ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​កម្លាំង​របស់​លោក​កា​ដា​ហ្វី​បន្ត​ការ​វាយ​បក​លើ​ទី​ក្រុង​ទាំង​ឡាយ​កាន់​កាប់​ដោយ​ពួក​បះ​បោរ

15 ឆ្នាំ មុន

ការ​វាយ​ប្រហារ​ប្រឆាំង​ពួក​បះ​បោរ​របស់​កង​ក​ម្លាំង​លោក​កា​ដា​ហ្វី​បាន​បន្ត​ទៀត​កាល​ពី​ថ្ងៃ​ទី​៨ មីនា នៅ​ភាគ​ខាង​កើត​ប្រទេស​ ព្រម​ទាំង​​នៅ​ទី​ក្រុង​ ZAOUIAH ភាគ​ខាង​លិច​ក្រុង​ទ្រី​ប៉ូលី​។
កង​កម្លាំង​រដ្ឋា​ភិ​បាល​លី​ប៊ី​បាន​បន្ត​កាល​ពី​ថ្ងៃ​ទី​៨ មីនា នូវ​ការ​វាយ​ប្រហារ​របស់​ខ្លួន​ប្រឆាំង​ពួក​បះ​បោរ​នៅ​ភាគ​ខាង​កើត​ប្រទេស ព្រម​ទាំង​នៅ​ទីក្រុង​ ZAOUIAH ភាគ​ខាងលិច​ក្រុង​ទ្រី​ប៉ូលី​ ខណៈ​ពួក​ឧទ្ទាម​ទុក​ពេល​៧២​ម៉ោង​ឱ្យ​លោក​កា​ដាហ្វី​បោះ​បង់​ចោល​អំណាច​។
នៅ​លើ​រណសិរ្ស​ភាគ​ខាង​កើត​បណ្តា​អ្នក​កាសែត​​បរទេស​​រៀប​រាប់​ពី ការ​វាយ​ប្រហារ​តាម​អាកាស​ចំនួន​៤​លើក​របស់​កង​ទ័ព​លោក​កា​ដាហ្វី​ប្រឆាំង​​ទី​តាំង​ទាំង​ឡាយ​របស់​ពួក​ឧទ្ទាម​នៅ​ទី​ក្រុង​ RAS LANOUF ជា​ទី​ក្រុង​កំពង់​ផែ​​ប្រេង​ស្ថិត​​នៅ​តាម​​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង SYRTE និង​តំបន់​ជុំ​វិញ​ទី​ក្រុង​ RAS LANOUF នោះ​។ កង​រថ​ក្រោះ​ និង​កាំ​ជ្រួច​ក៏​វាយ​ប្រហារ​ក្នុង​តំបន់​នោះ​ដែរ​ប្រឆាំង​នឹង​ខ្សែរត្រៀម​​ជួរ​មុខ​ទាំង​ឡាយ​របស់​ពួក​ឧទ្ទាម​ដែល​ហាក់​ដូច​ជា​ពុំ​មាន​កម្លាំង​គ្រប់​គ្រាន់​​ក្នុង​​ការ​ទប់​​ទល់​​ចំពោះ​ការ​វាយ​ប្រហារ​​ដ៏​ខ្លាំង​ក្លា​បែប​នេះ​។ នៅ​ភាគ​ខាង​លិច​ប្រទេស​កង​កាំ​ភ្លើង​ធំ​និង​ការ​រថ​ក្រោះ​របស់​កង​កម្លាំង​លោក​កា​ដាហ្វី​​បាន​វាយ​ប្រហារ​ជា​ថ្មី​លើ​ទី​ក្រុង​ ZAOUIAH ចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​ទី​ក្រុង​ទ្រី​ប៉ូលី​​។ ខាង​ផ្នែក​​ការ​ទូត​​វិញ​ប្រទេស​អង់​គ្លេស​​ និង​បារាំង​ស្វះ​ស្វែង​ឱ្យ​មាន​ការ​អនុ​ម័ត​លើ​ការ​បង្កើត​តំបន់​ហាម​ឃាត់​ការ​ហោះ​ហើរ​មួយ​នៅ​ពី​លើ​ប្រទេស​លី​ប៊ី​ដើម្បី​បញ្ចប់​ការ​វាយ​ឆ្មក់​តាម​អាកាស​របស់​កង​ទ័ព​រដ្ឋា​ភិ​បាល​។ សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​ដទៃៗ​ទៀត​ដូច​ជា​ចិន​ជា​ដើម​នៅ​តែ​ពុំ​ទាន់​ដាច់​ស្រេច​ចំពោះ​ការ​ផ្តួច​ផ្តើម​គំនិត​មួយ​បែប​នេះ​។ ក៏​ប៉ុន្តែ​លោក​បារ៉ាក់​ អូ​បាម៉ា និង​នាយក​រដ្ឋ​មន្ត្រី​​អង់​គ្លេស​លោក​ដាវីដ កាមឺរ៉ូន​ ប្រកាស​ថា ទិស​ដៅ​​រួម​នៅ​លី​ប៊ី​គឺ​បញ្ចប់​អំពើ​ហិង្សា​ និង​ការ​ចាក​ចេញ​របស់​លោក​មូ​អាម៉ា​ កា​ដា​ហ្វី​។ សំរាប់​រដ្ឋ​មន្ត្រី​ ការ​បរទេស​បារាំង លោក ALAIN JUPPE និយាយ​ថា ក្រុង​ប៉ា​រីស​ត្រៀម​ធ្វើ​អន្តរា​គមន៍​ជាមួយ​ប្រទេស​ដទៃៗ​ទៀត​ដើម្បី​ការ​ពារ​​ប្រជា​ជន​ហើយ​រារាំង​លោក​កា​ដា​ហ្វី​កុំ​ឱ្យ​ប្រើ​ប្រាស់​យន្ត​ហោះ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ពួក​អ្ន​កជំនាញ​ការ​ខាង​យោធា​វាយ​តំលៃ​កាល​ពី​ថ្ងៃ​ទី​៨ មីនា នៅ​ទី​ក្រុង​ឡុង​ថា ការ​បង្កើត​តំបន់​ហាម​ឃាត់​ការ​ហោះ​​ហើរ​ពី​លើ​​ប្រទេស​លី​ប៊ី​នឹង​មាន​ប្រសិទ្ធ​ភាព​មាន​កំរិត​មួយ​ប៉ុណ្ណោះ​ដើម្បី​បញ្ឈប់​ការ​វាយ​លុក​របស់​កង​កម្លាំង​ស្និទ្ធ​លោក​កា​ដា​ហ្វី​ប្រឆាំង​នឹង​ពួក​បះ​បោរ​​ និង​ប្រជា​ជន​ ៕