ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​គ្រឹ​ង​ពិការ​ភ្នែក​ទាំង​2​ដើរ​លក់​បន្លែ​25​គ​.​ម

7 ឆ្នាំ មុន

ខេត្ដរតនគិរី ៖ ដោយសារ​តែ​ជីវភាព​ខ្វះខាត បាន​ជំរុញ​ឱ្យ​បុរស​ពិការ​ភ្នែក​ទាំង​២​ម្នាក់​ប្រឹង​ដើរ​លក់​បន្លែ​ដើម​ចេក​ទាំង​វេទនា​បំផុត

ខេត្ដរតនគិរី ៖ ដោយសារ​តែ​ជីវភាព​ខ្វះខាត បាន​ជំរុញ​ឱ្យ​បុរស​ពិការ​ភ្នែក​ទាំង​២​ម្នាក់​ប្រឹង​ដើរ​លក់​បន្លែ​ដើម​ចេក​ទាំង​វេទនា​បំផុត គឺ​ដើរ​ចេញពី​លំនៅ​ឋាន​របស់​ខ្លួន​មក​ផ្សារ​បាន​លុង ដែល​មាន​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ ។ គាត់​ឈ្មោះ កាញ់ សូត្រ អាយុ​៥២​ឆ្នាំ ជនជាតិ​គ្រឹ​ង ប្រពន្ធ​ឈ្មោះ ថា​ច់ ណាយ អាយុ​៤៦​ឆ្នាំ ជា​ជនជាតិ​ទំពួន មានកូន​ក្នុង​បន្ទុក​ចំនួន​៤​នាក់​(​ប្រុស​១​ស្រី​៣) រស់នៅ​ភូមិ​ប្រាក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ។

បុរស​ពិកា​ភ្នែក​រូប​នេះ​បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ក្រុម​គ្រួសារ​របស់​គាត់​រស់នៅ​សព្វ​ថ្ងៃនេះ​មានការ​លំបាក​ខ្វះ​សព្វ​ខ្វះ​គ្រប់​ដោយសារ​កូន​រៀន​ទាំង​៤​នាក់ ហើយ​គាត់​ជា​ឪពុក​រក​លុយកាក់​ចូល​ផ្ទះ​តិចតួច​បំផុត ព្រោះ​ជា​ជន​ពិការ​ភ្នែក​ទាំង​២ ។ បើ​ពឹង​ទៅ​លើ​ការ​ធ្វើស្រែ​ចម្ការ​ក៏​ហូប​ចុក​នៅ​ក្នុង​ក្រុម​គ្រួសារ​មិន​គ្រប់គ្រាន់​ដែរ ព្រោះ​មាន​ដី​២​ហិ​កតា​គាត់​ធ្វើស្រែ​ផង​ធ្វើ​ចម្ការ​ផង ។ ឯ​បន្លែ​ដែល​គាត់​យក​មក​លក់​នៅ​ផ្សារ​បាន​លុង​នេះ គឺ​មាន​តែ​ដើម​ចេក​និង​បន្លែ​ដុះ​តាម​ជ្រោះ​តាម​អូរ ដែល​កូន​និង​ប្រពន្ធ​របស់​គាត់​ដើរ​ដក​យក​មក​ផ្ទះ​ដើម្បី​ឱ្យ​គាត់​យក​មក​លក់​នៅ​ឯ​ផ្សារ​។ បុរស​ចំណាស់​ពិការ​ភ្នែក​ទាំង​២​រូប​នេះ​បញ្ជាក់​ថា ប្រពន្ធ​និង​កូន​របស់​គាត់​មិន​ចេះ​មក​ផ្សារ​ទេ ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរ​ជុំ​បានឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ គេ​ឃើញ​បុរស​ពិការ​ភ្នែក​ម្នាក់​នេះ​ស្ពាយ​កា​ផា​ដាក់​បន្លែ​ផ្លែ​ឈើ​តិចតួច​យក​មក​លក់​នៅ​ផ្សារ បាន​ប្រាក់​ប្រមាណ​ពី​៥.០០០​រៀល​ទៅ​១០.០០០​រៀល​ប៉ុណ្ណោះ ។ នេះ​ដោយសារ​ជីវិត​ទើប​គាត់​ខំប្រឹង​ប្រែង​ទាំង​ក្តៅ ទាំង​រងា និង​ភ្លៀងរលឹម​មិន​ដែល​ឈប់​សម្រាក​ថ្ងៃ​ណា​ឡើយ ។
បុរស​ពិការ​រូប​នេះ​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យដឹង​ថា កន្លង​មក​ធ្លាប់​មាន​អាជ្ញាធរ​ចុះ​ចែក​អំណោយ​ដែរ តែ​គ្រួសារ​គាត់​ពំ​ុ​ដែល​បាន​ទទួល​នឹង​គេ​ទេ ៕