ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំហរ​របស់​លោក Trump អាច​នឹង​ធ្វើឱ្យ​ពាណិជ្ជកម្ម​ពិភពលោក​អន់​ថយ

7 ឆ្នាំ មុន

ចក្រភព​អង់គ្លេស ៖ លោក Mark Carney ប្រធាន​ធនាគារ​អង់គ្លេស (Bank of England) បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ជំហរ​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump អាច​នឹង​បង្ក​ឲ្យ​មានការ​អន់​ថយ​នៃ​ពាណិជ្ជកម្ម​

ចក្រភព​អង់គ្លេស ៖ លោក Mark Carney ប្រធាន​ធនាគារ​អង់គ្លេស (Bank of England) បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ជំហរ​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump អាច​នឹង​បង្ក​ឲ្យ​មានការ​អន់​ថយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក ព្រមទាំង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​អង់គ្លេស ។

លោក Carney បាន​ប្រាប់​ទៅ​កាន់​សន្និសីទកាសែត​មួយ​ថា ៖ « ភាព​អន់​ថយ​នៃ​ការ​លូតលាស់​ពាណិជ្ជកម្ម​ពិភពលោក ដែល​បាន​កើត​មាន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​កន្លង​មក អាច​នឹង​ធ្លាក់​ចុះ​កាន់តែ​លឿន ព្រោះតែ​គោលនយោបាយ​របស់​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​ពិភពលោក​មួយ​នេះ » ។

លោក​បន្ត​ថា ៖ « បើ​ទោះជា​វា​អាច​នឹង​មិន​ប៉ះពាល់​ដល់​ចក្រភព​អង់គ្លេស​ដោយ​ផ្ទាល់​ក្តី ប៉ុន្តែ​ប្រសិនបើ​វា​ពន្យឺតការ​លូតលាស់​ពាណិជ្ជកម្ម​របស់​ពិភពលោក​មែន​នោះ ក្នុង​នាម​ពួក​យើង​ជា​ប្រទេស​ដែល​បើក​ទូលាយ​ផ្នែក​ពាណិជ្ជកម្ម សេដ្ឋកិច្ច​ពួក​យើង​អាច​នឹង​ត្រូវ​បាន​ប៉ះពាល់​ជា​មិន​ខាន » ។

គួរ​បញ្ជាក់​ថា មុន​ពេល​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Trump បាន​និយាយ​ថា ប្រទេស​ចិន​កំពុង​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ដូច្នេះ លោក​នឹង​ដំឡើង​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន ។ លើស​ពី​នេះ លោក​និយាយ​ថា នឹង​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិក (TPP) ផង​ដែរ ៕