ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​នាយក​រដ្ឋមន្ត្រី​ខ្មែរ សម្តេច​តេ​ជោ​តប​ទៅ​អា​មេ​រិ​ក​ប្រើ​ស្តង់ដារ​2​និយាយ​ពី​ការ​បង្ក្រាប​បាតុកម្ម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​អំពាវនាវ​ចំពោះ​ក្មួយ​ៗ​កម្មករ​កម្មការិនី

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​អំពាវនាវ​ចំពោះ​ក្មួយ​ៗ​កម្មករ​កម្មការិនី​ដែល​ធ្វើការ​នៅ​រោងចក្រ​របស់​អា​មេ​រិ​ក មិន​ថា ​រោងចក្រ​កូកាកូឡា រោងចក្រ​របស់​អា​មេ​រិ​ក​នៅ​កន្លែងធ្វើការ​ណា​ក៏​ដោយ សូមកុំ​រអើល​ខ្លួន​ទៅ​នឹង​ការបំផុស​របស់​មនុស្ស​ខ្លះ​ដែល​ថា អនាគត​ប្រ​ធានាធិ​បតី ​ដូ​ណា​ល់ ត្រាំ និង​អនុវត្ត​គោលនយោបាយគាំពារ​និយម ហើយ​អាច​នឹង​កាត់​បន្ថយ​ការ​វិនិយោគ​ចេញ​ក្រៅប្រទេស ។ កុំ​រអើល​ខ្លួន ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ២០១៦ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ផលិត​ភេសជ្ជៈ​កូកាកូឡា របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កន្ទោក សង្កាត់​ភ្លើង​ឆេះ​រទេះ និង​សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ធ្វើការ​បណ្តាក់ទុន​វិនិយោគ ១០០​លាន​ដុល្លារ ក្នុង​ការ​សាងសង់​រោច​ក្រ​ថ្មី​នេះ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​សង្ឃឹមថា ក្មួយ​ៗកម្មករ​កម្មការិនី នឹង​បន្ត​ការ​ខិតខំ និង​អ្នកគ្រប់គ្រង​រោងចក្រ​ជា​ជនជាតិ​អា​មេ​រិ​ក និង​អ្នក​ដែល​ទទួលខុស​ត្រូវជា​បន្តបន្ទាប់​ផ្នែក​នីមួយ​ៗ​ក៏​ត្រូវ​យកចិត្តទុកដាក់ បញ្ហា​បំពេញ​ឱ្យ​គ្នា​រវាង​ថៅកែ​ និង​កម្មករ គឺជា​រឿង​ចាំបាច់​ខ្លាំង​ណាស់ ។

បើសិន​ថៅកែ​រោងចក្រ​យកចិត្តទុកដាក់​កម្មករ​កម្មការិនី​មាន​សុខភាព​ល្អ មាន​ជីវភាព​ល្អ ធ្វើការ​កាន់តែ​ប្រសើរ ដើម្បី​ឱ្យ​ផលិតផល​របស់​រោងចក្រ​កាន់តែ​មាន​ប្រសិទ្ធភាព កាន់តែ​ទទួល​បាន​ទិន្នផល​ខ្ពស់ មានការ​បំពេញ​ឱ្យ​គ្នា​យ៉ាង​ដូច្នោះ នោះ​ថៅកែ​ក៏​ដំឡើង​ប្រាក់​ឱ្យ​កម្មករ​កម្មការិនី​ដែរ ។ គឺ​វា​បំពេញ​គ្នា មិន​អាច​យក​បញ្ហា​ដោះស្រាយ​ណាមួយ​តាម​របៀប​បាតុកម្ម ហើយ​ដោះស្រាយ​រហូត​ដល់​ឆេះ​រោងចក្រ ។

សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់​ថា ដល់​ពេល​ឆេះ​រោងចក្រ​ទៅ អ្នក​ណា​ជា​អ្នក​អត់​ការងារធ្វើ ? ឆ្នាំងបាយ​របស់​កម្មករ​កម្មការិនី​ត្រូវ​បែក​មុនគេ ។
លោក​ប្រធាន​រោងចក្រ អនុប្រធាន គាត់​មិន​ងាប់​ទេ គាត់​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ គាត់​ក៏​មិន​អី​ដែរ តែ​អ្នក​ដែល​អត់​ការងារ​ធ្វើ​ គឺ​កម្មករ​កម្មការិនី​ទាំងអស់​ត្រូវ​អត់បាយ ដើរទៅ​រក​ចុះ​ឈ្មោះ​នៅ​កន្លែង​ថ្មី កន្លែង​នេះ កន្លែង​នោះ ដល់​គេ​ស្គាល់​មុខ​ធ្វើ​បាតុកម្ម​ទៀត​នោះ​គឺ​ចប់​ហើយ ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា និយាយ​យ៉ាង​ដូច្នេះ ​គឺ​មិនមែន​ចង់​បិទ​មាត់​កម្មករ​កម្មការិនី​ឱ្យធ្វើ​ការ​តវ៉ា​ណាមួយ​ដែល​អហិង្សា ដែល​មាន​មូលហេតុ​សម​ស្រប​នោះ​ទេ ។ ខ្ញុំ​គាំទ្រ​សិទ្ធិ​របស់​កម្មករ​កម្មការិនី ក្នុង​ការ​ទាមទារ​អ្វី​ដែល​វា​សម​ហេតុផល​ហើយ​មិន​ប្រើ​ហិង្សា ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ទៅ​កាន់​លោក វី​ល្លៀម អេ ហៃ​ធ៍ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ថា ខ្ញុំ​គួរតែ​ស្នើ​សុំ​អ្វី​ម្យ៉ាង បើ​លោក​មិន​យល់​ទាស់ ។ ព្រោះ​របស់​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​បាន​កើត​នៅ​អា​មេ​រិ​ក​ហើយ ។ បាន​សេចក្តី​ថា នៅ​កម្ពុជា​ឱ្យ​តែ​ក្រោយ​ការ​បោះ​ឆ្នោត​គឺ​មាន​បាតុកម្ម​ហើយ ។ លើក​នេះ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​អា​មេ​រិ​ក បាតុកម្ម​នៅ​អា​មេ​រិ​កបាន​ផ្ទុះ​ឡើង​ច្រើន​មិនមែន​តូច​ទេ ។

លោក​ឯង​ថា តូច​យ៉ាងម៉េច ហើយ​លោក​ឯង​ថា​ខ្ញុំ​ធំ លោក​ឯង​ថា​លោក​ឯង​តូច ឥឡូវ​បើ​លោក​ឯង​ថា​តូច​លោក​អាច​ផ្តល់​រូបថត​ឱ្យ​ខ្ញុំ​បាន​ទេ ។ ព្រោះ​ថ្ងៃមុន​រឿង​គេ​យក​មក​ប្រៀបធៀប​នៅ​សារព័ត៌មាន​មួយ (​ភ្នំពេញ​ប៉ុស្តិ៍​) គេ​ផ្សាយ​នោះ​គឺ​រូបភាព​បាតុកម្ម​នៅ​ភ្នំពេញ ។ ហើយ​នេះ​ជា​រូបភាព​បាតុកម្ម​នៅ​អា​មេ​រិ​ក គេ​ដាក់​ស្ត្រី​ម្នាក់​ពាក់​វ៉ែនតា​ខ្មៅ​ដើរ​យ៉ាង​សង្ហា​ក្នុង​ពេល​ដែល​ព័ត៌មាន​ផ្សាយ​យ៉ាង​ចំហ​ អំពី​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​នៃ​ប៉ូលិស​របស់​អា​មេ​រិ​ក​ទៅ​លើ​បាតុករ ចាប់​រាប់​ពាន់​នាក់ ។

លោក​ឯកអគ្គរដ្ឋទូត​ថា រឿង​នេះ​តូច​ទេ លោក​ជួយ​ផ្តល់​ឯកសារ​បាន​ទេ? ខ្ញុំ​មាន​ហើយ​តែ​ខ្ញុំ​ចង់​ដឹង​ថា តើ​ទូត​អា​មេ​រិ​ក​ដែល​តាំងខ្លួន​ជា​បិតា​ប្រជា​ធិ​បប​តេ​យ្យ និង​មាតា​នៃ​សិទ្ធិ​មនុស្ស​នេះ​ហ៊ាន​បញ្ចេញ​ការ​ពិត​ឬទេ? សូ​ម្បី​លោក ដូ​ណា​ល់ ត្រាំ ដែល​ពេល​នោះ​ជា​បេក្ខជន​ប្រធានាធិបតី មិន​ទាន់​ជាប់​ឆ្នោត គាត់​ហ៊ាន​និយាយ​ឱ្យ​ក្បាលម៉ាស៊ីន​ឃោសនា​របស់​អា​មេ​រិ​កមួយ​ចំនួន​ថា បើ​ប្រព័ន្ធ​ឃោសនា​នៅ​អា​មេ​រិ​ក​វា​លម្អៀង​ហើយ ទម្រាំ​ប្រព័ន្ធ​ឃោសនា​អា​មេ​រិ​ក​នៅ​កម្ពុជា​វា​លម្អៀង​ដល់​ណា​ទៀត ។

លោក​ត្រូវ​មើល​ប្រទេស​របស់​លោក​ផង កុំ​និយាយ​តែ​ពី​គេ កាលពី​ថ្ងៃមុន​ខ្ញុំ​និយាយ​នៅ​សៀមរាប សង្ឃឹមថា លោក​ស្តាប់​បាន​ហើយ​ព្រោះ​លោក​ចេះ​ខ្មែរ​ដែរ ។

សម្តេច​តេ​ជោ​បាន​លើក​ទៀត​ថា តើ​វា​យុត្តិធម៌​ទេ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា? ម្ខាង​មិន​បាន​ចុះ​រូបភាព​អំពី​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​នៃ​ប៉ូលិស​អា​មេ​រិ​ក​ចំពោះ​បាតុករ​ដែល​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត តែ​បែរជា​យក​ស្ត្រី​ម្នាក់​ដើរ​របៀប​ទេសចរណ៍​នៅ​មាត់សមុទ្រ​ទៅ​វិញ ហើយ​ដាក់​ឱ្យ​រូបភាព​ការ​រារាំង​បាតុកម្ម​នៅ​ភ្នំពេញ ។

សម្តេច​សុំ​ស្នើ​លោក​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក កត់ត្រា​ឱ្យ​ច្បាស់​នូវ​សម្តី​អ្នកវិភាគ និង​តំណាង​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ដែល​បាន​និយាយ​ជាមួយ​សារព័ត៌មាន​ឱ្យ​ច្បាស់​ថា ការ​បង្ក្រាប​នៅ​អា​មេ​រិ​ក គឺ​ត្រឹមត្រូវ​និង​មិន​រំលោភសិទ្ធិ​មនុស្ស បាន​កុំ​មាន​ស្តង់ដារ​ពីរ​លោក ។

ខ្ញុំ​សង្ឃឹមថា អ្វី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​កន្លង​មក​អត់​ខុស​ទេ ដើម្បី​ការពារ​សណ្តាប់ធ្នាប់​សម្រាប់​ប្រទេស​មួយ រាជរដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ ដូច្នេះ​អ្វី​ដែល​បាន​កើតឡើង​នៅ​អា​មេ​រិ​ក​កាលពី​ខែ​មុន​វា​អត់​ខុស នៅ​កម្ពុជា​ក៏​វា​អត់​ខុស​ដូច​គ្នា​ដែរ ។ ព្រោះ​គេ​យក​ហេតុផល​ថា ការ​ធ្វើ​បាតុកម្ម​ខុសច្បាប់ គេ​បង្ក្រាប​ហើយ អត់​ទាក់ទង​នឹង​រំលោភសិទ្ធិ​មនុស្ស​ទេ ។ ខ្ញុំ​មិន​ចូល​ចិត្ត​និយាយដើម​គេ​ពី​ចម្ងាយ​ទេ ឥឡូវ​បាន​ជួប​មុខ​ទូត​អា​មេ​រិ​ក​ហើយ និយាយ​មុខ​ទូត​អា​មេ​រិ​ក​តែ​ម្តង ។ ប៉ូលិស​អា​មេ​រិ​ក​បង្ក្រាប​គេ​ថា​បង្ក្រាប​ត្រឹមត្រូវ អត់​រំលោភសិទ្ធិ​មនុស្ស​ទេ ព្រោះ​ដើម្បី​ការពារ​សណ្តាប់ធ្នាប់​ប្រទេស​អា​មេ​រិ​ក ។

ដល់​កម្ពុជា​វិញ​រារាំង ដើម្បី​រក្សា​សណ្តាប់ធ្នាប់​កម្ពុជា​វា​ទៅ​ជា​រំលោភសិទ្ធិ​មនុស្ស ។ អ៊ី​ចឹ​ង​អា​មេ​រិ​ក ដើរ​សម្លាប់​អ្នក​ណា​ក៏​អត់​ខុស​ដែរ រាប់​ទាំង​សម្លាប់​ប្រជាជន​ខ្មែរ ប្រើប្រាស់​គ្រាប់បែក​២,៧​លាន​តោន ក៏​នៅ​តែ​អត់​ខុស​អា​មេ​រិ​ក​ដែរ ។

ម្យ៉ាងទៀត​ខ្ញុំ​សូម​រំឭក និង​អរគុណ​ដល់​លោក​ឯកអគ្គរដ្ឋទូត​ថា តាម​រយៈ​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន លោក​បាន​ប្រាប់​ថា សម្តេច​គួរតែ​កុំ​និយាយ​អី ខ្ញុំ​អរគុណ​លោក​ឯកអគ្គរដ្ឋទូត​…​។ សម្តេច​មាន​ប្រសាសន៍​ថា ដូ​ណា​ល់ ត្រាំ គឺ​ដូ​ណា​ល់​ត្រាំ​ឈ្នះ​មែនហើយ បើ​លោក​ឯកអគ្គរាជទូត​ចង់​រៀន​អំពី​គន្លឹះ​ក្នុង​ការ​វាយតម្លៃ ខ្ញុំ​នឹង​ប្រាប់​លោក​ឯកអគ្គរដ្ឋទូត​ដោយឡែក ។

សម្តេច ខ្ញុំ​អត់​លូកដៃ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​សូម​រំឭក​មនុស្ស​២​នាក់ ដោយ​ហេតុតែ​ចង់​វ៉ៃ​ក្បាល​ខ្ញុំ ខេ​ម​បូ​ឌា​ដេ​លី យក​មក​ផ្សាយ​ឡើង​វិញ ផ្សាយ​គ្រប់​ទំព័រ​សារព័ត៌មាន ដែល​និយាយ​ភាសា​ខ្មែរ (​ខ្ញុំ​អំពាវនាវ​ដើម្បី​រំឭក​សម្តី​) ។

អ្វី​ដែល​គួរ​កត់សម្គាល់​នៅ​ត្រង់​ថា នៅ​ពេល​ដែល​ខ្ញុំ​ថា ដូ​ណា​ល់ ត្រាំ ឈ្នះ​គេ​ព្រមាន​ដូ​ណា​ល់ ត្រាំ គេ​ប្រើ​ពាក្យ​ថា​សត្វ ដែល​មាន​រោម​ដូច​គ្នា វា​នៅ​ក្នុង​សម្បុក​ជាមួយ​គ្នា​បាន ។ ដូ​ណា​ល់ ត្រាំ គឺជា​មនុស្ស​ផ្តាច់​ការ​ដោយសារ​មាន​លុយ ។ ឯ​ហ៊ុន សែន គឺជា​មនុស្ស​ផ្តាច់​ការ​ដោយសារ​អាវុធ​ផង និង​ដោយ​លុយ​ផង ។ គួរ​ឱ្យ​ខ្មាស​អៀន​ណាស់ ។

មួយទៀត លោក អៀ សុផល លោក​កំពុង​នៅ​អា​មេ​រិ​ក ជា​សាស្ត្រាចារ្យ​ផ្នែក​ការទូត​ផង លោក​បាន​និយាយ​ថា ប្រសិនបើ​ដូ​ណា​ល់ ត្រាំ ឈ្នះ​ឆ្នោត គឺ​វា​ជា​យុគសម័យ​នៃ​ការ​រះ​ឡើង​នៃ​ពួក​អវិជ្ជា ។ គឺ​ចរិត​ដូច​គ្នា​ណាស់​រវាង​ហ៊ុន សែន និង​ដូ​ណា​ល់​ត្រាំ មាន​ពូ​ទី​ន មាន​មូ​ហ្កា​បេ គាំទ្រ​…​។ បើ​ពួក​អវិជ្ជា​ធ្វើ​ប្រធានាធិបតី​អាម​រិ​ក សូ​ម្បី​តែ​លោក​ឯង​គួរតែ​លាលែង​ដែរ ។ ចង់​វ៉ៃ​ក្បាល​ហ៊ុន សែន មិន​ត្រូវ​ក្បាល​ហ៊ុន សែន បែរជា​ត្រូវ​ក្បាល​ដូ​ណា​ល់ ត្រាំ វិញ ។

សម្តេច​សូម​រំឭក សម្តេច​អត់​បាន​និយាយ​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​រិះគន់​លោក​ជំទាវ ហ៊ី ឡា​រី គ្លី​ន​តុ​ន ទេ ហើយ​ក៏​អត់​បាន​និយាយ​នយោបាយ​គាំទ្រ​អ្នក​ណា​អី​ដែរ ក៏​ប៉ុន្តែ​គ្រាន់តែ​យក​មក​វិភាគ​មួយ​ថា នឹង​មានការ​ធូរស្រាល​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​កំពុង​មានការ​តានតឹង​រវាង​មហាអំណាច​នុយ​ក្លេ​រ​អ៊ែ​រ ។ បញ្ហា​កូរ៉េ​ខាងជើង​ជា​រឿង​មួយ​កំពុង​តែ​ស្មុគស្មាញ​ទៅ​ហើយ បញ្ហា​នុយ​ក្លេ​រ​អ៊ែ​រ នៅ​អ៊ី​រ៉​ង់ ។ ខ្ញុំ​វិភាគ​ខ្លាំង​ណាស់ ។

ខ្ញុំ​មិនមែន​សាស្ត្រាចារ្យ​ការទូត​ដូច​លោក អៀ សុផល ទេ ក៏​ប៉ុន្តែ​ខ្ញុំ​ធ្វើ​ទូត​ជិត​៣៨​ឆ្នាំ ខ្ញុំ​ជា​ប្រធាន​យុវជន​កម្ពុជា ចាប់ផ្តើម​ពី​ថ្ងៃ​៣ ធ្នូ ពេល​នោះ​បង្កើត​រណ​ស្សិរ​សាមគ្គី​ស​ង្រ្គោះជាតិ​កម្ពុជា និង​ទទួល​បន្ទុក​កិច្ចការ​មហាជន​ទាំងអស់ និង​កិច្ចការបរទេស​តាំងពី​ខ្ញុំ​អាយុ​២៦​ឆ្នាំ ។ ដូច្នេះ​ខ្ញុំ​មាន​ហេតុផល​គ្រប់គ្រាន់​ដើម្បី​អះអាង​ថា ដូ​ណា​ល់ ត្រាំ ឈ្នះ ។ ដូ​ណា​ល់ ត្រាំ ឈ្នះ​សភាពការណ៍ វា​នឹង​ធូរស្រាល នេះ​ជា​សិទ្ធិ​និយាយ​របស់ខ្ញុំ ប៉ុន្តែ​តើ​ហេតុ​អ្វី​បានជា​គេ​គិត​ថា​១០០​ភាគរយ ដូ​ណា​ល់ ត្រាំ ចាញ់ បាន​គេ​ហ៊ាន​វាយតម្លៃ​ថា ដូ​ណា​ល់ ត្រាំ ជា​ពួក​អវិជ្ជា ។

សម្តេច​បញ្ជាក់​ថា ឥឡូវ​បើ​ខ្ញុំ​ជា អៀ សុផល វិញ ខ្ញុំ​ចាក​ចេញពី​អា​មេ​រិ​ក​ភ្លាម ។ ខ្ញុំ​គ្រាន់តែ​រំឭក​ទេ ប៉ុន្តែ​មនុស្ស​យើង​កុំឱ្យ​ជ្រុលនិយម កុំ​មើល​សម្បក​ក្រៅ ។

លោក​ឯកអគ្គរដ្ឋទូត ដែល​និយាយ​ភាសា​ខ្មែរ​គឺ​ខ្ញុំ​គោរព និយាយ​ឱ្យ​ត្រង់ ខ្ញុំ​គោរព​លោក​ពី​រឿង​សេដ្ឋកិច្ច ប៉ុន្តែ​លោក​ទាយ​ខុស ព្រោះ​លោក​អត់​មាន​តំណាង​ឱ្យ​អ្នក​ណា លោក​តំណាង​ឱ្យ​អា​មេ​រិ​ក មិនមែន​តំណាង​ឱ្យ Democrate ក៏​មិន​តំណាង​ឱ្យ Republic ដែរ លោក​តំណាង​ឱ្យ​អា​មេ​រិ​ក​ទាំងមូល ។ អ្នក​ណា​ឈ្នះ​លោក​នៅ​ជា​ទូត ដល់​ពេល​លោក ដូ​ណា​ល់ ត្រាំ ធ្វើ​ប្រធានាធិបតី​លោក​ក៏​ត្រូវ​គោរព​ប្រធានាធិបតី​ដែរ ។

ដូច្នេះ​ខ្ញុំ​គិត​ថា កុំ​អា​មេ​រិ​ក​ជាង​អា​មេ​រិ​ក កុំ​ដូ​ណា​ល់ ត្រាំ ជាង​ដូ​ណា​ល់ ត្រាំ កុំ​ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ជាង ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន …​ហើយ​កុំ​រអើល​ខ្លួន ខ្ញុំ​មិន​ជឿ​ថា នយោបាយ​គាំពារ​និយម​របស់​អា​មេ​រិ​ក​នាំ​មក​ដល់​ផលប្រយោជន៍​របស់​អា​មេ​រិ​ក​ទេ ៕