ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធាន​សន្តិសុខ​ស្បថ​ចូល​កាន់​តំណែង​ជា​មេដឹកនាំ​ហុងកុងថ្មី​

1 ឆ្នាំ មុន

ហុងកុង ៖ អតីត​ប្រធាន​សន្តិសុខ​ហុងកុង​លោក John Lee វ័យ ៦៤​ឆ្នាំ​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​

ហុងកុង ៖ អតីត​ប្រធាន​សន្តិសុខ​ហុងកុង​លោក John Lee វ័យ ៦៤​ឆ្នាំ​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធាន​ប្រតិបត្តិ​ថ្មី​របស់​ហុងកុង​នៅ​ថ្ងៃ​សុក្រ ទី ១ ខែកក្កដា​នេះ​។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ចូលរួម​ក្នុង​ពិធី​ចូល​កាន់​តំណែង​របស់​មេដឹកនាំ​ថ្មី​ហុងកុង​ថ្មី​ដែល​ជា​អតីត​ប្រធាន​សន្តិសុខ​ដែល​គ្រប់គ្រង​លើ​ការ​ឆ្លើយ​តប​របស់​ប៉ូ​លី​ស​ចំពោះ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ក្នុង​ឆ្នាំ ២០១៩​។

ក្នុង​សុន្ទរកថា លោក John Lee និយាយ​ថា​និ​តិ​រដ្ឋ​គឺជា​តម្លៃ​មូលដ្ឋាន​សម្រាប់​ហុងកុង​។ លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា ច្បាប់​សន្តិសុខ​ជាតិ​បាន​នាំ​មក​នូវ​ស្ថិរភាព​ដល់ទី​ក្រុង​ហុងកុង បន្ទាប់​ពី​មានការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ឆ្នាំ ២០១៩​។

លោក John Lee គឺជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​គាំទ្រ​ដោយ​ទីក្រុង​ប៉េ​កាំ​ង​ដើម្បី​ស្នង​តំណែង​របស់​អតីត​មេដឹកនាំ​ហុងកុង​គឺ​លោកស្រី Carrie Lam​។

ការ​តែងតាំង​លោក John Lee បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ថា ទីក្រុង​ប៉េ​កាំ​ង​អាច​រឹត​បន្តឹង​ការ​កាន់កាប់​របស់​ខ្លួន​បន្ថែម​ទៀត​លើ​ទីក្រុង​ហុងកុង ដែល​ត្រូវ​បាន​អង់គ្លេស​ប្រគល់​ឲ្យ​ចិន​វិញ​នៅ​ក្នុង​ឆ្នាំ ១៩៩៧​។

ចំណែក​លោក Xi Jinping វិញ​និយាយ​ក្នុង​សុន្ទ​ករ​ថា​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រជាធិបតេយ្យ​ពិតប្រាកដ​របស់​ហុងកុង​ចាប់ផ្តើម​ឡើង បន្ទាប់​ពី​វា​ត្រូវ​បាន​ប្រគល់​ឲ្យ​ចិន​វិញ បន្ទាប់​ពី​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អង់គ្លេស​អស់​រយៈពេល ២៥​ឆ្នាំ​។

លោក​ថ្លែង​ថា «​បន្ទាប់​ពី​រួបរួម​ជាមួយ​មាតុភូមិ​វិញ ប្រជាជន​ហុងកុង​បាន​ក្លាយជា​ម្ចាស់​របស់​ទីក្រុង​ពួក​គេ​។ ប្រជាធិបតេយ្យ​របស់​ហុងកុង​ចាប់ផ្តើម​ពី​ពេល​នោះ​មក​»។

លោក​ថ្លែង​ថា រដ្ឋាភិបាល​កណ្តាល​នឹង​ជួយ​រក្សា និង​គាំទ្រ​ដល់​បរិយាកាស​ពាណិជ្ជកម្ម​សេរី និង​បើកចំហរ​សម្រាប់​ហុងកុង​។

មេដឹកនាំ​រូប​នេះ​ថ្លែង​ទៀត​ថា គ្មាន​ហេតុផល​ណាមួយ​ក្នុង​ការ​ផ្លាស់​ប្តូរ​របៀប​គ្រប់គ្រង​បែប ប្រទេស​មួយ ប្រព័ន្ធ​ពីរ​នោះ​ទេ ហើយ​វា​នឹង​នៅ​បន្ត​។

សូម​រម្លឹក​ថា អង់គ្លេស​បាន​ប្រគល់​ទឹកដី​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ​នៅ​ក្នុង​ឆ្នាំ ១៩៩៧ ក្រោម​ការ​សន្យា​ថា​ហុងកុង​មាន​រដ្ឋាភិបាល​ផ្ទាល់ខ្លួន មាន​សេរីភាព​ក្នុង​ការ​ប្រមូលផ្តុំ និង​បញ្ចេញមតិ​សម្រាប់​រយៈពេល ៥០​ឆ្នាំ​បន្ទាប់​។ (​យោង​តាម​ប្រភព​៖ Agencies)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ