ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ទីតាំង​ក្រុមហ៊ុន​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ​១​កន្លែង សង្ស័យ​កា.ប់​ឈើ​ចេញពី​តំបន់​អភិរក្ស

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៦​នេះ ឯកឧត្តម សៅ សុខា ប្រធាន​គណៈ​ក​ម្មា​ការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៦​នេះ ឯកឧត្តម សៅ សុខា ប្រធាន​គណៈ​ក​ម្មា​ការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ប្រមាណ​ជា​២០០​នាក់ ចុះ​ប្រតិបត្តិការ ត្រួតពិនិត្យ​ទីតាំង​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ មួយ​កន្លែង​របស់​ក្រុមហ៊ុន ហុង សុភាព ដែល​កំពុង​ដាក់​ទីតាំង ជាប់ជើង​ភ្នំ​ដងរែក ឋិត​ក្នុងស្រុក​ជាំ​ក្សាន្ត ដោយ​សង្ស័យ​ថា បាន​កាប់​ឈើ​ចេញពី​ព្រៃ​ការពារ និង​អភិរក្ស របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ។

បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ ដែល​បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ ទីតាំង​នោះ បាន​ឲ្យ​ដឹង​ថា គណៈ​ក​ម្មា​ការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ដឹកនាំ​ដោយ នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​នាយ​ឧត្តមសេនីយ៍ គន់ គី​ម រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ និង​លោក អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ បាន​ចុះ​ទៅ​ដល់ទី​តាំង​ក្រុមហ៊ុន ហុង សុភាព ប្រមូល​ផល​អនុ​ផល​ព្រៃឈើ ចេញពី​ដី​សម្បទាន​សង្គមកិច្ច​របស់ កងពលតូច​អន្តរាគមន៍ លេខ​៧ ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល កាលពី​ឆ្នាំ​២០១៤ កន្លង​ទៅ ។

មន្ត្រី​ដដែល​បន្ត​ថា ការ​ចុះ​ត្រួតពិនិត្យ​បែប​នេះ ក្រោយ​ទទួល​បាន​ព័ត៌មាន​ថា ក្រុមហ៊ុន ហុង សុភាព បាន​រំលោភ​ចូល​ទៅ​ក្នុង​ដែន អភិរក្ស​ធនធានធម្មជាតិ របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ដើម្បី​កាប់​ឈើ​ប្រភេទ ត្រាច ផ្តៀក ផ្ចឹក ជា​ច្រើន​ដើម​ផង​ដែរ រួច​អូស​យក​ចូល​ក្រុមហ៊ុន ដើម្បី​អារជ្រៀក​ដោយ​មានមុខ​កាត់​ចាប់ពី ៣០​សង់ទីម៉ែត្រ​ទៅ​៤០​សង់ទីម៉ែត្រ ដោយ​មិន​គោរព​តាម​គោលការណ៍​ដែល​រាជរដ្ឋាភិបាល បាន​កំណត់​ឲ្យ​ក្នុង​ការ ប្រមូល​ផល​អនុ​ផល​ព្រៃឈើ ត្រឹមតែ​ក្នុង​បរិវេណ​ដី​សម្បទាន​សង្គមកិច្ច​តែ​ប៉ុណ្ណោះ​។

មន្ត្រី​ដដែល បាន​បន្ថែម​ទៀត​ថា បន្ទាប់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ចុះ​ប្រតិបត្តិការ ត្រួតពិនិត្យ​រួចរាល់​នៅ​លើ​ទីតាំង​ក្រុមហ៊ុន​ខាងលើ​នោះ នាយ​ឧត្តមសេនីយ៍ ក៏​បាន​ផ្ទេរ​ភារកិច្ច និង​ដាក់​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​បំផុត​ឲ្យ​ទៅ​អាជ្ញាធរ​ខេត្តព្រះវិហារ និង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវធ្វើ​យ៉ាងណា​គ្រប់គ្រង​វត្ថុ​តាង​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ​នោះ​ឲ្យ​បាន​ហ្មត់ចត់​ដូច​ជា រថយន្ត​រ៉េវ ម៉ាស៊ីន​រ៉ៃ ឈើ​អារ ជ្រៀក​រួច នឹង​ឈើ​ហ៊ុ​ប ជា​ច្រើន​រយ​កំណាត់ និង​ដើម្បី​បញ្ជាក់​ពី​ការ​ពិត​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែធ្នូ​នេះ សមត្ថកិច្ច​ចម្រុះ​បាន​បន្ត​ប្រតិបត្តិការ​រុករក​កន្លែង ដែល​ក្រុមហ៊ុន ហុង សុភាព បាន​កាប់​រំលំ​ដើមឈើ ក្នុង​ដែន​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ពិតជា​មាន​ប្រាកដ​មែន​។

ពាក់ព័ន្ធ​ករណី​នេះ អ្នក​សារព័ត៌​មានបាន​ព្យាយាម ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី លោកស្រី សាយ សុភាព ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ហុង សុភាព​ខាងលើ​នេះ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៦​នេះ ពុំ​បាន​ឡើយ ដោយ​ទូរស័ព្ទ របស់​លោកស្រី​ត្រូវ​បាន​បិទ ។ ជុំវិញ​ប្រតិបត្តិការ​នេះ មហាជន​នៅ​ក្នុងស្រុក​ជាំ​ក្សាន្ត ក៏​បាន​សាទរ​យ៉ាង ខ្លាំង​ចំពោះ ចំណាត់ការ​បង្ក្រាប របស់​រដ្ឋាភិបាល​លើ​បញ្ហា​បទល្មើស​ព្រៃឈើ ជាក់ស្តែង​ដូច​ជា​ក្រុមហ៊ុន ហុង សុភាព ដែល​ទទួល​អាជ្ញាធរ​ប័ណ្ណ​ពី រាជរដ្ឋាភិបាល​ហើយ តែ​មិន​បាន​គោរព​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល ដូច​ពាក្យចាស់​ពោល​ថា “​កន្ទេល​ធំ បន្លំ​ដេក​” ។ មជ្ឈដ្ឋាន​ដដែល​បាន​លើក​ឡើង​ថា ឬ​មួយ​ការ​ធ្វើ​ទៅ​តាម​របស់​ក្រុមហ៊ុន ហុង សុភាព កន្លង​ទៅ​នេះ ប្រសិនបើ​ខ្មោច​ស្រុក​មិន​ឲ្យ​ដៃ​ទេ ខ្មោច​ព្រៃ​ក៏​មិន​ហ៊ាន​ចូល​ដែរ​។

សូម​បញ្ជាក់​ថា ក្នុង​ករណី​ចុះ​ប្រតិបត្តិការ​នេះ​ដែរ បញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រើ​ឧ​ត្ថ​ម្ភា​គ​ចក្រ​ចំនួន​៣​គ្រឿង​ផង​ដែរ​។ ដោយឡែក ទិន្នន័យ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៤ និង​ទី​៥ ខែធ្នូ​នេះ នៅ​មិន​ទាន់​ដឹង​នៅឡើយ​នោះ​ទេ មក​ដល់​ពេល​នេះ​ក្រុមការងារ កំពុង​តែ​ប្រមូល​ឈើ​ហ៊ុ​ប ជា​ច្រើន​រយ​កំណាត់​គរ​ទុក​ដើម្បី​ធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី​៕