ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បន្ទោស​វត្ថុ​ហោះ​ចូល​ពី​ព្រំដែន​កូរ៉េ​ខាងត្បូង​ថា​ជា​ហេតុ​ធ្វើ​ឱ្យ​ផ្ទុះ​កូ​វី​ដ

1 ឆ្នាំ មុន

កូរ៉េ​ខាង​ជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​បាន​អះអាង​នៅ​ថ្ងៃ​សុក្រ​ ទី​១ កក្កដា នេះ​ថា ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ

កូរ៉េ​ខាង​ជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​បាន​អះអាង​នៅ​ថ្ងៃ​សុក្រ​ ទី​១ កក្កដា នេះ​ថា ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩​ជា​លើក​ដំបូង​ដោយសារ​អ្នកជំងឺ​ប៉ះពាល់​នឹង​វត្ថុ​មក​ពី​ខាងក្រៅ​នៅ​ជិត​ព្រំដែន​ជាមួយ​កូរ៉េ​ខាងត្បូង ដោយ​ជាក់ស្តែង​របប​កុ​ម្មុ​យ​និ​ស្ត​នេះ​ស្តីបន្ទោស​ប្រទេស​ជិតខាង​ថា​ជា​អ្នក​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កូ​វី​ដ​ក្នុង​ប្រទេស​របស់​ខ្លួន​។

បើ​យោង​តាម​លទ្ធផល​ស៊ើបអង្កេត កូរ៉េ​ខាងជើង​បញ្ជា​ឲ្យ​ប្រជាជន​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​វត្ថុ​ខាងក្រៅ​ដែល​ហោះ​ចូល​ប្រទេស​ខ្លួន និង​បាតុភូត​អាកាសធាតុ និង​បាឡុង​នៅ​តំបន់​ខ្សែ​បន្ទាប់​ព្រំដែន​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA​។

KCNA មិន​បាន​លើក​ពី​កូរ៉េ​ខាងត្បូង​ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​ជន​ផ្តាច់ខ្លួន​កូរ៉េ​ខាងជើង និង​សកម្មជន​ជា​ច្រើន​បាន​ធ្វើការ​បង្ហោះ​បាឡុង​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយពី​ប្រទេស​កូរ៉េ​ខាងត្បូង​ចូល​ទៅ​ក្នុង​ព្រំដែន​កូរ៉េ​ខាងជើង ដោយ​ប៉េងប៉ោង​នោះ​មាន​ផ្ទុក​ខិត្ត​ប័​ណ្ឌ និង​ជំនួយ​មនុស្សធម៌​។

ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​ដែល​គ្រប់គ្រង​លើ​កិច្ចការ​អន្តរ​កូរ៉េ បាន​និយាយ​ថា​វា​មិន​អាច​កើតឡើង​នោះ​ទេ ដែល​វីរុស​ចូល​ទៅ​ក្នុង​កូរ៉េ​ខាងជើង​តាម​រយៈ​ខិត្ត​ប័​ណ្ឌ​ដែល​ត្រូវ​បាន​បញ្ជូន​ឆ្លងកាត់​ព្រំដែន​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ KCNA ទាហាន​វ័យ ១៨​ឆ្នាំ​ម្នាក់ និង​កុមារ​ថ្នាក់​ម​ត្តេ​យ្យ​អាយុ ៥​ឆ្នាំ​ម្នាក់ ដែល​ប៉ះពាល់​នឹង​របស់​មិន​ស្គាល់​អត្ត​សញ្ញា​នៅ​លើ​ភ្នំ​ជុំវិញ​បន្ទាយ និង​សង្កាត់​លំនៅ​ដ្ឋា​ន ស្ថិត​នៅ​ភាគ​ខាងកើត​នៃ​តំបន់ Kumgang កាលពីដើម​ខែមេសា មាន​បង្ហាញ​រោគ​សញ្ញា និង​ក្រោយមក​ត្រូវ​គេ​ធ្វើតេស្ត​រក​ឃើញ​មាន​វីរុស​កូ​រ៉ូ​ណា​។

KCNA បាន​និយាយ​ថា ករណី​គ្រុនក្តៅ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​រាយការណ៍​ក្នុង​ប្រទេស​រហូត​ដល់​ពាក់កណ្តាល​ខែឧសភា​គឺ​បណ្តាល​មក​ពី​ជំងឺ​ផ្សេង​ៗ ប៉ុន្តែ​វា​មិន​បាន​បញ្ជាក់​លម្អិត​នោះ​ទេ​។

«​វា​ពិបាក​ក្នុង​ការ​ជឿ​ការ​អះអាង​របស់​កូរ៉េ​ខាងជើង​តាម​បែប​វិទ្យាសាស្ត្រ ដោយសារ​លទ្ធភាព​នៃ​មេរោគ​ឆ្លង​តាម​រយៈ​វត្ថុ​មាន​កម្រិត​ទាប​»​។ នេះ​ជា​ការ​ថ្លែង​របស់​លោក Yang Moo-jin សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​សិក្សា​ពី​កូរ៉េ​ខាងជើង​នៅ​ទីក្រុង​សេ​អ៊ូ​ល​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ