ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បឹង​កេ​ត​អង្គរ​មិន​ខ្វល់​ពី​ការ​ប្រកួត​សន្សំ​ពិន្ទុ​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍​BTV Cup ល្ងាច​ស្អែក​នេះ

7 ឆ្នាំ មុន

វៀតណាម ៖ នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៧ ធ្នូ​ ស្អែកនេះ ក្រុម​បឹង​កេ​ត​អង្គរ​របស់​កម្ពុជា នឹង​ប្រកួត​ចុង​ក្រោយ​ដើម្បី​ដណ្ដើម​ពិន្ទុ​ក្នុងពូ​ល​A ឆ្ពោះទៅ​កាន់ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ​នៅ​ក្នុង​ព្រឹត្តិការណ៍ ​BTV Cup នៅ​ក្នុង​ប្រទេស

វៀតណាម ៖ នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៧ ធ្នូ​ ស្អែកនេះ ក្រុម​បឹង​កេ​ត​អង្គរ​របស់​កម្ពុជា នឹង​ប្រកួត​ចុង​ក្រោយ​ដើម្បី​ដណ្ដើម​ពិន្ទុ​ក្នុងពូ​ល​A ឆ្ពោះទៅ​កាន់ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ​នៅ​ក្នុង​ព្រឹត្តិការណ៍ ​BTV Cup នៅ​ក្នុង​ប្រទេស​វៀតណាម ។ បើ​ទោះជា​លទ្ធផល​នៅ​ល្ងាចស្អែក​​នេះ​យ៉ាងណា​ក៏​ដោយ ក៏​ក្រុម​បឹង​កេ​ត​អង្គរ​​របស់​កម្ពុជា​នៅ​តែ​បាន​ឈាន​ឡើង​ដោយ​ស្វ័យប្រវត្តិ​ដោយសារ​តែ​មាន​ពិន្ទុ​ខ្ពស់​ក្នុង​ពូ​ល​រួច​ទៅ​ហើយ ។

យោង​តាម​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​ប៊ិ​ញ​យឿ​ង ប្រទេស​វៀតណាម គឺ​ក្រុម​បឹង​កេ​ត​អង្គរ​របស់​កម្ពុជា នឹង​បាន​ឈាន​ឡើង​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​មិន​ចាំបាច់​គិត​ពិន្ទុ​ចាញ់​ឈ្នះ ដោយសារ​តែ​ក្នុង​ដៃ​មាន​៦​ពិន្ទុ​នាំមុខ​រួច​ទៅ​ហើយ ។ ទោះបី​យ៉ាងណា ក្រុម​បឹងកេ​ត​អង្គរ ក៏​ត្រូវការ​ពិន្ទុ​ខ្ពស់​ដើម្បី​ឈរ​លេខ​១​ក្នុង​ពូ​ល​គេច​ពី​ការ​ប្រកួត​ជាមួយ​ក្រុម​លេខ​១ ពូ​ល​B​នៅ​វគ្គ​បន្ទាប់​ផង​ដែរ​ដើម្បី​ដណ្ដើម​យក​ឱកាស​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​មិន​លំបាក ។

នេះ​ជា​ការ​ប្រកួត​អន្តរជាតិ​ក្នុង​ចំណោម​ក្រុម​ល្អ​ៗមក​ពី​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន និង​កូរ៉េ និង​ប្រទេស​មួយ​ចំនួន​ទៀត ទើប​គេ​កត់​សម្គាល់ថា ជ័យជម្នះ​របស់​ក្រុម​បឹង​កេ​ត​អង្គរ​នៅ​ក្នុង​ព្រឹត្តិការណ៍ BTV Cup ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម គឺជា​មុខមាត់​មួយ​របស់​ក្រុមបាល់ទាត់​កម្ពុជា ។ ជាមួយនឹង​វត្តមាន​ចូល​ប្រកួត ហើយ​បាន​ជ័យជម្នះ​២​ប្រកួត​ក្នុង​ចំណោម​៣​ប្រកួត​ក្នុង​ពូ​ល​បាន​ជួយ​ក្រុម​បឹង​កេ​ត​អង្គរ​មានឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​ជា​ពិសេស​គឺ​កីឡាករ ចាន់ វឌ្ឍនាកា បន្ទាប់​ពី​គេ​បាន​តំណែង​ជា Man Of The Match  ដោយសារ​តែ​គេ​បញ្ជូន​បាល់​បាន​ល្អ និង​ស៊ុត​បានល្អ​នៅ​ក្នុង​ព្រឹត្តិការណ៍ BTV Cup ដែល​រៀបចំ​ដោយ​ខេត្ត​ប៊ិ​ញ​យឿ​ង ប្រទេស​វៀតណាម ។

កម្ពុជា​បាន​យកឈ្នះ​ក្រុម​សាកលវិទ្យាល័យ​ប្រទេស​វៀតណាម និង​ក្រុម​ខ្លាំង​មួយ​របស់​ម្ចាស់ផ្ទះ ទើប​ធ្វើ​ឱ្យ​ក្រុម​បឹង​កេ​ត​អង្គរ​ជិះសេះ​លែងដៃ​សម្រាប់​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​ទី​៧ ធ្នូ​ ស្អែកនេះ នៅ​ក្នុង​ប្រទេស​វៀតណាម ។ ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូ​ល​នៅ​ក្នុង​វគ្គ​នេះ នឹង​ក្លាយជា​ការ​កាត់ក្ដី​ថា​តើ​ក្រុម​កម្ពុជា​នឹង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ឬ​លេខ​២​ក្នុង​ពូ​ល​ដើម្បី​បោះ​ជំហាន​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​មិនមែន​ជា​ការ​ប្រកួត​អស់សង្ឃឹម​ដូច​ការ​ចូលរួម​របស់​ក្រុម​កម្ពុជា​ផ្សេង​ទៀត​នៅ​លើ​ទឹកដី​បរទេស​នោះ​ទេ ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​របស់​ពួក​គេ​ទទួល​បានការ​ចាប់អារម្មណ៍​នៅ​ក្នុង​ចំណោម​អ្នកគាំទ្រ​បាល់ទាត់​នៅ​ក្នុងស្រុក ។

ការ​ប្រកួត​របស់​ក្រុម​ជើងឯក​លី​ក​កំពូលកម្ពុជា​គឺ​បឹង​កេ​ត​អង្គរ​ល្ងាច​នេះ នឹង​ប៉ះ​ជាមួយក្រុម Than Quan Ninh របស់​ប្រទេស​វៀតណាម ដែល​ជា​ក្រុម​ខ្លាំង​មួយ​ផង​ដែរ ។ ប៉ុន្តែ​វា​លែង​ជា​ឧបសគ្គ​សម្រាប់​ក្រុម​កម្ពុជា​ទៀត​ហើយ ដោយសារ​តែ​ការ​ប្រកួត​ចាញ់​ក៏​បាន​៧​ពិន្ទុ​ឈរ​លេខ​២​ក្នុង​ពូ​ល និង​បើ​ឈ្នះ​ក៏​បាន​៩​ពិន្ទុ ហើយ​បាន​ឡើង​ដោយ​ស្វ័យប្រវត្តិ ។
ការ​ប្រកួត​លា្ង​ចនេះ​ត្រូវ​គេ​រំពឹង​ថា មិន​មាន​ភាព​ស្វិតស្វាញ​ច្រើន​ទេ ខណៈ​ដែល​កីឡាករ​ល្អ​ៗ​ក៏​ត្រូវ​បាន​ប្រកាស​ថា នឹង​ទុក​ជើង​សម្រាប់​វគ្គ​ឆ្លង​ពូ​ល​ដែល​នឹង​ធ្វើការ​ប្រកួត​ក្នុង​ពេល​ខាង​មុខ​នេះ ។ ពានរង្វាន់​ទូរទស្សន៍​ខេត្ត​ប៊ិ​ញ​យឿ​ង​របស់​ប្រទេស​វៀតណាម​នេះ ឬ BTV Cup 2016 នេះ បាន​ចាប់ផ្ដើម​ឡើង​កាលពី​ថ្ងៃ​ទី​២ ធ្នូ ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​១១ ធ្នូ ខាង​មុខ ទើប​ក្រុម​បឹង​កេ​ត​អង្គរ​បាន​ចំណាយពេល​យ៉ាង​សកម្ម​ហ្វឹកហាត់​បាល់ទាត់​នៅ​ក្នុង​ប្រទេស​វៀតណាម ដើម្បី​ដណ្ដើម​យកមុខ​មាត់​ជូន​ដល់​កម្ពុជា ខណៈ​ដែល​ក្ដី​រំពឹង​នោះ ក៏​មើលឃើញ​ខ្ពស់​ដោយសារ​តែ​ការ​ប្រកួត​នា​ពេល​កន្លង​មក គឺ​ក្រុម​កម្ពុជា​ជោគជ័យ​រហូត ។ បើ​ក្រុម​បឹង​កេ​ត​អង្គរ​បាន​ឈ្នះ​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ នោះ​គេ​នឹង​ប៉ះ​ក្រុម​ដែល​ឈរ​លំដាប់​លេខ​២​ក្នុង​ពេល​ពូ​ល​B ដែល​មាន​ន័យ​ថា ក្ដី​រំពឹង​ក៏​ច្រើន​ដូច​គ្នា​សម្រាប់​ជំហាន​បន្ត​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១១ ធ្នូ ។

គួរ​បញ្ជាក់​ថា ពានរង្វាន់ BTV Cup ក្រុម​បឹង​កេ​ត​អង្គរ​ស្ថិត​នៅ​ពូ​ល​A ដោយ​មាន​ក្រុម​ម្ចាស់ផ្ទះ Becamex Binh Duong, Than Quang Ninh និង​ក្រុម​តំណាង​សាកល​វិទ្យា​ល័យ​កូរ៉េ​ខាងត្បូង ឬ Korea University Selection ។

នៅ​ពូ​ល​B មាន​៤​ក្រុម​ចូលរួម​ដូច​គ្នា រួម​មាន​ក្រុម Hai Phong និង​ក្រុម SHB Da Nang របស់​វៀតណាម​, ក្រុម Bangu Atlético Club មក​ពី​ប្រេ​ស៊ី​ល និង​ក្រុម Shonan Bellmare កំពុង​លេង​ក្នុង​លី​គ​កំពូល​ជប៉ុន (J-League) ទៀត​ផង ។

ចាន់ វឌ្ឍនាកា ត្រូវ​គេ​រំពឹង​ថា នឹង​ក្លាយជា​កីឡាករ​កាន់តែ​លេចធ្លោ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ខណៈ​ដែល​ការ​ប្រកួត​ល្ងាចស្អែក​នេះ ក៏​ជា​ឱកាស​ដែល​អាច​ឱ្យ​គេ​ទទួល​បានការ​ចាប់អារម្មណ៍​ផង​ដែរ ប្រសិនបើ​គេ​អាច​រក​គ្រាប់​បាល់​បាន​បន្ថែម​ធ្វើ​ឱ្យ​ក្រុម​លេចធ្លោ និង​មានការ​កត់សម្គាល់​លើស​ដើម ។ ការ​ប្រកួត​ល្ងាចថ្ងៃស្អែក​​នេះ នឹង​មានការ​ផ្សាយ​ផ្ទាល់​លើ​គេហទំព័រ​មួយ​ចំនួន​បន្ថែម​ពីលើ​ទូរទស្សន៍​បាយ័ន​ដែល​បាន​ទទួល​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង​៤​ល្ងាច​តទៅ ៕