ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប​សូ​រិ​យា​នឹង​ទាក់ទាញ​ជាង​មុន ក្រោយ​បញ្ចប់​ការ​កែ​លម្អ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​រំពឹង​ថា ផ្សារ​ទំនើប​សូ​រិ​យា នឹង​កាន់តែ​មាន​ភាព​ទាក់ទាញ​ជាង​មុន បន្ទាប់​ពី​ផ្សារ​នេះ​បញ្ចប់​ការ​កែ​លម្អ​ទាំងស្រុង​នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៧​ខាង​មុខ ។

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​រំពឹង​ថា ផ្សារ​ទំនើប​សូ​រិ​យា នឹង​កាន់តែ​មាន​ភាព​ទាក់ទាញ​ជាង​មុន បន្ទាប់​ពី​ផ្សារ​នេះ​បញ្ចប់​ការ​កែ​លម្អ​ទាំងស្រុង​នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៧​ខាង​មុខ ។

នាយក​ប្រតិបត្តិ​ផ្សារ​ទំនើប​សូ​រិ​យា លោក ខាប់ រិ​ទ្ឋី បាន​ថ្លែង​ឲ្យ​ដឹង​កាល​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ថា ការ​កែ​លម្អ​ផ្សារ​ទំនើប​នេះ​សម្រេច​បាន​ជិត​៥០%​ហើយ ដោយ​គិត​រហូត​មក​ទល់​ពេល​នេះ​។ ការ​កែ​លម្អ​ទើបតែ​បញ្ចប់​ដំណាក់កាល​ទី​១ និង​អនុញ្ញាត​ឲ្យ​មានការ​ចូល​រៀបចំ​តូប​នៅ​ក្នុង​ខែវិច្ឆិកា ។ ការ​កែ​លម្អ​ផ្សារ​ក្នុង​ដំណាក់កាល​ទី​២ បាន​ចាប់ផ្ដើម​ក្នុង​ខែធ្នូ​នេះ ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល​៣​ខែ ។ ចំណែក​ដំណាក់កាល​ទី​៣ នឹង​ចាប់ផ្តើម​នៅ​ខែមករា ឆ្នាំ​២០១៧​ខាង​មុខ ដោយ​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល​២​ខែ ។

ការ​កែ​លម្អ​ដំណាក់កាល​ទី​១ គឺ​ចាប់ផ្តើម​ពី​ជាន់​ផ្ទាល់​ដី​ដល់​ជាន់​ទី​៤ និង​ដំណាក់កាល​ទី​២​ចាប់ផ្តើម​ពី​ជាន់​ដដែល ព្រោះ​ការ​កែ​លម្អ​នេះ​ធ្វើ​ឡើង​មួយ​ចំហៀង​ម្តង ។ ចំណែក​ដំណាក់កាល​ទី​៣ នឹង​មានការ​រៀបចំ​ខ្លោងទ្វារ​ចូល​ថ្មី និង​កែ​លម្អ​ផ្នែក​ខាង​មុខ​ឲ្យ​កាន់តែ​មាន​សោភ័ណ​ភាព ។

លោក ខាប់ រិ​ទ្ឋី បន្ត​ថា នៅ​ជាន់​ទី​១ នឹង​មានការ​រៀបចំ​កន្លែង​លក់​អាហារ ភេសជ្ជៈ និង​គ្រឿងអលង្ការ ។ ជាន់​ទី​២ លក់​ផលិតផល សម្លៀក​បំពាក់​បុរស និង​កន្លែង​លេង​សម្រាប់​​កុមារ​។ ជាន់​ទី​៣ ជា​កន្លែង​លក់​ផលិតផល​ទាក់ទង​នឹង​ព័ត៌មានវិទ្យា និង​អេ​ឡិ​ក​ត្រូ​និក ។ ជាន់​ទី​៤ រៀបចំ​ជា​ផ្សារ​ទេសចរណ៍​ដែល​មាន​លក់​ចម្លាក់​ឈើ ថ្ម និង​វត្ថុ​អនុ​ស្សាវរីយ៍ និង​ជាន់​ទី​៥ ជា​កន្លែង​កម្សាន្ត ដែល​មានការ​រៀបចំ​រោង​ភាពយន្ត​ធំ​ជាង​មុន និង​មាន​កន្លែង​ហាត់ប្រាណ​ផង​ដែរ ។ សម្រាប់​ជាន់​ទី​៦​ដល់ទី​៨ គឺ​មិន​មានការ​កែ​លម្អ​នោះ​ទេ ដោយសារ​មាន​ក្រុមហ៊ុន​ផ្សេង​បាន​ជួល​ជាន់​ទាំងនេះ​សម្រាប់​ភោជនីយដ្ឋាន​របស់​ខ្លួន​រួច​ហើយ ។

លោក​បន្ត​ថា ៖ « បច្ចុប្បន្ន ចំនួន​អតិថិជន​ចូល​ផ្សារ​ទំនើប​នេះ​បាន​ធ្លាក់​ចុះ ដោយសារ​យើង​ស្ថិត​ក្នុង​ដំណាក់កាល​ជួសជុល ។ ប៉ុន្តែ​ខ្ញុំ​រំពឹង​ថា ក្រោយ​ការ​កែ​លម្អ​ផ្សារ អតិថិជន​នឹង​កើនឡើង ដោយសារ​ផ្សារ​នេះ​ស្ថិត​នៅ​ទីតាំង​ល្អ គេ​ស្គាល់​ជា​យូរ​មក​ហើយ និង​ការ​តុបតែង​ផ្សារ​មាន​ភាព​ទាក់ទាញ​ជាង​មុន​។ យើង​ក៏​បាន​រៀបចំ​បទបញ្ជាផ្ទៃក្នុង និង​កិច្ច​សន្យា​ថ្មី​ជាមួយ​អាជីវករ​ក្នុង​ផ្សារ​នេះ​ផង​ដែរ ដោយ​តម្រូវ​ឲ្យ​ពួក​គេ​រៀបចំ​ទំនិញ​ឲ្យ​មាន​របៀបរៀបរយ និង​មានការ​ដាក់​តម្លៃ​លើ​ទំនិញ​នីមួយ​ៗ​ច្បាស់លាស់ ព្រោះ​ការ​កំណត់​តម្លៃ​ទំនិញ គឺជា​គោលដៅ​ចម្បង​របស់​យើង » ។

អ្នក​នាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន​CBRE Cambodia បាន​ថ្លែង​ថា ផ្សារ​ទំនើប​នៅ​កម្ពុជា​មាន​តម្រូវការ​ច្រើន​នៅឡើយ ដោយសារ​ទំហំ​ទីផ្សារ​ទំនើប​ធៀប​ជាមួយ​មនុស្ស​ម្នាក់ គឺ​មាន​ទំហំ​តូច បើ​ធៀប​នឹង​ប្រទេស​ជិតខាង ។ ប៉ុន្តែ​ស្រប​ពេល​ចំនួន​ផ្សារ​ទំនើប​កើនឡើង​កាន់តែ​ច្រើន តម្រូវ​ឲ្យ​ផ្សារ​ទំនើប​តូច​ៗ​រៀបចំ​ប្រព័ន្ធ​នៃ​ការ​លក់​របស់​ពួក​គេ និង​ឌី​សាញ​ឲ្យ​មាន​ភាព​ទាក់ទាញ​ជាង​មុន​ដើម្បី​ទាក់ទាញ​អតិថិជន ។

ផ្សារ​ទំនើប​តូច​ៗ​នៅ​រាជធានី​ភ្នំពេញ បាន​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​កាន់តែ​តានតឹង និង​បាត់​អតិថិជន​មួយ​ចំនួន​ផង​ដែរ ចាប់តាំងពី​ផ្សារ​ទំនើប AEON MALL ទី​១ បាន​បើក​ដំណើរការ​កាលពី​ឆ្នាំ​២០១៤​កន្លង​មក ។

គួរ​បញ្ជាក់​ថា ផ្សារ​ធំ​ៗ បូក​រួម​ទាំង​ផ្សារ​រដ្ឋ ផ្សារ​ឯកជន និង​ផ្សារ​មី​នី​ម៉ាត​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​ជិត​៤០០​ទីតាំង និង​ដេប៉ូ​លក់ដូរ​នានា​នៅ​តាម​ផ្ទះ​មាន​ប្រមាណ​២០​ម៉ឺន​ទីតាំង​ទៀត ។ នេះ​បើ​តាម​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

មន្ត្រី​ដដែល​បន្ត​ថា ផ្សារ​ធំ​ៗ និង​មី​នី​ម៉ាត​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​មាន​ចំនួន​៣៩២​ទីតាំង ក្នុង​នោះ​ផ្សារ​របស់​រដ្ឋ​មាន​ចំនួន​២៥​គឺ ផ្សារ​អូរ​ឫស្សី ផ្សារ​ទួល​ទំពូង ផ្សា​របឹង​កេងកង ផ្សារ​អូ​ឡាំ​ពិ​ក ផ្សារ​កាប់​គោ ផ្សារ​កណ្តាល ផ្សារ​ចាស់ រដ្ឋាករ​ស្វ័​យ​ត​ផ្សារ​ធំ​ថ្មី ផ្សារ​ដេប៉ូ ផ្សារ​ដើម​គ ផ្សារ​សាមគ្គី ផ្សារ​ទួល​គោក ផ្សារ​បន្លែ​មាន​ជ័យ ផ្សារ​ច្បារ​អំពៅ ផ្សា​របឹង​ទំពុន ផ្សារ​ស្ទឹង​មាន​ជ័យ ផ្សារ​ចាក់​អង្រែ ផ្សារ​ទឹកថ្លា ផ្សារ​ជម្ពូ​វ័ន ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា ផ្សារ​ពោធិ៍​ចិន​តុង ផ្សារ​ទួល​សង្កែ ផ្សារ​ច្រាំង​ចំរេះ ផ្សារ​គីឡូម៉ែត្រ​លេខ​៦ និង​ផ្សារ​ព្រែក​លៀប ។

ចំណែក​ផ្សារ​ឯកជន និង​ផ្សារ​ទំនើប​មាន​ចំនួន​៤៩​ទីតាំង ផ្សារ​មី​នី​ម៉ាត​មាន​ជិត​៤០០​ទីតាំង និង​ផ្សារ​ចាត់តាំង​មាន​២០​ទីតាំង​ដូច​ជា ផ្សារ​៧​មក​រា ផ្សារ​ទួល​ស្វាយព្រៃ ផ្សា​របឹង​ព្រលឹត ផ្សារ​មាន់​អាំង ផ្សារ​ផ្លូវ​រថភ្លើង ផ្សារ​ភូមិ​សាមគ្គី ផ្សារ​ថ្នល់​បត់ ផ្សារ​ដី​ហុយ ផ្សារ​ត្រពាំង​ឈូក និង​ផ្សារ​អូ​ដឹ​ម​ជាដើម ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​អះអាង​ថា ទាំង​ដេប៉ូ និង​ការ​លក់ដូរ​នៅ​តាម​ផ្ទះ​បាន​កើនឡើង​ច្រើន​សម្រាប់​រាជធានី​ភ្នំពេញ ជា​ពិសេស នៅ​ម្តុំ​ផ្សារ​ធំ​ថ្មី ផ្សារ​កណ្តាល ផ្សារ​ចាស់ ផ្សារ​អូ​ឡាំ​ពិ​ក និង​ផ្សារ​ទួល​ទំពូង​ជាដើម គឺ​តាម​ផ្ទះ ស្ទើរតែ​១០០% ហើយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​រៀបចំ​សណ្តាប់ធ្នាប់​តាម​ផ្សារ​នានា​ឲ្យ​មាន​របៀបរៀបរយ​ទាំង​ផ្សារ​រដ្ឋ និង​ឯកជន ជា​ពិសេស បញ្ហា​ចំណត​យានជំនិះ​តែ​ម្តង ៕