ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​កីឡាបាល់ទះ​អង្គុយ​អបអរ​ទិវា​ជន​ពិការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​មជ្ឈមណ្ឌល​ជាតិ​ជន​ពិការ​ក្នុង​ខណ្ឌ​សែន​សុខ​កាលពី​ថ្ងៃ​ទី​៣ ធ្នូ មាន​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទះ​អង្គុយ​ដើម្បី​អបអរសាទរ​ទិវា​ជន​ពិការ​លើក​ទី​១៨​និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៤ ក៏​ដូច​ជា

រាជធានី​ភ្នំពេញ ៖ នៅ​មជ្ឈមណ្ឌល​ជាតិ​ជន​ពិការ​ក្នុង​ខណ្ឌ​សែន​សុខ​កាលពី​ថ្ងៃ​ទី​៣ ធ្នូ មាន​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទះ​អង្គុយ​ដើម្បី​អបអរសាទរ​ទិវា​ជន​ពិការ​លើក​ទី​១៨​និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៤ ក៏​ដូច​ជា​ស្វែងរក​បទ​ពិសោធន៍​និង​បច្ចេកទេស​ពី​គ្នា​ទៅ​វិញ​ទៅ​មក​និង​អ្នក​ដែល​មាន​សមត្ថភាព​ដើម្បី​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស ។

លោក យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា គោលបំណង​ដែល​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​រៀបចំ​ឱ្យ​មានការ​ប្រកួត​កីឡាបាល់ទះ​អង្គុយ​នោះ​ឡើង គឺ​ដើម្បី​ស្វែងរក​ជើង​ខ្លាំង​និង​មានបទពិសោធន៍​បច្ចេកទេស​ល្អ​ដាក់​ចូល​ក្រុម​ជម្រើសជាតិ​សម្រាប់​ចូលរួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​៩ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នា​ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាង​មុខ ។

ក្រុម​ដែល​ចូលរួម​ប្រកួត​លើក​នេះ​មាន​ចំនួន​៣​ក្រុម​គឺ​ក្រុម​បាយ័ន ក្រុម​អង្គរ និង​ក្រុមព្រះ​វិហារ ដោយ​ធ្វើ​ឡើង​តាម​រូបមន្ត​ជម្រុះ​វិល​ជុំ ។ ការ​ប្រកួត​នេះ​ចាញ់​-​ឈ្នះ​ចាត់ទុកជា​រឿង​ធម្មតា សំខាន់​គឺ​ដើម្បី​ស្វែងរក​អត្ត​ព​លិ​ក​ឆ្នើម​នៅ​ក្នុង​ក្រុម​នីមួយ​ៗ​ដាក់​រួម​បញ្ចូល​គ្នា​ឱ្យ​ក្លាយជា​ក្រុម​ជម្រើសជាតិ​តែ​មួយ​សម្រាប់​ការ​ប្រកួត​នៅ​ក្រៅប្រទេស ។

ក្រុម​បាល់ទះ​អង្គុយ​កម្ពុជា​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៧​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ក្នុង​ឆ្នាំ​២០១៤ ដោយ​ទទួល​បាន​មេដាយ​សំរឹទ្ធ ហើយ​ពេល​នេះ​កំពុង​ត្រៀមខ្លួន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​បន្ត​ទៀត ។ គិត​រហូត​មក​ទល់​ពេល​នេះ​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ធ្លាប់​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ទៅ​ចូលរួម​ប្រកួត​ខ្នាត​អាស៊ាន​ចំនួន​៨​ដង ខ្នាត​អាស៊ី​ចំនួន​២​ដង និង​ខ្នាត​ពិភពលោក​ចំនួន​៥​ដង ដោយ​ទទួល​បាន​មេដាយ​សរុប​ចំនួន​១៣០​គ្រឿង ក្នុង​នោះ​មេដាយមាស​២១​គ្រឿង មេដាយ​ប្រាក់​៥៦​គ្រឿង និង​មេដាយ​សំរឹទ្ធ​៥៣​គ្រឿង ។ ចំពោះ​លទ្ធផល​ប្រកួត​ថ្ងៃនេះ ក្រុម​អង្គរ​បាន​យកឈ្នះ​២​ប្រកួត​ជាប់​គ្នា គឺ​លើក​ទី​១​ឈ្នះ​ក្រុម​បាយ័ន​២​សិត​សូន្យ​២៥-១៤ និង​២៤-១៣ និង​ឈ្នះ​ក្រុមព្រះ​វិហារ​២​សិត​សូន្យ​២៥-២១​និង​២៥-២២ ។ លោក​យី វាសនា បានឱ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​លោក​យកឈ្មោះ​ប្រាសាទ​ទាំង​អស់នោះ​មក​ដាក់​ឱ្យ​ក្រុម​បាល់ទះ​ជន​ពិការ ដោយសារ​លោក​មាន​បំណង​ចង់​ផ្សព្វផ្សាយ​សម្បត្តិ​វប្បធម៌​ខ្មែរ​យើង​ឱ្យ​អន្តរជាតិ​បាន​ស្គាល់ ៕