ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទិញ​លំនៅ​ឋាន​សាធារណៈ​តម្លៃ​ទាប តើ​ត្រូវ​មាន​លក្ខខណ្ឌ​អ្វីខ្លះ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ដែល​មាន​ប្រាក់​ចំណូល​ទាប​កំពុង​ទន្ទឹងរង់ចាំ​មើល​គម្រោង​ផ្ទះ​សាធារណៈ​តម្លៃ​ទាប ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ដែល​មាន​ប្រាក់​ចំណូល​ទាប​កំពុង​ទន្ទឹងរង់ចាំ​មើល​គម្រោង​ផ្ទះ​សាធារណៈ​តម្លៃ​ទាប ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថា​តើ​គម្រោង​នេះ​នឹង​ចេញ​រូបរាង​នៅ​ពេល​ណា និង​មាន​រូបរាង​យ៉ាងម៉េច ។ ម្ចាស់​គម្រោង​បាន​បង្ហើប​កាលពី​ពេល​កន្លង​មក​ថា គម្រោង​នេះ​នឹង​ចាប់ផ្ដើម​អភិវឌ្ឍន៍​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​២០១៧​ខាង​មុខ និង​មិន​ឲ្យ​ហួស​ពី​ត្រីមាស​ទី​១​ឡើយ ។

ទន្ទឹម​នឹង​គម្រោង​ផ្ទះ​សាធារណៈ​នេះ​ចាប់ផ្ដើម​អភិវឌ្ឍន៍ និង​លក់​ជូន​ពលរដ្ឋ​ជា​ផ្លូវការ​នោះ ម្ចាស់​គម្រោង និង​ក្រសួង​សហការ​ក៏​បាន​ឯកភាព​ផង​ដែរ មិនមែន​ចេះ​តែ​លក់​ឲ្យ​នោះ​ទេ គឺ​ត្រូវ​មាន​លក្ខខណ្ឌ និង​កិច្ចសន្យា​មួយ​ចំនួន ទើប​មាន​សិទ្ធិ​ទិញ​ផ្ទះ​តម្លៃ​ទាប​នេះ​បាន ។ ដូចនេះ តើ​លក្ខខណ្ឌ​នោះ​យ៉ាងណា​ទើប​អាច​ក្លាយជា​ម្ចាស់ផ្ទះ​សាធារណៈ​បាន ?

លោក​ឧកញ៉ា សៀ រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន Worldbridge ម្ចាស់​គម្រោង​លំនៅ​ឋាន​សាធារណៈ បាន​មាន​ប្រសាសន៍​ថា មុន​នឹង​គម្រោង​ត្រូវ​បាន​អនុវត្ត ក្រុមហ៊ុន​ត្រូវការ​សិក្សា​ច្រើន​ទាំង​របៀបរបប​នៃ​ការ​រស់នៅ អនាម័យ និង​សន្តិសុខ​ជាដើម ។ ចំណុច​ទាំង​អស់នេះ ក្រុមហ៊ុន​ក៏​បាន​សិក្សា​រួច​ហើយ​ដែរ តែ​ក៏​ត្រូវ​មានការ​សហការ​បន្ត​ពី​រាជ​រដ្ឋាភិបាល​ដើម្បី​កំណត់​ច្បាប់​ថា តើ​ប្រជាជន​ប្រភេទ​ណា​ទើប​អាច​ទិញ​គម្រោង​នេះ​បាន ។ លោក​មាន​ប្រសាសន៍​ថា ៖ « មក​ទល់​ថ្ងៃនេះ ខ្ញុំ​អាច​និយាយ​ថា ជា​គោលការណ៍​យើង​បាន​បញ្ចប់​ហើយ នៅ​តែ​សម្រេច​ថា តើ​យក​ទិស​ដៅ​មួយ​ណាយ​កមក​អនុវត្ត ។ ដូចនេះ ទើប​ខ្ញុំ​ប្រើ​ពាក្យ​មួយ​ថា សុខចិត្ត​យឺត ឲ្យ​តែ​ល្អ » ។

លោក​បន្ត​ថា ៖ « ជា​រឿយ​ៗ ចេះ​តែ​មាន​អ្នក​បារម្ភ​ខ្លាច​គម្រោង​នេះ អ្នកមាន​ទិញ​យក​អស់ តែ​ខ្ញុំ​សូម​សន្យា​ថា នឹង​មិន​មាន​ករណី​បែប​នេះ​កើតឡើង​ទេ ព្រោះ​យើង​បាន​ចង​ជា​គោលការណ៍​រួច​ស្រេច​ហើយ ដូច​ជា​អ្នកទិញ​ត្រូវ​មាន​ប្រាក់ខែ ៥០០​ដុល្លារ​អា​មេ​រិ​ក​ចុះ​ក្រោម បើ​ប្រាក់ខែ​លើស​ហ្នឹង មិន​អាច​លក់​បាន​ទេ ។ លក្ខខណ្ឌ​មួយទៀត អ្នកទិញ​ត្រូវ​តែ​មានគ្រួសារ ហើយ​យើង​ក៏​មិន​អាច​លក់​ឲ្យ​ដែរ បើសិន​គាត់​ទិញ​ហើយ​យក​ទៅ​លក់​បន្ត​ក្នុង​រយៈពេល​៥​ឆ្នាំ ។ ដូចនេះ ពេល​ទិញ​ហើយ​គាត់​ត្រូវ​តែ​ស្នាក់​នៅ​ក្នុងផ្ទះ​នោះ » ។

ទាក់ទង​នឹង​ទីតាំង​របស់​គម្រោង​លំនៅ​ឋាន​សាធារណៈ​នេះ​ដែរ លោក​ឧកញ៉ា សៀ រឹ​ទ្ធី នៅ​តែ​ប្រកាន់ខ្ជាប់​មិន​បង្ហាញ​ទីតាំង​ច្បាស់លាស់​ឡើយ គ្រាន់តែ​បង្ហើប​ថា គម្រោង​នេះ​នឹង​មាន​ទូ​ទាំង​ខណ្ឌ​ទាំងអស់​នៅ​ជាយក្រុង​ភ្នំពេញ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ជាយក្រុង​ភ្នំពេញ អាច​ងាយស្រួល​ជ្រើសរើស​ទីតាំង​ណាមួយ​ដែល​នៅ​ជិត​កន្លែងធ្វើការ ។

លោក​មាន​ប្រសាសន៍​ថា ៖ « យើង​ក៏​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​សាធារណៈ​នេះ​នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ យើង​មិនមែន​ធ្វើ​តែ​មួយ​ហើយ​ឈប់​នោះ​ទេ អីចឹង​ទេ​បងប្អូន​ដែល​នៅ​តាម​បណ្ដា​ខេត្ត ក៏​អាច​នឹង​ទិញ​ផ្ទះ​តម្លៃ​ទាប​នេះ​ស្នាក់​នៅ​បាន​ដែរ ។ ដូចនេះ គាត់​ត្រូវ​ទ្រាំ​ចាំ​បន្តិច នៅ​ពេល​គម្រោង​នេះ​អភិវឌ្ឍន៍​បាន​មួយ​ដំណាក់​ហើយ​នោះ » ។

លោក​ឧកញ៉ា សៀ រឹ​ទ្ធី បញ្ជាក់​ថា ផ្ទះ​ក្នុង​គម្រោង​ដំបូង​មាន​ចំនួន​២.៧០០​ផ្ទះ វិនិយោគ​ប្រមាណ​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ចំពោះ​តម្លៃ​ផ្ទះ​នីមួយ​ៗ​អាច​ចន្លោះ​ពី​២,៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ទៅ​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​ប្រជាពលរដ្ឋ​អាច​បង់​រំលស់​ដោយ​ការ​ជួយ​សម្រួល​ពី​ក្រុមហ៊ុន​ផ្ទាល់ និង​ធនាគារ​ដៃគូ​មួយ​ចំនួន​ផង​ដែរ ៕