ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី «​តោះ​យើង​នាំ​គ្នា​ដាំ​ដើមឈើ ! » ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ កូន​ឈើ​ប្រណីត និង​ដើមឈើ​ហូប​ផ្លែ​សរុប​ប្រមាណ ១១.០០០​ដើម នៃ​គម្រោង «​តោះ​យើង​នាំ​គ្នា​ដាំ​ដើមឈើ !» លើក​ទី​៣ បាន​រៀបចំ​ឡើង​ដោយ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ (JCI) កម្ពុជា សាខា​

ខេត្តឧត្តរមានជ័យ ៖ កូន​ឈើ​ប្រណីត និង​ដើមឈើ​ហូប​ផ្លែ​សរុប​ប្រមាណ ១១.០០០​ដើម នៃ​គម្រោង «​តោះ​យើង​នាំ​គ្នា​ដាំ​ដើមឈើ !» លើក​ទី​៣ បាន​រៀបចំ​ឡើង​ដោយ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ (JCI) កម្ពុជា សាខា​ចតុមុខ​។ គម្រោង​នេះ មាន​ក្រុម​យុវជន​ជា​ច្រើន​នាក់ បាន​ចូលរួម​ស្ម័គ្រចិត្ត និង​សហការ​យ៉ាង​ផុសផុល ដែល​បាន​ធ្វើ​នៅ​ព្រៃ​សហ​គមន៍ សង្ឃ​រុក្ខ​វ័ន​ក្នុង​ខេត្តឧត្តរមានជ័យ កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លង​ទៅ ក្រោម​ជំនួយ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី ក្រសួងបរិស្ថាន របស់​លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ ក្រោម​អធិបតីភាព​របស់ លោក ស៊ី ប្រា​សិទ្ធ អភិបាល​ស្តីទី​ខេត្តឧត្តរមានជ័យ និង​លោក ទិ​ត ប្រាកដ អភិបាលរង​ខេត្តសៀមរាប​។

នៅ​ឆ្នាំ​២០១៤ ថ្មី​ៗ​នេះ ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន បាន​ទទួល​ពានរង្វាន់ សហគមន៍​ឆ្នើម ប្រចាំ​ប្រទេស​កម្ពុជា ស្តី​ពី «​ការ​ចូលរួម​កាត់​បន្ថយ​បម្រែបម្រួល​អាកាសធាតុ​» ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​មោះមុត​របស់​គុណ​ម្ចាស់ វ៉ែន ប៊ុ​ន​សា​លួត ព្រះ​វិសុទ្ធិ​មេត្តា ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​មេគុណ​ខេត្តឧត្តរមានជ័យ និង​ជា​ប្រធាន​សហគមន៍​។ ហើយ​កាលពី​ឆ្នាំ​២០១០ ព្រៃ​សហគមន៍ សង្ឃ​រុក្ខ​វ័ន​របស់​ព្រះ​អង្គ​ក៏​បាន​ក្លាយជា​តំណាង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហិ្វ​ក ទៅ​ទទួល​ពានរង្វាន់ «Equator Prize» ស្តី​ពី «​ការ​ថែរក្សា ធនធានធម្មជាតិ និង​ជីវចម្រុះ​»​។

លោកស្រី លឹ​ម មូលី​រស្មី ប្រធាន​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ (JCI) កម្ពុជា សាខា​ចតុមុខ បាន​មាន​ប្រសាសន៍​ថា «​យុវជន កម្ពុជា​យើង​កាន់តែ​ច្រើន បាន​និង​កំពុង​ចាប់​អារម្មណ៍​លើ​កិច្ច​ការងារ​សហគមន៍​។ ជាក់ស្តែង​យើង​មាន​យុវជន​មក​ពី​ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ព្រមទាំង​បុគ្គលិក​របស់​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​នាក់​បាន​ចំណាយ​ពេលវេលា និង​ថវិកា​ផ្ទាល់ខ្លួន​មក​ចូលរួម​ការ​ដាំ​ដើមឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​នា​ឱកាស​នេះ ហើយ​បើ​គ្មាន​ការ​ចូលរួម​ជា​ជំនួយ​ថវិកា និង​ស្មារតី​ពី​បណ្តា​ក្រុមហ៊ុន​ឯកជន បងប្អូន​ប្រជា​សហគមន៍ ប្អូន​ៗ​សិស្ស​និស្សិត​ទាំងអស់​ទេ កម្មវិធី​នេះ​ក៏​មិន​អាច​ប្រព្រឹត្តិ​ទៅ​បាន ដោយ​ជោគជ័យ​បែប​នេះ​ដែរ​»​។ ជា​ចុង​ក្រោយ លោក​ស្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រសួងបរិស្ថាន​ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​គាំទ្រ​ស្មារតី​ដាំ​ដើមឈើ​នេះ​តាំងពី​គម្រោង​លើក​ទី​២ រហូត​ដល់​លើក​ទី​៣​នេះ​។