ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាធារណរដ្ឋ​កូរ៉េ​ជា​ដៃគូ​អភិវឌ្ឍន៍​ទ្វេភាគី​ធំ​ទី​3 ក្នុង​ចំណោម​ដៃគូ​ទ្វេភាគី​ជា​ច្រើន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាធារណរដ្ឋ​កូរ៉េ គឺជា​ដៃគូ​អភិវឌ្ឍន៍​ទ្វេភាគី​ធំ​ទី​៣ នៅ​ក្នុង​ចំណោម​ដៃគូ​អភិវឌ្ឍន៍​ទ្វេភាគី​ដទៃ​ទៀត​ដែល​បាន​ផ្តល់​ហិរញ្ញប្បទាន​ចូលរួម​ចំណែក​ដល់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​ការ​លើក​ឡើង

រាជធានី​ភ្នំពេញ ៖ សាធារណរដ្ឋ​កូរ៉េ គឺជា​ដៃគូ​អភិវឌ្ឍន៍​ទ្វេភាគី​ធំ​ទី​៣ នៅ​ក្នុង​ចំណោម​ដៃគូ​អភិវឌ្ឍន៍​ទ្វេភាគី​ដទៃ​ទៀត​ដែល​បាន​ផ្តល់​ហិរញ្ញប្បទាន​ចូលរួម​ចំណែក​ដល់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

នៅ​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​២ ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា គិត​មក​ត្រឹម​ឆ្នាំ​២០១៦​នេះ សាធារណរដ្ឋ​កូរ៉េ​បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា មាន​ចំនួន​សរុប​ប្រមាណ​ជាង​៧៣៨​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ឥណទាន​សម្បទាន​មាន​ប្រមាណ​៥៣៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​ហិរញ្ញប្បទាន​ជំនួយ​ឥត​សំណង​មាន​ប្រមាណ​២០៣​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ចំនួន​នេះ​មិន​ទាន់​បាន​រាប់​បញ្ចូល​នូវ​ទឹកប្រាក់​ជំនួយ​បច្ចេកទេស​ផ្សេង​ៗ​ទៀត​នោះ​ទេ​។ លោក​រដ្ឋលេខាធិការ​មាន​ប្រសាសន៍​ថា ៖ « ជំនួយ​របស់​សាធារណរដ្ឋ​កូរ៉េ ពិតជា​បាន​ចូលរួម​ចំណែក​មួយ​ផ្នែក​ធំ​ដល់​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ហើយ​សង្ឃឹមថា ភាគី​កូរ៉េ​នឹង​នៅ​តែ​បន្ត​ផ្តល់​ជំនួយ​ដល់​ការ​អភិវឌ្ឍ​នេះ​បន្ថែម​ទៀត​នា​បណ្តា​ឆ្នាំ​ខាង​មុខ » ។

លោក​បន្ត​ថា ៖ « ក្នុង​ពេល​ខាង​មុខ​នេះ កម្ពុជា​មាន​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​ទៀត​។ ដូច្នេះ កម្ពុជា​សង្ឃឹមថា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​នឹង​បន្ត​បង្កើន​ទំហំ​នៃ​ការ​ផ្តល់​ឥណទាន​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ជំនួយ​ឥត​សំណង និង​កម្ចីសម្បទាន​ដើម្បី​រួមចំណែក​ដល់​កិច្ចការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា » ។

លោក វ​ង្សី វិស្សុត បន្ថែម​ថា ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា​មាន​ប្រមាណ​៧,៧%​ជា​មធ្យម​ក្នុង​១​ឆ្នាំ ហើយ​កម្ពុជា ជា​ប្រទេស​ដែល​មាន​អតិផរណា​ទាប និង​មាន​អត្រា​ការ​ប្រាក់​ប្រកបដោយ​ស្ថិរភាព ។ ទន្ទឹម​នឹង​នេះ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ក៏​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ ដោយនៅ​ឆ្នាំ​២០០៤ ភាព​ក្រីក្រ​នៅ​កម្ពុជា មាន​ប្រមាណ​៥៣,៤% ត្រូវ​បាន​កាត់​បន្ថយ​មក​នៅ​ត្រឹម​១៣,៥%​នៅ​ឆ្នាំ​២០១៤ ។ រីឯ​វិសមភាព​សង្គម​ក៏​ត្រូវ​បាន​កែ​លម្អ​ផង​ដែរ ដែល​ភាព​រីក​ចម្រើន​ទាំងនេះ គឺ​មិន​អាច​កាត់​ផ្តាច់​ចេញ​បាន​ពី​ការ​ផ្តល់​ជំនួយ​របស់​បណ្តា​ប្រទេស​ជា​មិត្ត ដែល​ក្នុង​នោះ​ក៏​មាន​សាធារណរដ្ឋ​កូរ៉េ​ផង​ដែរ ។

លោក Kim Yoon Kyung តំណាង​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​រៀបចំ​ឡើង ក្នុង​គោលបំណង​បន្ត​គោលនយោបាយ​ភាព​ជា​ដៃគូ និង​ជា​ការ​បើកឱកាស​ជូន​ភាគី​ទាំង​ពីរ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់ ទស្សនទាន ចក្ខុវិស័យ និង​គោលនយោបាយ​អាទិភាព​នានា នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ផ្លូវការ (ODA) របស់​សាធារណរដ្ឋ​កូរ៉េ ទាំង​ជា​ហិរញ្ញប្បទាន​ឥត​សំណង (Grant Aid), ឥណទាន​សម្បទាន (EDCF Loan) និង​ជំនួយ​បច្ចេកទេស​នានា​ទៅ​តាម​វិស័យ​អាទិភាព​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​កម្ពុជា និង​គោលនយោបាយ​កិច្ច​សហប្រតិបត្តិការ​របស់​សាធារណរដ្ឋ​កូរ៉េ​ផង​ដែរ ៕