ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​យំ​លែង​ចេញ​! ផ្ទះ​៣​ល្វែង​ឆេះ​ហ្មត់​គ្មាន​សល់ ខូចខាត​អស់​ជិត​៦​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • បាត់ដំបង

អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ដែល​គេ​ម្ចាស់ផ្ទះ​អះអាង​ថា ទំនងជា​ផ្ដើម​ចេញពី​ការ​ទុ​ស្សេ​ខ្សែភ្លើង ដែល​បាន​លេប​ត្របាក់

ខេត្តបាត់ដំបង ៖ អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ដែល​គេ​ម្ចាស់ផ្ទះ​អះអាង​ថា ទំនងជា​ផ្ដើម​ចេញពី​ការ​ទុ​ស្សេ​ខ្សែភ្លើង ដែល​បាន​លេប​ត្របាក់​ផ្ទះ​លក់​ចាប់ហួយ​អស់​ចំនួន​០៣​ល្វែង​ជាប់​ៗ​គ្នា​ខ្ទេច​អស់​គ្មាន​សល់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ មិថុនា នៅ​ក្នុង​ទីប្រជុំជន​ស្រុកស្រែ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ច្រាំង​បាក់ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ដែល​ប៉ាន់​ប្រមាណ​ជា​ទឹកប្រាក់​ខាត់​បង់អស់​ជិត​៦​ម៉ឺន​ដុល្លារ​។

បើ​តាម​របាយការណ៍​មន្ត្រី​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ផ្ទះ​លក់​ចាប់ហួយ​ទាំង​០៣​ល្វែង​នោះ ស្ថិត​នៅ​ជាប់​ៗ​គ្នា ហើយ​ក៏​ត្រូវជា​ឪពុក​និង​កូន​ដែរ ដែល​មាន​ទំហំ​ផ្ទះ​សរុប ២០​ម៉ែត្រ​x៣០​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ដែល​មាន​ម្ចាស់​ឈ្មោះ សំ ហុង ប្រុស​អាយុ​៦៣​ឆ្នាំ​(​ឪពុក​)​។

លោក ទឹង ស៊ី​នឿ​ន នាយ​ប៉ុស្ដិ៍​នគរបាល ឃុំ​ឃ្លាំង​មាស បាន​ប្រាប់​ថា បើ​តាម​សួរនាំ​ម្ចាស់ផ្ទះ​នេះ ហាក់​មិន​បានដឹង​ថា មាន​អគ្គិភ័យ​កើតឡើង​ទេ រហូត​ទាល់តែ​មាន​អ្នក​ភូមិ​នាំ​គ្នា​ទៅ​គ​ស់​ជញ្ជាំង​ហៅ ទើប​ម្ចាស់ផ្ទះ​ភ្ញាក់​ពី​ដំណេក ហើយ​ផ្អើល​ឆោឡោ​មមីមមើ​រើ​អីវ៉ាន់ តែ​ហួសពេល​ទៅ​ហើយ ព្រោះ​អគ្គិភ័យ​ឆាបឆេះ​លឿន​ពេក​។

បើ​តាម​ការ​បំភ្លឺ​ពី​សាក្សី​នៅ​ក្បែរ​នោះ បាន​និយាយ​ថា នៅ​វេលា​ពាក់កណ្ដាល​អធ្រាត្រ​ទៅ​ហើយ ស្រាប់​តែ​គេ​ឃើញ​អណ្ដាតភ្លើង​យ៉ាង​សន្ធោសណ្ធៅ ឆេះ​ផ្ទះ​លក់​ហួយ​ចំនួន​០៣​ល្វែង​របស់​លោក សំ ហុង​។ ភ្លាម​ៗ​នោះ គេ​ស្មានថា ម្ចាស់ផ្ទះ​បានដឹង​ដែរ តែ​មិនឃើញ​ម្ចាស់ផ្ទះ​ស្រែកហៅ​ឲ្យ​គេ​ជួយ ទើប​នាំ​គ្នា​ឆ្ងល់​ក៏​រត់​ទៅ​គ​ស់​ជញ្ជាំង​ស្រែកហៅ​ម្ចាស់ផ្ទះ ទើប​គាត់​ភ្ញាក់​ទាំង​មមីមមើ​ផ្អើល​ឆោឡោ​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពេល​នោះ អ្នក​ភូមិ​បាន​នាំ​គ្នា​ចូល​ជួយ​ពន្លត់​ផង ជួយ​រំដោះ​អីវ៉ាន​ផង តែ​មិន​អាច​ជួយ​ធ្វើ​អ្វី​បាន​ឡើយ ក្រៅពី​ជួយ​សែង​ស្រូវ​បាន​ប្រហែល​១០​បាវ ព្រោះ​អណ្ដាតភ្លើង​ខ្លាំងក្លា​ពេក មិន​អាច​ចូល​ទៅ​ក្បែរ​បាន​ឡើយ​។

ចំណែក​លោក ទឹង ស៊ី​នឿ​ន មេ​ប៉ុស្ដិ៍​ឃ្លាំង​មាស បាន​និយាយ​ដែរ​ថា ពេល​នោះ​គ្មាន​នរណា​អាច​ជួយ​បន្ធូរបន្ថយ​ឥទ្ធិពល​អគ្គិភ័យ​បាន​ទេ សូ​ម្បី​រថយន្ត​ប​ន្ល​ត់​អគ្គិភ័យ ក៏​មក​មិន​ទាន់​ដែរ ព្រោះថា ផ្លូវ​ឆ្ងាយ ហើយ​នៅ​ក្នុងផ្ទះ​រង​គ្រោះ​នោះ​សុទ្ធ​សឹង​ជា​ទំនិញ​ចាប់ហួយ ជា​ពិសេស​មាន​លក់​សាំង និង​លក់​ហ្គា​ស​យ៉ាង​សម្បើម​ផង​ដែរ​។

លោក​បាន​បន្ត​ថា អគ្គិភ័យ​ហាក់​មាន​ល្បឿន​លឿន​បំផុត រីឯ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​មក​ដល់ បាន​ត្រឹម​បាញ់​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​ឆេះ​រាលដាល​តែ​ប៉ុណ្ណោះ ខណៈ​ផ្ទះ​លក់​ចាប់ហួយ​របស់​ឪពុក និង​កូន​ទាំង​០៣​ល្វែង​នោះ ក្លាយជា​ផេះ​អស់​គ្មាន​សល់​ទៅ​ហើយ​។

នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​ដ៏​មហន្តរាយ​ខាងលើ​នេះ បើ​តាម​ម្ចាស់ផ្ទះ​លោក សំ ហុង បាន​និយាយ​ថា មុន​ពេល​មាន​អគ្គិភ័យ​កើតឡើង គាត់​ហាក់​មាន​អារម្មណ៍​បានឮ​សំលេង​ផ្ទុះ​នៅ​ម្ដុំ​ចង្ក្រាន​បាយ​គាត់​នៅ​ខាង​មុខ តែ​គាត់​មិន​បាន​ចាប់អារម្មណ៍​ថា មាន​អ្វី​កើតឡើង​ទេ​។ លុះ​មាន​អ្នក​ភូមិ​មក​គ​ស់​ជញ្ជាំង​ហៅ ទើប​គាត់​ភ្ញាក់ ហើយ​ក៏​ឃើញ​អណ្ដាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ពេញ​ក្នុងផ្ទះ​បាត់​ទៅ​ហើយ​។

គាត់​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ពេល​នោះ កូនចៅ​របស់​គាត់​បាន​ព្យាយាម​រំដោះ​ទ្រព្យសម្បត្តិ និង​អីវ៉ាន់​នានា​ចេញពីផ្ទះ​ដែរ តែ​មិន​អាច​ធ្វើ​បាន​ឡើយ ដោយសារ​អណ្ដាតភ្លើង​ឆេះ​ខ្លាំង​ពេក​។ ហើយ​អគ្គិភ័យ​នេះ គាត់​សង្ស័យ​ថា អាច​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង ដែល​គាត់​បានឮ​សូរ​ផ្ទុះ​ដំបូង​នៅ​ម្ដុំ​ស​ង្ក្រា​ន​បាយ​តែ​ម្ដង​។

បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​បឋម​អំពី​តុល្យការ នៃ​ការ​ខាតបង់​ដល់​សមត្ថកិច្ច​ថា ក្រៅពី​អីវ៉ាន់​ចាប់ហួយ​គ្រប់មុខ​ដែល​លក់ដូរ​ក្នុងផ្ទះ​ទាំង​០៣​ល្វែង នៅ​មានទ្រព្យ​សម្បត្តិ​ទាំងអស់​ដែល​នៅ​ក្នុងផ្ទះ ក៏​បាន​ក្លាយជា​ផេះ​ដែរ មាន​តែ​ស្រូវ​ប្រហែល​១​តោន​ប៉ុណ្ណោះ​ដែល​រំដោះ​បាន ព្រោះ​វា​នៅ​ខាងក្រោយ​ផ្ទះ​។

គាត់​បាន​ប្រាប់​សមត្ថកិច្ច​ថា ម៉ូតូ​ចំនួន​០៣​គ្រឿង និង​ប្រាក់​ខ្មែរ​ចំនួន​៣០​លាន​រៀល ក៏​ត្រូវ​អគ្គិភ័យ​លេប​គ្មាន​សល់​ដែរ ហើយ​បើ​គិត​ពី​ការ​ខាតបង់ រួម​ទាំង​ផ្ទះ ទាំង​អីវ៉ាន់​ចាប់ហួយ និង​ទ្រព្យសម្បត្តិ​ដទៃ​ទៀត សរុប​ប្រហែល​ជិត​៦​ម៉ឺន​ដុល្លារ តែ​សំណាងល្អ​ដែល​មិន​គ្រោះថ្នាក់​ដល់​កូនចៅ​ធ្ងន់ធ្ងរ​ឡើយ​។

ទោះ​យ៉ាងណា បើ​តាម​លោក ទឹង ស៊ី​នឿ​ន បាន​បញ្ជាក់​ដែរ​ថា អគ្គិភ័យ​នេះ បាន​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​រង​របួសស្រាល រីឯ​ផ្ទះ​របស់​គាត់​ទាំង​០៣​ល្វែង​ក៏​បាន​ឆេះ​រាប​ដល់​ដី​តែ​ម្ដង​។ ពេល​នេះ​ទាំង​សមត្ថកិច្ច ទាំង​អាជ្ញាធរ​ដែនដី បាន​និង​កំពុង​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ជា​ថ្មី ដើម្បី​សួរនាំ និង​ធ្វើ​កំណត់ហេតុ​ជាក់លាក់​អំពី​ទ្រព្យសម្បត្តិ​ដែល​ខូចខាត ដោយសារ​អគ្គិភ័យ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ