ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លូ​នៅ​ភូមិ​បឹង​បា​សាក់ ពលរដ្ឋ​ស្នើ​ឲ្យ​ដាក់​ឡើង​វិញ​តាម​បទដ្ឋាន​បច្ចេកទេស

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ការ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក​១​ខ្សែ​ប្រវែង​រាប់រយ​ម៉ែត្រ​នៅ​ច្រក​ខាងក្រោយ​វត្ត​ថ្មី ស្ថិត​នៅ​ភូមិ​បឹង​បា​សាក់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម …

ខេត្តកំពង់ចាម ៖ ការ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក​១​ខ្សែ​ប្រវែង​រាប់រយ​ម៉ែត្រ​នៅ​ច្រក​ខាងក្រោយ​វត្ត​ថ្មី ស្ថិត​នៅ​ភូមិ​បឹង​បា​សាក់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម មាន​កន្លែង​ខ្លះ​ដាក់​ទៅ​ត្រូវ​បាន​បទដ្ឋាន​បច្ចេកទេស និង​កន្លែង​ខ្លះ​ទៀត ហាក់បីដូច​ជាល​យមក​ចូល​ផ្លូវ​ពេក ។ ដោយ​លូ​ដាក់​នៅ​លើគោក និង​បា​ហ្គា​លូ​អណ្តែត​លើគោក កំពស់​ត្រឹម​ស្មា​មនុស្ស​ចាស់ ហើយ​នៅ​ពេល​យប់​វិញ​ងងឹត​មិន​មាន​អំ​ពូ​ល​ភ្លើង​បំភ្លឺ​ផ្លូវ​នោះ​ទេ ពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ សូម​ជួយ​រៀបចំ​ផង ។

អ្នកស្រី ណាំ ស្រ៊ុ​ន អាយុ​៥៨​ឆ្នាំ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៦​ថា ផ្លូវ​ជួរ​ខាងក្រោយ​វត្ត​ថ្មី​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​តែ​មាន​ផលវិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​កាន់​កន្លែង​ផ្សេង​ៗ ដោយសារ​តែ​មាន​ក្រហេងក្រហូង ។ ក្រោយមក​គេ​បានឃើញ​អាជ្ញាធរ​ជួយ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក​នៅ​ផ្នែ​ង​ខាងលើ​វិញ ដាក់​បាន​ស្មើ   តែ​មក​ដល់​ត្រង់​ម្តុំ​ផ្ទះ​របស់​គាត់ បែរជា​ដាក់​លូ​អណ្តែត​មក​ដល់​ដី​ទៅ​វិញ ចំណែក​បា​ហ្គា​លូ​នៅ​ពេល​ដែល​ដើរទៅ​ឈរ​ក្បែរ កំពស់​ជិត​ត្រឹម​ស្មា​មនុស្ស​ចាស់ ។ គាត់​ឮ​ថា នៅ​ពេល​ខាង​មុខ​នេះ​អាជ្ញាធរ​នឹង​រៀបចំ​ធ្វើ​ផ្លូវ សំណូមពរ​មេត្តា​ធ្វើ​យ៉ាងណា​បន្ថយ​លូ​ទៅ​ខាងក្រោយ​បន្តិច​កុំ​ឲ្យ​លយ​មក​ចូល​ថ្នល់​ពេក ។ ហើយ​បើ​ចាក់​ដី​ធ្វើ​ថ្នល់​នោះ​នឹង​ខ្ពស់​ជាង​ផ្ទះ​គាត់​កន្លះ​ម៉ែត្រ ស្រួល​មិន​ស្រួល​គេ​ឲ្យ​បន្ថយ​បរិវេណ​ដី​ផ្ទះ​ថែម​ទៀត នឹង​កាន់តែ​ជួប​ផលវិបាក ។

អ្នកស្រី សឿង ស៊ី​ហាច អាយុ​៥០​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​កម្លាំង​បាន​ចុះ​មក​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​តាម​ផ្លូវ​មុខ​ផ្ទះ​របស់​គាត់​ក្នុង​ពេល​ដំបូង​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ដែល​មើលទៅ​ហាក់ដូចជា​មិន​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នោះ​ទេ ។ រហូត​មក​ដល់​ពេល​នេះ​គឺ​ជិត​៣​ឆ្នាំ​ហើយ លូ​ដាក់​គោក​តែ​ម្តង ហើយ​នៅ​ពេល​យប់​វិញ​តាម​ផ្លូវ​ងងឹត មិន​មាន​អំ​ពូ​ល​ភ្លើង​បំភ្លឺ​នោះ​ទេ ហើយ​កូនចៅ​ពលរដ្ឋ​ក្នុងភូមិ​ដែល​ត្រូវ​ចេញពី​សាលារៀន​ធ្វើ​ដំណើរ​មក​ផ្ទះ​វិញ​ត្រូវ​ជួប​នូវ​ការ​លំបាក រូប​គាត់​ក៏​ដូច​ជា​អ្នក​ផ្សេង​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ជួយ​រៀបចំ​បំពាក់​អំ​ពូ​ល​ភ្លើង ដើម្បី​ឲ្យ​ងាយស្រួល​មើលផ្លូវ ហើយ​ដើម្បី​កុំ​ឲ្យ​មាន​ជនខិលខូច​ឆ្លៀតឱកាស​ធ្វើ​អ្វីមួយ​បាន ។

លោក សុខ ស្រ៊ុ​ន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ចាម បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា លូ​ដែល​ដាក់​១​ខ្សែ​នៅ​ខាងក្រោយ​វត្ត​ថ្មី​នោះ មាន​កន្លែង​ខ្លះ​បាន​ជីក​ទៅ​ប៉ះ​ចំ​ទុយោ​ទឹក ហើយ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​នឹង​ត្រូវ​បាន​រៀបចំ​ដើម្បី​ដំណើរការ​សាងសង់  ដោយ​ប្រើប្រាស់​ថវិកាខេត្ត​ដើម្បី​សំរួល​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ៕