ វា​រី​សត្វ​ជិត​ផុត​ពូជ ​មាន​ដូច​ជា​ត្រី​គល់រាំង អណ្តើក កន្ធាយ និង​កង្កែប​ជាដើម​ ។ ក្រៅ​តែ​ពី​លែង​កូន​ត្រី និង​ត្រី​មេ​ពូជ​ហើយ កម្មវិធី​នេះ​ ក៏​មានការ​លែង​កូន​បង្កង​ទឹកសាប​ជា​ថ្មី ប្រមាណ ២០​ម៉ឺន​ក្បាល​បន្ថែម​ទៀត​ផង​ដែរ ​។

សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​រីករាយ ដែល​បាន​អញ្ជើញ​មក​ព្រ​លែង​កូន​ត្រី និង​អបអ​សាទរ​ទិវា​មច្ឆជាតិ ​១​កក្កដា ​នា​ពេល​នេះ​ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា វត្តមាន​របស់​សម្តេច​ នៅ​អាង​ត្រពាំង​ថ្ម​ នា​ពេល​នេះ គឺជា​វត្តមាន​លើក​ទី​២​ហើយ ខណៈ​លើក​ទី​១ សម្តេច​តេ​ជោ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​អាង​នេះ បន្ទាប់​ពី​ជួសជុល និង​កែ​លំអរ​រួចរាល់ កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០០៦ ​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការ​ព្រ​លែង​កូន​ត្រី និង​ត្រី​មេ​ពូជ​នា​ថ្ងៃនេះ គឺជា​រឿង​ល្អ​មួយ​សម្រាប់​បង្កើន​ផល​ត្រី​សម្រាប់​ប្រជាពលរដ្ឋ ហើយ​ការ​លែង​ត្រី​មិនមែន​ធ្វើ​តែ​ក្នុង​ទិវា​មច្ឆជាតិ​ ១​កក្កដា​ នោះ​ទេ គឺ​អាច​ធ្វើ​រាល់ថ្ងៃ អោយ​តែ​មាន​កន្លែង​ព្រ​លែង​(​ទឹក​) និង​មានពូជ​ត្រី​សម្រាប់​ព្រ​លែង​ ។ ការ​ដាំ​កូន​ឈើ ​ក៏​ដូច​គ្នា​ដែរ មិនមែន​ធ្វើ​តែ​នៅ​ក្នុង​រុក្ខទិវា​៩​កក្កដា​នោះ​ទេ គឺ​អាច​ធ្វើ​បាន​រាល់ថ្ងៃ​ ។

ជា​ថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ក្រើនរំលឹក​ដល់​អភិបាលខេត្ត​ជុំវិញ​បឹង​ទន្លេសាប ទាំងអស់​ត្រូវ​អនុវត្តន៍​ឱ្យ​បាន​ច្បាស់លាស់​លើ​ការ​កាត់​ឆ្វៀល​ដី​ តំបន់​អភិរក្ស​នៅ​បឹង​ទន្លេសាប ជូន​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​យូរ​ឆ្នាំ​មក​ហើយ​នោះ តាម​អ្វី​ដេ​ល​សម្តេច​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​កន្លង​ទៅ​នេះ​ ។

សម្តេច​តេ​ជោ ក៏​ថ្លែង​នូវ​ការ​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​នៅ​បឹង​ទន្លេសាប កុំឱ្យ​មានការ​កាប់​ទន្ទ្រាន​យក​ដី​អភិរក្ស​តំបន់​២ និង​៣​បន្ត​ទៀត​ ។

នៅ​ថ្ងៃនេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស និង​ចេញ​បទបញ្ជា​ឱ្យ​អាជ្ញាធរ​មីន និង​វិស័យ​ឯកជន ក្នុង​ការ​ដោះ​មីន​នៅ​ឃុំ​ប៉ោយ​ចារ និង​តំបន់​អាង​ត្រពាំង​ថ្មនេះ ដោយ​ត្រូវ​ដោះ​ឱ្យ​អស់​នៅ​ចុងឆ្នាំ​២០២២​នេះ និង​ត្រូវ​ប្រែក្លាយ​តំបន់​នេះ​ ជា​តំបន់​ដែល​គ្មាន​មីន​តទៅ​ទៀត ​។ ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ ក៏​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ រៀបចំ​ដាក់​គម្រោង​ជួសជុល​ស្ពាន​ ដែល​ខូចខាត​កន្លង​មក​ដោយ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យនេះ ក្នុង​កញ្ចប់​ថវិកា​សម្រាប់​ក្រសួង​អភិវឌ្ឍន៍ជនបទ​នៅ​ឆ្នាំ​២០២៣ ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ​កន្លង​ទៅ​ថ្មី​ៗ​នេះ ​។ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា ការ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការ​បោះ​ឆ្នោត​ជ្រើសរើស​យកសុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ ។ សម្តេច​តេ​ជោ​ ក៏​បាន​បង្ហាញ​ក្តី​សង្ឃឹមថា ប្រជាពលរដ្ឋ​នឹង​បន្ត​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀត នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ ។

ព័ន្ធ​ទៅ​នឹង​ជំងឺ​កូ​វី​ដ​-១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា ថ្ងៃ​ទី​៣០ ខែមិថុនា ម្សិលមិញ កម្ពុជា​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ចំនួន​៣​ករណី​ ។ សម្តេច​តេ​ជោ បន្ត​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជា​បន្ត​ទៀត ហើយ​សម្តេច​តេ​ជោ​បញ្ជាក់​ថា ទោះ​ចាក់​ដល់​ដូ​ស​ទី​២០ ក៏​ដោយ ក៏​រដ្ឋាភិបាល​មិន​យក​លុយ​ពី​ប្រជាជន​ខ្លួន​ដែរ ។

ទាក់ទង​នឹង​អ្នក​បំពុល​រឿង​កូ​វី​ដ​-១៩ នៅ​ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា មាន​បុគ្គល​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ហើយ បន្ទាប់​ពី​បំពុល​ព័ត៌មាន​តាម Tik Tok ពាក់ព័ន្ធ​នឹង​ការ​លើ​ឡើង​ថា​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​នៅ​ខេត្តកោះកុង​ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហាម​ដាច់ខាត​មិន​ឱ្យ​យក​ករណី​ជំងឺ​កូ​វី​ដ​-១៩ ទៅ​បំ​ភ្លើ​ស ឬ​លេងសើច​លើ​បណ្តាញ​សង្គម​នោះ​ឡើយ បើ​យក​ទៅ​លេងសើច ឬ​បំភ្លៃ​ការ​ពិត គឺ​មិន​អាច​រួចខ្លួន​នោះ​ឡើយ គឺ​ត្រូវ​តែ​អនុវត្ត​ច្បាប់ ​។

មុន​នឹង​បញ្ចប់ ជាមួយនឹង​ការ​អបអរសាទរ​ទិវា​មច្ឆជាតិ ១​កក្កដា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ប្រកាស និង​ព្រ​លែង​កូន​ត្រី​ប្រមាណ​ជាង​១​លាន​ក្បាល​ ចូល​ទៅ​ក្នុង​អាង​ទឹក​ត្រពាំង​ថ្ម​ ​ថ្ងៃនេះ ក្នុង​បរិយាកាស​រីករាយ​ក្រៃ​លែង និង​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​មច្ឆជាតិ​ទាំងអស់​គ្នា ​អោយ​បាន​គង់វង្ស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ