ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​កា​-​កូ​ឡា​វិនិយោគ​បន្ថែម​100​លាន​ដុល្លារ​លើស​ង្វា​ក់​ផលិតកម្ម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ដែល​បាន​វិនិយោគ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣​មក​នោះ ពេល​នេះ​បាន​បង្កើន​ទំហំ​សង្វា​ក់​ផលិតកម្ម ដោយ​វិនិយោគ​បន្ថែម​១០០​លាន​ដុល្លារ​ទៀត​ដើម្បី​បង្កើត​រោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ដែល​បាន​វិនិយោគ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣​មក​នោះ ពេល​នេះ​បាន​បង្កើន​ទំហំ​សង្វា​ក់​ផលិតកម្ម ដោយ​វិនិយោគ​បន្ថែម​១០០​លាន​ដុល្លារ​ទៀត​ដើម្បី​បង្កើត​រោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ហើយ​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៥ ធ្នូ ម្សិលមិញ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​នេះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា កម្ពុជា​មាន​សក្តានុពល និង​នយោបាយ​មិន​រើសអើង​ដែល​កំពុង​ទាក់ទាញ​វិនិយោគទុន​បរទេស ។ កម្ពុជា​មាន​មោទនភាព​ដែល​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​បាន​ដាក់​អក្សរ​ខ្មែរលើ​កំប៉ុង​ភេសជ្ជៈ ។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា មិន​ត្រឹមតែ​បម្រើ​សេចក្តី​ត្រូវការ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​នាំ​ចេញ​ទៅ​បណ្តា​ប្រទេស​អាស៊ាន​ដែល​មាន​ប្រជាជន​ជាង​៦០០​លាន​នាក់ ហើយ​ក្រុមហ៊ុន​ក៏​បាន​រួមចំណែក​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ចូលរួម​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា​ផង​ដែរ ។ 

សម្ដេច​ថ្លែង​ថា ៖ « ខ្ញុំ​សូម​លើកទឹកចិត្ត និង​សរសើរ​ដល់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ដែល​ចាប់ផ្ដើម​វិនិយោគ​តាំងពី​តូច​ទៅ​ធំ និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ជា​ជនជាតិ​កម្ពុជា​យើង​ចំនួន​៩៩,៧​ភាគរយ ។ ដូច្នេះ វា​ជា​ការ​លើកទឹកចិត្ត​ធំ​ណាស់​សម្រាប់​ការ​ប្រើប្រាស់ និង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នៅ​ក្នុងស្រុក ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​បាន​បង្កើត​ជា​លំនៅ​ឋាន​ស្នាក់​នៅ​សម្រាប់​កម្មករ​-​កម្មការិនី​ដោយ​មាន​តម្លៃ​សមរម្យ ជា​ផ្នែក​មួយ​ជួយ​ដោះស្រាយ​ការ​លំបាក​សម្រាប់​កម្មករ​-​កម្មការិនី​ដែល​មក​ស្នាក់​នៅ និង​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ​នេះ » ។

រោងចក្រ​នេះ​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​៨១៧​នាក់ និង​បង្កើត​ការងារ​ដោយ​ប្រយោល​ជា​ច្រើន​ផ្សេង​ទៀត​តាម​ការ​ផ្គត់ផ្គង់​ចំណីអាហារ សេវា​ដឹក​ជញ្ជូន និង​ការ​ស្នាក់​នៅ​ជាដើម ។

ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែង​បញ្ជាក់​អំពី​ប្រាក់បៀវត្ស​របស់​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ និង​ស្បែកជើង​ផង​ដែរ​ថា ចាប់ពី​ខែមករា ឆ្នាំ​២០១៧ តទៅ ប្រាក់ខែ​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ និង​ស្បែកជើង នឹង​ឡើង​ដល់​១៥៣​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ ។ ទោះបី​យ៉ាងណា សម្ដេច​តេ​ជោ​ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើការ​ជាមួយ​ម្ចាស់ផ្ទះ​ជួល​នានា ដើម្បី​ចាត់វិធានការ​កុំ​ឲ្យ​ពួក​គេ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ ថ្លៃ​ទឹក និង​ភ្លើង​ជាដើម ដើម្បី​ឲ្យ​កម្មករ​-​កម្មការិនី​ទទួល​បាន​ប្រាក់បៀវត្ស​ពិតប្រាកដ​ដែល​រាជរដ្ឋាភិបាល​ដំឡើង​ជូន ៕