ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស ច័ន្ទ​មាន និង​ឃី​ម បូ​រ៉ា សន្យា​បង្ក្រាប​ថៃ​នៅ​ព្រឹកខាន​ស្អែក​លើ​រេញ​ទូរទស្សន៍​អា​ស៊ីអាគ្នេយ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​៤ ធ្នូ ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កក្រើក​ទៀត​ហើយ​ដោយសារ​សមាសភាព​កីឡាករកម្ពុជា​២​រូប​គឺ មាស ច័ន្ទ​មាន និង ឃី​ម បូ​រ៉ា បាន​សន្យា​ថា​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​៤ ធ្នូ ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កក្រើក​ទៀត​ហើយ​ដោយសារ​សមាសភាព​កីឡាករកម្ពុជា​២​រូប​គឺ មាស ច័ន្ទ​មាន និង ឃី​ម បូ​រ៉ា បាន​សន្យា​ថា​នឹង​បំបាក់​ធ្មុង​កីឡាករ​ថៃ​ឱ្យ​បាន ខណៈ​កីឡាករ​ថៃ​ឯណោះ​វិញ ក៏​ប្រកាស​បែប​នេះ​ដូច​គ្នា និង​ថា​មាន​តែ​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ​ទើប​អាច​ដឹង​លទ្ធផល​ពិតប្រាកដ ។

ការ​ប្រកួត​រវាង​កីឡាករ​ទាំង​៤​រូប​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៨​ព្រឹក​ក្រោម​ការ​រៀបចំ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​មាន​អ្នក​ទស្សនា​កកកុញ​ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​នេះ ដំណើរការ​ចំ​ពេល​ថ្ងៃអាទិត្យ​ថ្ងៃ​សម្រាក ដែល​មាន​អ្នក​ទស្សនា​ច្រើន​ស្រាប់ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប​មាន​បំណង​ប៉ះ​គ្នា​យូរហើយ មុន​ពេល​មានការ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ​ឲ្យ​ពួក​គេ​ប្រកួត​គ្នា ។ លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថ្លែង​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់ ឃី​ម បូ​រ៉ា ដែល​ជា​ជើង​ខ្លាំង​មក​ពី​ខេត្តបន្ទាយមានជ័យ និង​ជ្រក​ក្នុង​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយ​មាន​ជ័យ ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាក​ថៃ​ឈ្មោះ​ណុំ សា​តឹក ក្នុង​នាម​ជា​គូ​បើក​ឆាក​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃអាទិត្យខាន​​ស្អែក ។

លោក​ថា កីឡាករ​កម្ពុជា​គូ​នេះ អាច​ចាត់​ទុក​ថា​ជា​ជំនួប​ជើង​ខ្លាំង​ប៉ះ​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក​ជឿជាក់​ទៅ​លើ​សមត្ថភាព​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​របស់​កីឡា​ករ​កម្ពុជា​រូប​នេះ ទើប​លោក​សម្រេចចិត្ត​ឱ្យ​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ខាងលើ បើ​ទោះជា​កីឡាករ​ថៃ​មាន​សមត្ថភាព​មិន​អាច​មើល​ស្រាល​ក្តី ។ លោក​និយាយ​ថា កីឡាករ​ថៃ​ខ្លាំង​ប៉ុន្តែ​លោក​នៅ​តែ​ទុកចិត្ត​លើ ឃី​ម បូ​រ៉ា បើ​ទោះជា​មួយ​រយៈ​មុនគេ​មិនសូវ​បាន​ឡើង​រេញ ដែល​បណ្ដាល​ឱ្យ​មានការ​ភ័យ​បារម្ភ​រឿង​ធ្លាក់ដៃ ។ លោក​ថា កីឡាករ​ថៃ​ណុំ សា​តឹក ធ្លាប់​ប្រកួត​៨៣​លើក ឈ្នះ​៦៥​លើក ចាញ់​១៧​លើក និង​ស្មើ​១​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​៩២​លើក ឈ្នះ​៧៨​លើក  ចាញ់​១២​លើក និង​ស្មើ​២​លើក ដែល​នេះ​គឺជា​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​កីឡាករ​ថៃ​ទើប​លោក​ទុកចិត្ត​ពី​ជ័យជម្នះ ក្នុង​ពេល​ដែល​កីឡាករ ឃី​ម បូ​រ៉ា ដែល​ជា​ជើងឯក​រង ក៏​សន្យា​មុន​ពេល​ផ្គូផ្គង​ថា នឹង​ប្រកួត​ឱ្យ​ឈ្នះ ។

សម្រាប់​កីឡាករ មាស ច័ន្ទ​មាន លោក ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​ឈ្មោះ​យ៉​ត សា​យ៉ា​ម នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នោះ​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល មាស ច័ន្ទ​មាន មានការ​ធ្លាក់ដៃ​ជាង​មុន ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​បាត់បង់​ទំនុកចិត្ត​អស់​មួយ​សន្ធឹក ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៨២​លើក ឈ្នះ​៦៧​លើក ចាញ់​១៤​លើក និង​ស្មើ​១​លើក រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​១១៧​លើក ឈ្នះ​៨៨​លើក ចាញ់​២៦​លើក និង​ស្មើ​៣​លើក ។ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​រសៀល​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​រវាង​កីឡាករ​ជើង​ខ្លាំង និង​ជើង​ខ្លាំង​ផង​ដែរ​៕